ភ្នំពេញៈ លោក ហ៊ុន ម៉ា​នី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ បាន​ជំរុញ​ឱ្យ​យុវជន​កម្ពុជា​ចេះ​ចាប់​ឱកាស​ខិតខំ​រៀនសូត្រ​ពី​មជ្ឈដ្ឋាន​ជុំវិញ​ក្នុង​ការកសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ដើម្បី​ធានា​កំណើន​​រយៈពេល​វែង​សម្រាប់​កម្ពុជា​។​


​ការលើកឡើង​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​វេទិកា​កម្ពុជា​ ៤.០ លើក​ទី ​១ ស្តីពី «​យុវជន ៤.០» ​កាលពី​ថ្ងៃទី ​១៩ ខែកញ្ញា ឆ្នាំ​ ២០២៣​។ នាឱកាស​នោះ លោក ហ៊ុន ម៉ា​នី បាន​លើកឡើងថា ការ​ចាប់យក​បច្ចេកវិទ្យា ពិត​ជាមាន​ភាពចាំបាច់ និង​ចំពេល​វេលា ស្របតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការកសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ដើម្បី​ធានា​កំណើន​រយៈពេល​វែង​សម្រាប់​កម្ពុជា​។​

​លោក​បន្តថា ជាមួយគ្នានេះ ការបន្ត​ជំរុញ​ពិពិធ​កម្ម​នៅក្នុង​គ្រប់​វិស័យ​អាទិភាព ពិសេស​លើ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង និង​ធានា​ចីរភាព​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន ឆ្ពោះទៅ​ការសម្រេចបាន​ចក្ខុវិស័យ​ឆ្នាំ​ ២០៣០ និង​ឆ្នាំ​ ២០៥០ ដែលមាន​ប្រជាជន​ជា​អាទិភាព​ចម្បង​បំផុត​។​


​ទន្ទឹមគ្នានេះ​លោក ហ៊ុន ម៉ា​នី ក៏បាន​ជំរុញ​ឱ្យ​យុវជន​កម្ពុជា ត្រូវ​ចេះ​ចាប់​ឱកាស​រៀនសូត្រ​ពី​ម​ជ្ឈ​ដ្ឋា​ន​ជុំវិញ តាមរយៈ​ការរៀន​ពីបទ​ពិសោធន៍​ក្នុង​ថ្នាក់ និង​ពី​ខាងក្រៅ ពី​បុគ្គល​ជោគជ័យ ពិសេស​ការរៀនសូត្រ​ពី​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​ជាដើម​។ ហេតុនេះ​តាម​រយៈ​ការចេះ​ចាប់​ឱកាស​រៀនសូត្រ​ពី​មជ្ឈដ្ឋាន​ជុំវិញ គឺជា​ទុន​ជំ​រុញឱ្យ​ទទួលបាន​ចំណេះដឹង​ថ្មីៗ សំដៅ​ជា​មូលដ្ឋានគ្រឹះ សម្រាប់​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​ផង​​ដែរ​។

​លោក ហ៊ុន ម៉ា​នី បញ្ជាក់ថា​៖ «​ចំណេះ​ជា​មូលដ្ឋាន ទោះ​វិស័យ​ណាក៏ដោយ​ដើម្បីឱ្យ​យើង​ទទួលបាន​ជោគជ័យ​ខ្វះ​ចំណេះ​គឺ​ទៅ​មិន​រួច​តែ​ប្រសិនបើ​មិនចេះ​ប្រើប្រាស់​ចំណេះ​ឱ្យស្រប​តាម​គោលដៅ​ដែល​ខ្លួនឯង​ចង់​ធ្វើ ក៏​អត់​បានដែរ​។ ដូច្នេះ​ចំណេះ​គឺ​ទាមទារ​ឱ្យមាន​ការរៀនសូត្រ​បន្ថែ​ម​ឱ្យបាន​ទូលំទូលាយ​ពី​គ្រប់​ម​ជ្ឈ​ដា្ឋ​ន​ទាំងអស់​»​។


ជាមួយគ្នានេះ​លោក​ក៏បាន​ស្នើ និង​ជំរុញ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​រួមគ្នា​ជំរុញ និង​ចូលរួម​គាំទ្រ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការកសាង​គ្រឹះ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ដើម្បី​ឈានទៅ​សម្រេចបាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​នៃ​ការអភិវឌ្ឍ​កម្ពុជា​។​

​នៅក្នុង​វេទិកា​នេះដែរ លោក តាន់ មុន្នី​វណ្ណ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​លើក​​ឡើង​ថា ក្នុង​បរិបទ​នេះ យុវជន​គួរតែ​រៀនសូត្រ​ពី​ជំនាញ​បច្ចេក​​វិទ្យា​ឌីជីថល​ព្រោះថា ការមិន​ចេះ និង​មិនបាន​ប្រើប្រាស់​ពី​បច្ចេក​​វិទ្យា​ឌីជីថល អាច​នឹង​ប្រឈម​ជាមួយនឹង​ការវិវឌ្ឍ​ថ្មីៗ​នៃ​ពិភព​​លោក​។

​លោក​ថា​៖«​បច្ចុប្បន្ន​មាន​ឧបករណ៍ និង​បច្ចេកវិទ្យា​ឌីជីថល គឺ​ដើរ​លឿន​ជាង​មនុស្ស​ទៅទៀត អ៊ីចឹង​ហើយ​ការចេះ​ប្រើប្រាស់​ឌីជីថល គឺ​សំខាន់ ដើម្បី​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន និង​អនាគត​។ ហេតុនេះ​ខ្ញុំ​សូម​ជំរុញ​ឱ្យ​យុវជន​ចេះ​ភាសា​អង់គ្លេស​ជា​ចាំបាច់​ធ្វើយ៉ាងណា​ត្រូវ​លុបបំបាត់​អក្ខរកម្ម​ឌីជីថល​ដូចគ្នា ហើយ​ប្អូនៗ​យុវជន ក៏ត្រូវ​​តែ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​លហើយ​ចែករំលែក​ទៅកាន់​មនុស្ស​ជុំវិញខ្លួន​ពី​រឿងនេះ​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត​»​។​

​យោងតាម​វេទិកា​កម្ពុជា ៤.០ លើក​ទី​១ ស្តីពី «​យុវជន ៤.០»​ នៅក្នុង​ឆ្នាំ​ ២០២៣ ចំនួន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទូទាំង​សកលលោក​បាន​កើនឡើង​ដល់ ៤,៩ ​ប៊ី​លាន​នាក់ ហើយ​ចំនួន​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​កើន​ដល់​ប្រមាណ​ជា ​៥,៨៥​ ប៊ី​លាន​នាក់​នៅ​ឆ្នាំ​ ២០២៧ ដែល​តួលេខ​នេះ​បានធ្វើឱ្យ​ការប្រកួតប្រជែង​រវាង​ថ្នាល​បណ្តាញ​សង្គម​កាន់​តែមាន​ភាពខ្លាំង​ឡើង​៕