​ភ្នំពេញៈ គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី ​២០ ខែកញ្ញា បាន​ប្រជុំពិភាក្សា​និង​អនុម័ត​របាយការណ៍ វឌ្ឍនភាព​នៃ​ការរៀបចំ​យន្ត​ ការអនុវត្ត​គោលនយោបាយ​អាទិភាព​ទាំង​ ៦ សម្រាប់​ប្រកាស​អនុវត្ត​មុន​ដំណាច់ឆ្នាំ​ ២០២៣ ដែលជា​គោលនយោបាយ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​លើកស្ទួយ​សង្គម​សេដ្ឋកិច្ច​នៅ​កម្ពុជា ត្រូវធ្វើ​សកម្មភាព​ឱ្យបាន​សម្រេច​លទ្ធ​ផល​ជាក់ស្តែង​តាម​ការសន្យា​មុនពេល​បោះឆ្នោត​។​


​លោក​ ប៉ែន បូ​ណា អ្នក​នាំ​​ពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែង​សារ​តាមរយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា​៖ «​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត គឺជា​រាជរដ្ឋាភិបាល​កំណែទម្រង់​និង​គាំពារ​ប្រជាពលរដ្ឋ​។ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​ដល់​អង្គ​គណៈរដ្ឋមន្ត្រី​ថា ពេលនេះ​ជា​ពេលដែល​យើងទាំងអស់គ្នា​ត្រូវធ្វើ​សកម្មភាព​ឱ្យបាន​សម្រេច​លទ្ធផល​ជាក់ស្តែង​តាម​ការសន្យា​ពោលគឺ​មិនមែន​និយាយ​ហើយ តែ​ធ្វើ​មិនបាន​នោះឡើយ​»​។​

​លោក បូ​ណា ថ្លែងថា សេចក្តី​​ព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​(​ឆ្នាំ​២០២៣-២០២៨) ដែល​មានចែង​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដែរនោះ​ក៏​ត្រូវបាន​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​លើក​ទី២ លើក​យកមក​ពិភាក្សា និង​អនុម័ត​។ សេចក្តីព្រាង​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​កែទម្រង់​រដ្ឋ​បាល​សាធារណៈ និង​សេចក្តី​​ព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រសួង​មុខងារសាធារណៈ​ដែលជា​ស្នូល​នៃ​កំណែទម្រង់​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ក៏​ត្រូវបាន​ពិភាក្សា​និង​អនុម័ត​រួចរាល់​ដែរ​។​


​លោក​បាន​បញ្ជាក់ថា រាជ​​រដ្ឋាភិបាល​នីតិកាល​ទី​៧ ​នៃ​រដ្ឋ​សភា​ដឹកនាំ​ដោយ​លោក ហ៊ុន​ ម៉ា​ណែ​ត គឺជា​រាជរដ្ឋាភិបាល​កំណែទម្រង់ និង​ជា​រាជ​រដ្ឋា​ភិ​បាល​ដែល​ធ្វើ​សកម្មភាព​ភ្លាមៗ លឿន​រហ័ស ដោយ​ផ្តោត​សំខាន់​លើ​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ គាំពារ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​ទទួលបាន​ផល​មុនគេ​។​

​លោក ប៉ា ចន្ទ​រឿន នាយក​​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជា​ធិ​ប​តេ​យ្យ​កម្ពុជា ប្រាប់​ឱ្យដឹងថា ការ​ណែនាំ​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត នេះ គឺជា​រឿង​ល្អ ដើម្បី​ពញ្ញាក់​ស្មារតី​ឱ្យ​មន្ត្រី​ដែល​ទទួល​ភារកិច្ច និង​មាន​តួនាទី​នៅក្នុង​ក្រសួង​ស្ថាប័ន និង​តាម​ផ្នែក​នីមួយៗ​យកចិត្តទុកដាក់​លើ​ការធ្វើការងារ​ឱ្យ​ទទួលបាន​លទ្ធផល​។ វា​ក៏​ជាការ​ឆ្លុះ​​បញ្ចាំង​ពី​ការព្រួយបារម្ភ​របស់លោក​នាយករដ្ឋមន្ត្រី ចំពោះ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៃ​ការអនុវត្ត​ការងារ​របស់​មន្ត្រី​​មួយចំនួន​ផងដែរ​។​


​លោក ប៉ា ចន្ទ​រឿន បាន​ថ្លែងថា​៖ «​នេះ​មិនមែនជា​រឿង​ថ្មី​សម្រាប់​កម្ពុជា​ទេ វា​មាន​យូរណាស់​មកហើយ បើសិនជា​រដ្ឋាភិបាល​អាណ​ត្តិ​ថ្មី​ដែល​ដឹកនាំ​ដោយ​អ្នកនយោបាយ​ជំនាន់​ថ្មី​នេះ​បង្កើន​ប្រសិទ្ធភាព​អភិបាលកិច្ច​របស់ខ្លួន ឱ្យបាន​ទាំង​បរិមាណ និង​គុណភាព ខ្ញុំ​ជឿថា វា​អាចធ្វើឱ្យ​ស្ថាប័ន​សា​​ធា​រណៈ​មាន​ភាពរឹងមាំ ​១ ​កម្រិត​ទៀត​នឹង​ធ្វើឱ្យ​ការផ្តល់សេវា​បញ្ជូន​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ល្អ ​១ ​ផ្នែក​ទៀតផង​ដែរ​»​។​

​លោក យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា រដ្ឋាភិបាល​ត្រូវតែមាន​ភារកិច្ច​អនុវត្ត​នូវ​កម្មវិធី​នយោបាយ​ដូចដែល​ខ្លួន​បាន​សន្យា​មុនពេល​បោះឆ្នោត ក៏​ដូច​ជា​នៅក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ផងដែរ​។ បើសិន​ក្រោយ​បោះឆ្នោត​ហើយ រាជរដ្ឋាភិបាល​មិនបាន​បំពេញ​តាម​តម្រូវការ ឬ​តាម​ការសន្យា​ដូច​មុនពេល​បោះឆ្នោត​ទេ នឹងធ្វើ​ឱ្យមាន​ផល​លំបាក​។​

​លោក​បញ្ជាក់ថា​៖ «​មាន​ផល​លំបាក​នេះ គឺ​ប្រជាពលរដ្ឋ​នឹង​ដក​សេចក្តីទុកចិត្ត​សម្រាប់​ការ​បោះឆ្នោត នៅ​អាណត្តិ​ក្រោយ​ទៀត ជាពិសេស​នឹងធ្វើ​ឱ្យ​គោល​នយោបាយ​របស់ខ្លួន​ប​រា​ជ័យ បើសិនជា​មិនបាន​អនុវត្ត​ទៅតាម​ការសន្យា​របស់ខ្លួន​។ គេ​មើលឃើញថា រាជរដ្ឋាភិបាល​អាណត្តិ​នេះ មាន​សម្ទុះ​ខ្លាំង ដោយសារ​តែមាន​ក្រុមយុវជន​មាន​ថាមពល​ខ្លាំង តែ​ផ្ទុយទៅវិញ បើ​ធ្វើ​មិនបាន នឹងធ្វើ​ឱ្យមាន​ការកត់សម្គាល់ និង​អ្នកតាមដាន​ផ្សេងៗ​ទៀត​។ ដូច្នេះ មាន​ភាពចាំបាច់​ត្រូវធ្វើ​ឱ្យបាន​តាម​ការសន្យា​របស់ខ្លួន​»៕