កណ្តាលៈ កម្មករ​រោង​ចក្រ​រង​របួស​ធ្ងន់​-​ស្រាល​ជាង ២០ នាក់ ក្នុង​ចំណោម​កម្មករ​សរុប​ចំនួន ៤៤​ នាក់ នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​រវាង​ឡាន​ដឹក​កម្មករ​រោង​ចក្រ​ ប៉ះ​ជា​មួយ​ឡាន​ធុន​​តូច​ ដែល​ករណី​នេះថ្នាក់​ដឹកនាំ​​ស​ហជីព​សំណូម​ពរ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ត្រូវមាន​វិធានការ​​ជា​បន្ទាន់​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​រថយន្ត​ដឹក​កម្មករ​។


​លោក ឈឿន​ ​សុចិត្ត​ ស្នង​ការ​​នគរ​បាល​​ខេត្ត​​កណ្ដាល​ បាន​ឱ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​ឡាន​ដឹក​ក​ម្មករ​រោង​ចក្រ​និងឡានតូច​​ប្រភេទ​កាម​រី បាន​កើត​ឡើង​នៅព្រឹកថ្ងៃទី២០កញ្ញា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤៤ ក្នុង​ទឹក​ដី​ស្រុក​អ​ង្គ​ស្នួល ក្នុង​ឃុំ​សំរោង​លើ​ ខេត្ត​កណ្តាល។

លោកថា ​មូលហេ​តុ​នៃគ្រោះ​​ថ្នាក់ច​រាចរណ៍​នេះ គឺ​កើត​ឡើង​ដោយ​សារ​ការ​ធ្វេស​ប្រហែស​របស់​អ្នក​បើក​បរ​ឡានតូច​ នៅ​ពេល​បើក​បត់​ឆ្លង​កាត់​ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បណ្ដាល​ឱ្យឡា​ន​ដឹកកម្មកររោង​ចក្រ​បើក​​បុក​ពី​ក្រោយ​។ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះបាន​បណ្ដាល​ឱ្យ​កម្ម​ករ​រង​របួស​ធ្ងន់​​ស្រា​ល​ចំនួន ២៣​នាក់ ក្នុង​នោះ​មាន​កម្មករ​ចំនួន ៣​នាក់ បាន​រង​របួសធ្ង​ន់ តែ​​មិន​មាន​អ្នក​​ស្លា​​ប់​នោះ​​ទេ​។


លោក ឈឿន​ ​សុចិត្ត បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន​នេះ កម្មករ​ដែល​រង​របួស​ធ្ងន់​​ ស្រាល​ចំនួន ២៣​នាក់​នេះ កំ​ពុង​សម្រាក​​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​ឯក​ជន​ដែល​ជា​ដៃ​គូ​បេឡាជាតិរបបសន្តិសុខសង្គម​ និង​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុក​»​។

​​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បានប្រាប់​​​​ឱ្យដឹងដែរ​ថា យោង​តាម​ព័ត៌មាន​ពី​ស​ហជីព​មូល​ដ្ឋាន ឡាន​ដែល​ដឹក​កម្មករ ដែល​ជួប​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍នេះ​ មាន​កម្មករ​សរុបចំ​នួន ៤៤​នាក់ ក្នុង​នោះ​​​អ្នក​រង​របួសក៏​​មាន​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ចំនួន​ម្នាក់​ផង​ដែរ​។


ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍លើ​កម្មករ​​​នេះ ​​ជា​ជំងឺ​រ៉ាំ​រ៉ៃ​មួយ ដែល​ហាក់​បីដូច​ជា​​មិន​អាច​មា​ន​វិធាន​ការ​ណា​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា​នៅឡើយ​ទេ ខណៈ​ដែល​បញ្ហា​​នេះ ទាម​ទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​។

លោក ប៉ាវ ស៊ីណា ថ្លែងថា៖ «​ខ្ញុំ​សំណូម​ពរ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ ត្រូវ​ត្រួត​ពិនិត្យ​មើល​ទៅ​លើ​រថយន្ត​ដែល​ដឹក​កម្មករ​ពីព្រោះ​ភាគ​ច្រើន​រថយន្ត​ដែល​កម្មករ​ប្រើ​ប្រាស់វា​ជា​ប្រភេទ​រថយន្ត​ដែល​ដឹក​ទំនិញ មិន​មែន​ជា​ប្រ​ភេ​ទ​រថយន្ត​សម្រាប់​ដឹក​មនុស្ស​នោះ​ទេ ដូច្នេះ​ហើយ​ភាគី​ពាក់​ព័ន្ធ​ត្រូវ​តែ​ជំរុញ​ឱ្យ​អ្នក​ប្រកប​មុខ​របរ​ដឹក​ជញ្ជូ​ន​កម្មករ ធ្វើ​ការ​ពិចារណា​ផ្លាស់​ប្ដូរ​មធ្យោ​បាយ​ធ្វើ​ដំណើរ​ណា​ដែល​ប្រកប​ដោយ​សុវត្ថិ​ភាព​»​។

លោក​ក៏បាន​​​ស្នើ​ឱ្យ​គណៈ​កម្មាធិការ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍ មាន​ការ​ពិនិត្យ និង​តាម​ដាន​អ្នក​បើក​បរ​រ​ថយន្ត ជា​ពិសេស​គឺ​ចុះ​បង្រៀន​ដល់​អ្នក​បើក​បរ​រថយន្ត​ទាំង​នោះ​បន្ថែម​ទៀត​ ពីព្រោះ​ការ​បើក​បរ​បស់​អ្នក​ប្រ​កប​របរ​ដឹក​ជញ្ជូន​កម្មករ​ភាគ​ច្រើន ​​​ចេះ​មក​ពី​ការ​រៀន​តៗ​គ្នា ដែល​គ្មាន​មូល​ដ្ឋាន​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ច្បាស់​លាស់​នោះ​ទេ​។

យោង​តាម​របាយ​ការណ៍​របស់​ក្រុម​ការ​ងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​សម្រាប់​គាំ​ពារ​កម្មករ​និយោ​ជិត ក្នុងឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ច​រាចរ​ណ៍ផ្លូវ​គោក​កើត​ឡើ​ង​លើ​កម្ម​ក​រនិ​យោ​ជិត​ស​រុប​ចំ​នួ​ន​ ​៥​ ​១៥​៨​ក​រ​ណី​ ដែ​​ល​ប​ណ្តា​ល​​​ឱ្យក​ម្ម​ករ​​​ស្លា​ប់ចំ​នួន​ ​១៥​៦នា​ក់​ ​​របួ​ស​ធ្ងន់​ចំ​នួ​ន១​ ៦​២​៤នា​ក់​ និ​ង​រ​បួស​ស្រា​លចំ​នួន​៤ ២​៧១នាក់៕​