ភ្នំពេញៈ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឱ្យដឹងថា ថ្នាក់ដឹកនាំក្រសួងកំពុងរៀបចំឯកសារដើម្បីចុះក្រមា និងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬមន្ទីរស-២១ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបី និងបញ្ជីបេតិកភណ្ឌស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ។
លោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមានល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីលោកស្រី ភឿង សកុណា ដឹកនាំប្រតិភូត្រឡប់ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្រោយទទួលបានជោគជ័យក្នុងការដាក់រមណីយដ្ឋានប្រាសាទកោះកេរចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
លោកថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានគោលនយោបាយ និងផែនការក្នុងការរៀបចំស្នើសុំចុះបញ្ជីប្រាង្គប្រាសាទផ្សេងៗទៀត ក៏ដូចជាវប្បធម៌អរូបីរបស់យើងទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។
លោក គង់ ពុទ្ធិកា បានបញ្ជាក់ថា ៖ «ខ្ញុំទទួលព័ត៌មានបានគឺ លោកជំទាវរដ្ឋមន្ត្រីកំពុងតែរៀបចំឯកសារដើម្បីស្នើសុំចុះបញ្ជីក្រមាទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីមួយដែរ ដែលនេះជាការរំពឹងទុករបស់យើង ហើយយើងនឹងខិតខំទៅមុខបន្ថែមទៀត»។
លោកបានបន្តថា ៖ «ក្រៅពីនោះទៀត លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ ក៏បានខិតខំប្រឹងប្រែងផងដែរនៅក្នុងការស្នើសុំការចុះបញ្ជីគុកទួលស្លែង ឬសារមន្ទីរស-២១របស់យើងនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូផងដែរ ដើម្បីឱ្យពិភពលោកចងចាំដែរថា អ្វីដែលកើតឡើងនៅកម្ពុជានេះគឺជាមេរៀនមួយដែលមិនត្រូវកើតមានឡើងនៅកន្លែងផ្សេងទៀតក្នុងពិភពលោក ហើយក្រៅពីនោះក៏អាចនឹងមានប្រាង្គប្រាសាទផ្សេងៗទៀតដែរដែលកំពុងធ្វើការសិក្សាដើម្បីស្នើសុំការចុះបញ្ជី»។
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២០ ខែកញ្ញាថា ក្រសួងវប្បធម៌ មានការយកចិត្តទុកដាក់មិនមែនតែលើប្រាសាទនោះទេ ប៉ុន្តែក្រសួងក៏យកចិត្តទុកដាក់ទៅលើមនុស្សនៅទូទាំងពិភពលោកឱ្យយល់ដឹងពីដំណើរនៃការវិវត្តសកម្មភាពប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែរ។
លោកបន្តថា សារមន្ទីរស-២១ ជាកន្លែង១ ដែលឱ្យមនុស្សគ្រប់គ្នាមានការចងចាំ ដើម្បីចៀសវាងនូវវិបត្តិច្រំដែលនៅក្នុងប្រវត្តិសាស្ត្រ ហើយក៏ធ្វើឱ្យមនុស្សទាំងអស់ ត្រូវមានការយល់ដឹង និងសិក្សារៀនសូត្រពីជំនាន់១ទៅជំនាន់១ សម្រាប់បង្ការនូវវិបត្តិដែលកើតឡើងនៅក្នុងប្រវត្តិសាស្ត្រកន្លងមកកុំឱ្យមកបង្កហានិភ័យដល់ជីវិតនាបច្ចុប្បន្ននេះ។
លោក សំបូរ មាណ្ណារ៉ា ថ្លែងថា៖ «សារមន្ទីរស-២១ ជាផ្ទាំងរូបនៃដំណើរវិវត្តនៅក្នុងប្រវត្តិកាល សម្រាប់ឱ្យមនុស្សនៅក្នុងពិភពលោកដឹងថា ការប្រព្រឹត្តអាក្រក់ និងការពិចារណាមិនត្រឹមត្រូវរបស់អ្នកដឹកនាំ និងការទទួលយកមនោគមន៍វិជ្ជាមិនច្បាស់លាស់ វានាំឱ្យមានផលវិបាកដល់សង្គមជាតិ និងទារុណកម្មឬសោកនាដកម្មដែលយើងធ្លាប់ដឹង»។
លោកថា ៖ «អ៊ីចឹង! ការដាក់ក្នុងបញ្ជីហ្នឹងហើយ គឺទទួលបានផលប្រយោជន៍ ការពារពិភពលោក បើកាលណាយើងចងចាំបាន គឺមិនមែនការពារតែខ្មែរនោះទេ គឺការពារមនុស្សទូទៅនៅក្នុងពិភពលោក»។
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ ក៏បានសាទរផងដែរនូវគម្រោង និងផែនការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការដាក់ក្រមាខ្មែរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបី។
លោកបានថ្លែងថា ៖ «វាពិតជាស័ក្តិសមខ្លាំងណាស់ ពីព្រោះប្រវត្តិនៃក្រមានេះ ជាអត្តសញ្ញាណរបស់ជនជាតិខ្មែរ ដែលត្បាញឡើងនូវលក្ខខណ្ឌនៃការបង្កើតទស្សនៈនៃការអប់រំសម្រាប់ប្រពៃណី វប្បធម៌ ចំណេះដឹងពីដំណើរវិវត្តន៍នៃគំនិតជាដើម»។
លោកសំបូរ មាណ្ណារ៉ា បន្ថែមថា ដំណើរវិវត្តន៍នៃគំនិតនេះ គឺការបង្កើតសម្រាប់ឱ្យប្រជាពលរដ្ឋខ្មែរបានស្គាល់ពីតម្លៃនៃការប្រើប្រាស់ក្រមា តម្លៃពីការត្បាញក្រមា និងតម្លៃនៃការបង្កើតសិប្បកម្មក្រមា៕