ភ្នំពេញៈ អាស៊ាន និង​ប៉ា​គី​ស្ថាន​ បាន​ព្រមព្រៀងគ្នា​ក្នុងការ​បន្ត​ជំរុញ​ភាពជា​ដៃគូ​ឱ្យ​កាន់តែ​រឹងមាំ​ដោយ​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​ និង​រំពឹងថា កិច្ចខិតខំ​ប្រឹងប្រែង​នេះ​នឹង​ផ្តល់​លទ្ធផល​ជាក់ស្តែង​សម្រាប់​ភាគី​ទាំង​ ២​។​


​ការព្រមព្រៀង​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កិច្ចសហប្រតិបត្តិការ​តាម​វិស័យ​រួម​អាស៊ាន​-ប៉ា​គី​ស្ថាន​លើក​ទី​៧ នៅ​លេខាធិការដ្ឋាន​អាស៊ាន​កាលពី​ថ្ងៃទី ​១៨ ខែកញ្ញា នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​​ឥណ្ឌូនេស៊ី​។​

​លេខាធិការដ្ឋាន​អាស៊ាន​បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖ «​ភាគី​ទាំង​ ២​ បាន​ព្រម​ព្រៀង​ក្នុង​ការជំរុញ​ភាពជា​ដៃគូ​របស់ខ្លួន​ឱ្យ​កាន់តែ​រឹងមាំ​ដោយ​ពង្រឹង​បន្ថែមទៀត​នូវ​សកម្ម​ភាព​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញ​-​ទៅមក ដែលនាំឱ្យ​មាន​លទ្ធ​ផល​ជាក់ស្តែង​»​។​


​កិច្ចប្រជុំ​នេះ​បាន​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ភាពជា​ដៃគូ​សន្ទនា​តាម​វិស័យ​អាស៊ាន​-​ប៉ា​គី​ស្ថាន ដែល​រួមមាន​វិស័យ​សហប្រតិបត្តិការ​ឆ្នាំ ​២០១៩-២០២១ ដែល​ត្រូវបាន​ពង្រីក​រហូតដល់​ឆ្នាំ​ ២០២៣»​។ ​ក្នុងចំណោម​សកម្មភាព​ដែល​បាន​អនុវត្ត កិច្ចប្រជុំ​បាន​កត់​សម្គាល់​នូវ​ការអនុវត្ត​ប្រកប​ដោយ​ជោគជ័យ​នៃ​សន្និសីទ​ធុរកិច្ច​អាស៊ាន​-​ប៉ា​គី​ស្ថាន​កាល​ពី​ខែសីហា ឆ្នាំ​ ២០២៣ ដែលមាន​កិច្ចប្រជុំ​ក្នុងចំណោម​អ្នក​ធ្វើ​ធុរកិច្ច​ចំនួន ​៤០០​ កិច្ចប្រជុំ ត្រូវបាន​រៀបចំឡើង ហើយ​ឈានទៅដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​រវាង​ក្រុមហ៊ុន និង​សហ​គ្រាស​ខ្នាតតូច និង​មធ្យម​ក្នុង​តំបន់​អាស៊ាន និង​ប៉ា​គី​ស្ថាន​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​។​

​កិច្ច​ប្រជុំបាន​ពិភាក្សា​លើ​វិស័យ​មួយចំនួន​នៃ​កិច្ច​សហ​ប្រតិបត្តិការ​នាពេល​អនាគត​លើ​សសរស្តម្ភ​ទាំង​ ៣​ នៃ​សហគមន៍​អាស៊ាន​។ ពាក់ព័ន្ធ​វិស័យ​នយោបាយ កិច្ចប្រជុំ​នេះ​ទន្ទឹង​រង់ចាំ​ការពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តិ​កា​រលើ​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម អំពើហិង្សា​ជ្រុល​និយម សកម្មភាព​ជ្រុលនិយម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។​


​ចំពោះ​វិស័យសេដ្ឋកិច្ច កិច្ច​ប្រជុំបាន​ទន្ទឹងរង់ចាំ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​សេដ្ឋកិច្ច​ឌីជីថល ការភ្ជាប់​បណ្តាញ​ទំនាក់ទំនង​រវាង​រដ្ឋ និង​ឯកជន និង​រវាង​អាជីវកម្ម និង​អាជីវកម្ម សន្តិសុខ​ស្បៀង ទេសចរណ៍ ការដឹកជញ្ជូន វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង និង​គយ និង​វិស័យ​ផ្សេងទៀត​។​

​រីឯ​វិស័យ​សង្គម​វប្បធម៌ កិច្ច​​ប្រជុំបាន​ស្វះស្វែង​រក​កិច្ច​សហ​ប្រតិបត្តិការ​ក្នុងការ​គ្រប់គ្រង​គ្រោះមហន្តរាយ ការប្រែប្រួល​អាកាសធាតុ ការផ្តល់​សិទ្ធិ​អំ​ណា​ច​ដល់​ស្ត្រី ការអប់រំ ការ​អភិវឌ្ឍ​ធនធានមនុស្ស វប្បធម៌ ការផ្សព្វផ្សាយ​ព័ត៌មាន សុខភាព​សាធារណៈ ការប្រែប្រួល​អាកាសធាតុ និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​។​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា កិច្ច​ប្រជុំបាន​ស្វាគមន៍​កិច្ចសហប្រតិបត្តិការ និង​ការ​គាំ​​ទ្រ​ដ៏​មាន​សក្តានុពល​ក្នុង​ការតភ្ជាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការ​បង្រួម​គម្លាត​នៃ​ការអភិវឌ្ឍ និង​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន​។​

​ភាគី​ទាំង​ ២​ ក៏បាន​ឯកភាពគ្នា​ក្នុងការ​រៀបចំ​កិច្ច​សហប្រតិបត្តិ​​កា​រលើ​វិស័យ​ជាក់លាក់​រវាង​អាស៊ាន​-​ប៉ា​គី​ស្ថាន​ សម្រាប់​ឆ្នាំ ២០២៤-២០២៨ ដែល​នឹង​ក្លាយជា​ក្របខ័ណ្ឌ និង​ការ​ណែ​នាំ​ជាក់លាក់​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​រួម និង​អាទិ​ភាព​ដែល​ស្របគ្នា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​តំណាង​នៃ​លេខាធិការដ្ឋាន​អាស៊ាន ក្រសួងការបរទេស​ប៉ា​គី​ស្ថាន ព្រមទាំង​សមាជិក​នៃ​គណៈកម្មាធិការ​តំណាង​អចិ​ន្រៃ្ត​យ៍​ប្រចាំ​អាស៊ាន និង​គណៈ​ប្រតិភូ​នៃ​ភាគី​ទាំង​ ២ និង​តំណាង​មកពី​ប្រទេស​ទី​ម័​រ​ខាង​កើតជា​អ្នកសង្កេតការណ៍​៕