​ភ្នំពេញៈ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នៅក្នុង​កិច្ចពិភាក្សា​ការងារ​ជាមួយ​ក្រុម​ហ៊ុន Nishida Barley Processing កាលពី​ថ្ងៃទី​ ១៩​ កញ្ញា ឆ្នាំ ​២០២៣ ​បាន​ប្រាប់​ក្រុមហ៊ុន​ថា បើ​ក្រុមហ៊ុន​ចង់​ជំរុញ​ឱ្យ​ក​សិ​ករ​ដាំ​ដុះ​ដំណាំ​ប្រភេទ​ថ្មី​លុះ​ត្រាតែ​ក្រុមហ៊ុន​អាច​ធានា​ឱ្យបាន​នូវ​និរន្តរភាព​នៃ​ទីផ្សារ​ធំ​ទូលំទូលាយ និង​អាច​ផ្តល់​ប្រាក់ចំណេញ​យូរអង្វែង​។


​ដំណាំ​ថ្មី​ដែល​ក្រុមហ៊ុន Nishida Barley Processing មាន​គោលបំណង​ជំរុញ​ឱ្យ​កសិករ​ធ្វើ​ការដាំដុះ​នោះ​គឺ​ «​ដំណាំ​ស្គួយ ​Barley» ដោយ​ក្រុមហ៊ុន​ចង់​ដាំ​ដំណាំ​នេះ ដើម្បី​ធ្វើការ​កែច្នៃ​នាំ​ចេញទៅ​ប្រទេស​ជប៉ុន​។ យោងតាម​ការប្រកាស​ឱ្យដឹង​របស់​ក្រសួងកសិកម្ម លោក​រដ្ឋ​​មន្ត្រី​បាន​ណែនាំ​ថា អាទិភាព​នៃ​ការអភិវឌ្ឍ​កសិកម្ម​នៅ​កម្ពុជា គឺ​ជំរុញ​កសិផល​ដែលមាន​សក្តា​នុព​ល និង​មាន​ទីផ្សារ​ស្រាប់ ម្បី​ធ្វើឱ្យ​កសិករ​មាន​ប្រាក់​ចំណូល និង​មាន​ជីវភាព​ល្អ​

​ប្រសើរ​ជាង​មុន​។


​កម្ពុ​ជាមាន​ភាពខ្លាំងរ​បស់​ខ្លួន​លើ​ដំណាក់​កាល ផលិតកម្ម និង​ការដាំដុះ​នៃ​ចង្វាក់​ផលិតកម្ម តែ​នៅ​ត្រូវ​​ការចាំបាច់​ច្រើន​នូវ​ការវិនិយោគ​លើ​ការកែច្នៃ​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ ជាពិសេស​សម្រាប់​ទីផ្សារ​នាំចេញ​។​

​លោក​បាន​លើកឡើងថា​៖ «​បើ​ចង់​ជំរុញ​ឱ្យ​កសិករ​ដាំ​ដុះ​ដំណាំ​ប្រភេទ​ថ្មី ចាប់យក​ទីផ្សារ​ថ្មី បង្កើត​ចង្វាក់​ផលិតកម្ម​ថ្មី លុះត្រាតែ​ក្រុមហ៊ុន​អាច​ធានា​ឱ្យបាន​និរន្តរភាព​នៃ​ទីផ្សារ​ធំ​​ទូលំទូលាយ និង​អាច​ផ្តល់ប្រាក់​ចំណេញ​យូរអង្វែង ទើប​មានការ​ចូលរួម​ពី​កសិករ​។ ទោះជា​យ៉ាងណា ក្រសួងកសិកម្ម នៅតែ​ផ្តល់​ការសហការ​គាំទ្រ និង​សិក្សា​បន្តទៀត​សម្រាប់​ការ​វិ​និ​យោគ​ដំណាំ​កសិកម្ម​ថ្មីៗ​នៅ​កម្ពុជា​»​។​


​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជាយល់​ឃើញថា រាល់​ការវិនិយោគ​លើ​វិស័យ​កសិកម្ម ជាពិសេស​ការ​ដាំ​ដុះ​ដំណាំ​ថ្មីៗ វិនិយោគិន​គួរ​សិក្សា​ឱ្យបាន​ច្បាស់លាស់ ពី​តំបន់​ដែល​ចង់​ដាំ​ដុះ​បញ្ហា​ទីផ្សារ និង​បច្ចេកទេស​ជាដើម ដើម្បី​កុំឱ្យ​នៅពេលដែល​ជំរុញ​ឱ្យ​ក​សិ​ករ ដាំ​ដុះ​រួចហើយ​បែរជា​គ្មាន​ទីផ្សារ​ទៅវិញ​។ លោក​បន្ថែមថា ដំណាំ​ស្គួយ Barley នេះ មិន​ធ្លាប់មាន​ការដាំដុះ​នៅ​កម្ពុជា​នោះទេ​ពីមុនមក ដូចនេះ​បើសិន​ជា​ក្រុមហ៊ុន​ចង់​ដាំ​ដុះ ត្រូវមាន​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ ជា​ពិ​​សេស​ការបណ្តុះបណ្តាល​ដ​ល់​កសិករ​។

​លោក​បាន​បញ្ជាក់ថា​៖ «​ដោយសារ​កម្ពុជា មាន​ស្ថាន​ភាព​ភូមិសាស្ត្រ ដី​មាន​ជីជាតិ និង​មាន​អាកាសធាតុ​អំណោយ ទើប​វិនិយោគិន​បរទេស ចាប់​អារម្មណ៍​លើ​ការដាំដុះ​ដំណាំ​ថ្មីៗ ដែល​ស័ក្តិសម​នឹង​អាកាសធាតុ​នៅ​កម្ពុជា​។ តែ​ខ្ញុំ​យល់ថា ក្រុម​​ហ៊ុន​ក៏​គួរ​សិក្សា​ឱ្យបាន​លម្អិត មុននឹង​ធ្វើការ​វិនិយោគ​ផងដែរ​។​

​យោងតាម​គេហទំព័រ​សុខភាព Health line បានឱ្យដឹងថា Barley ជា​ប្រភេទ​ស្មៅ​ម្យ៉ាង ឬក៏​គ្រាប់​ធញ្ញជាតិ​ដ៏​សំខាន់​មួយ​ដែល​ត្រូវបាន​ដាំ​ដុះ​នៅក្នុង​អា​កាស​ធាតុ​ក្តៅ​នៅ​ទូទាំង​ពិភព​លោក​។ វា​ជា​គ្រាប់​ធញ្ញជាតិ​មួយ​ក្នុងចំណោម​គ្រាប់​ធ​ញ្ញ​តិ​ដែល​គេ​ដាំ​ដុះ​ដំបូង​គេ ជា​ពិសេស​នៅ​តំបន់​អឺ​រ៉ា​សៀ តាំង​ពី​រាប់ពាន់​ឆ្នាំមុន​។ គ្រាប់​ធ​ញ្ញ​ជាតិ ប្រភេទ​នេះ ជា​ប្រភព​នៃ​សារធាតុចិញ្ចឹម​ដែល​ល្អ សម្រាប់​សុខភាព ដោយសារ barley មាន​ជាតិ​សរសៃ​ច្រើន ហើយ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវឌ្ឍ​ទៅជា​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​ធាត់​៕