ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី ២០ ខែកញ្ញា បានសម្រេចបញ្ចុះថ្លៃអគ្គិសនីដល់ផ្នែកឧស្សាហកម្ម និងកសិកម្មដើម្បីពង្រីកផលិតកម្មរោងចក្រ និងសហគ្រាសសម្រាប់ផ្នែកទាំង ២ នេះ និងដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។
ការសម្រេចបែបនេះ ធ្វើឡើង ១ ថ្ងៃ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញក្រសួងនេះឱ្យបញ្ចុះថ្លៃអគ្គិសនីក្នុងវិស័យផលិតកម្មដើម្បីជំរុញផលិតភាពនៅក្នុងស្រុក ចំពេលមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
ក្រសួងបញ្ជាក់ថា ការបញ្ចុះថ្លៃអគ្គិសនីគឺធ្វើឡើងចំពោះបរិមាណអគ្គិសនីដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ទូទាំងប្រទេស ដែលរួមមានអ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លៃមធ្យមតាមពេលវេលា និងតាមអានុភាព និងមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយបណ្ដាញជាតិ ដែលបានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែនៃការប្រើប្រាស់ ៦ ខែចុងក្រោយ។
ក្រសួងបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «បញ្ចុះអត្រាថ្លៃចំនួន ១០ ភាគរយ សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ចដល់ថៃ្ងសៅរ៍ ចន្លោះម៉ោងពី ៧ ព្រឹក ដល់ម៉ោង ៩ យប់។ បញ្ចុះអត្រាថ្លៃចំនួន ២០ ភាគរយសម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថៃ្ងសៅរ៍ ចន្លោះម៉ោងពី ៩ យប់ ដល់ម៉ោង ៧ ព្រឹក និង ២៤ ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ»។
ក្រសួងបានបន្ថែមទៀតថា៖ «រយៈពេលអនុគ្រោះថ្លៃដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ខាងលើ មានរយៈពេល ៣ ខែ ចាប់ពីខែតុលាដល់ខែធ្នូ ឆ្នាំ ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន ៣០ ថ្ងៃតាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា»។
ក្រសួងបញ្ជាក់ថា អ្នកប្រើប្រាស់អគ្គិសនីក្នុងផ្នែកទាំង ២ នេះដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ហើយដែលយល់ថា ខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្លៃនេះ ត្រូវដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន។
ក្រសួងបន្តថា ការផ្តល់ថ្លៃអនុគ្រោះនេះមិនសំដៅទៅលើស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម និងលំនៅឋានទេ ដោយអ្នកប្រើប្រាស់ក្នុងជំពូកនេះ កំពុងត្រូវបានអគ្គិសនីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាជួយឧបត្ថម្ភធនរួចហើយ។
ថ្លែងក្នុងពិធីចុះពិនិត្យរោងចក្រកាត់ដេរ នៅខេត្តតាកែវ កាលពីថ្ងៃទី ១៩ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិស័យឯកជនកំពុងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិស្របពេលរាជរដ្ឋាភិបាលកំពុងធ្វើការជាមួយពួកគេដើម្បីសម្រួលដល់ការរីកលូតលាស់របស់ពួកគេ និងបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋ។
លោកបានថ្លែងថា៖ «ល្ងាចមិញ [ថ្ងៃទី ១៨] ខ្ញុំបានឱ្យឯកឧត្តម កែវ រតនៈ ពិនិត្យមើលលទ្ធភាពអាចសាកល្បងនៅក្នុង ៣ ខែនេះ ជាពិសេសចុងឆ្នាំនេះយើងអាចពិនិត្យមើលក្នុងការផលិតនៅក្នុងការអនុគ្រោះថ្លៃអគ្គិសនីកម្រិតណាមួយសម្រាប់សហគ្រាស ប្រសិនបើមិនបានគ្រប់សហគ្រាស ក៏បានខ្លះ ពិសេសសហគ្រាសវិស័យឧស្សាហកម្ម និងកសិកម្មដែលផលិតច្រើន និងប្រើថាមពលច្រើន។ ដូច្នេះបើសិនថ្លៃភ្លើងថោកពួកគាត់នឹងពង្រីកផលិតកម្មថែមទៀត។ ឱ្យតែពួកគាត់ពង្រីក (ផលិតកម្ម) ច្រើន នាំចេញច្រើននោះនឹងបង្កើតការងារថែមទៀតជូនប្រជាពលរដ្ឋ»។
យោងតាមលោក កែវ រតនៈ ដែលមានវត្តមានក្នុងពិធីនោះដែរបានឆ្លើយតបទៅលោកនាយករដ្ឋមន្ត្រីថា តាមអ្វីដែលលោកបានសិក្សា គឺនឹងមានប្រមាណ ២១ ០០០ សហគ្រាស ដែលអាចនឹងបានទទួលការអនុគ្រោះបញ្ចុះតម្លៃអគ្គិសនីនេះ៕