កំពង់ស្ពឺៈលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារព្រៃឈើ និងបន្តដាំដើមឈើ ដើម្បីកម្ពុជា ក្លាយជាប្រទេសមួយពោរពេញទៅដោយបរិស្ថានបៃតងមានខ្យល់បរិសុទ្ធ និងបរិយាកាសល្អ។
ការលើកឡើងដូចនេះធ្វើឡើងក្នុងពេលលោកស្រីដឹកនាំគណៈប្រតិភូដាំដើមឈើជានិមិត្តរូប ដើម្បីអបអរសាទរកិច្ចប្រជុំថា្នក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នយ៍កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាក្នុងឧទ្យានជាតិព្រះសុរាម្រឹត-កុសុមៈ គិរីរម្យ ខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមប្រមាណជាង ៥០០ នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមដាំដើមឈើចំនួន៥១២ដើម នៅឧទ្យានកាកបាទក្រហមកម្ពុជាដែលស្ថិតក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។
កាកបាទក្រហមបានបន្តថា នេះជាឧទ្យានទី២របស់កាកបាទក្រហមកម្ពុជា បន្ទាប់ពីលោកស្រីបានដឹកនាំដាំដើមឈើបានជាង ២ ០០០ដើមកាលពីលើកទី១ នាចុងខែឧសភា ឆ្នាំ២០២២ កន្លងទៅ ខណៈដែលឧទ្យានទី១ របស់កាកបាទក្រហមកម្ពុជាស្ថិតនៅខេត្តសៀមរាបមានដើមឈើជាង២ ០០០ដើមដែលបានដាំកាលពីឆ្នាំ១៩៩៩ ក្រោមព្រះរាជាធិបតីសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។
លោកស្រីបានបញ្ជាក់ថា៖«ការចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះ ដើម្បីបង្ហាញអំពីក្តីស្រឡាញ់ ឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាថែរក្សាបរិស្ថានព្រៃឈើឱ្យបានគង់វង្ស និងដើម្បីសុខុមាលភាពរបស់មនុស្សជាតិ»។
លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បានបន្តថា៖«កាកបាទក្រហមកម្ពុជាដែលជាជំនួយការជូនរាជរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌គឺពិតជាកម្លាំងចូលរួមមិនអាចខ្វះបានឡើយក្នុងការការពារបរិស្ថាន ធនធានព្រៃឈើ និងក្នុងយុទ្ធនាការពង្រីកនូវប្រព័ន្ធជីវវិទ្យាសម្រាប់ការពារ និងស្តារឡើងវិញនូវព្រៃឈើប្រកបដោយខ្យល់បរិសុទ្ធនិងបរិស្ថានបៃតងដើម្បីសុខុមាលភាពមនុស្សជាតិ»។
ឆ្លៀតឱកាសនោះដែរលោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាការពារព្រៃឈើនិងបន្តចូលរួមដាំកូនឈើគ្រប់ប្រភេទនៅលើដីទំនេរ តាមទីអារាម ភូមិឋាន និងទីកន្លែងផ្សេងៗទៀតឱ្យបានកាន់តែច្រើនតាមលទ្ធភាពដែលអាចដាំបាន។
ចំណែកលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានចូលរួមពិធីនោះដែរ ក៏បានលើកឡើងដែរថា ការដាំកូនឈើនាពេលនេះគឺជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការស្តារព្រៃឈើដើម្បីឈានទៅសម្រេចបានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ដូចកំណត់ក្នុងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧បានដាក់ចេញ«យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះលក្ខណសម្បត្តិមួយដែលកម្ពុជាត្រូវមានក្នុងចំណោមលក្ខណសម្បត្តិទាំង៥ គឺក្នុងរយៈពេល ២៥ ឆ្នាំទៅមុខនោះ កម្ពុជាជា ប្រទេសមានបរិស្ថានរូបវន្ត និងធម្មជាតិប្រកបដោយសុខុមាលភាព ភាពធន់ បរិយាប័ន្ន និងតុល្យភាពនៃការអភិវឌ្ឍនិងការអភិរក្សធនធានធម្មជាតិ។
ក្រសួងបរិស្ថានបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញនិងសម្រេចឱ្យបាននូវលក្ខណសម្បត្តិទាំងនេះសម្រាប់កម្ពុជាតាមរយៈការរៀបចំប្រព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីប្រកបដោយចីរភាពនិងការប្រើប្រាស់ធនធានធម្មជាតិដោយគិតគូរដល់តុល្យភាពបរិស្ថានឈានទៅស្តារគម្របព្រៃឈើឱ្យបាន៦០ភាគរយនៅឆ្នាំ២០៥០។
ដោយឡែកខេត្តសៀមរាបកាលពីថ្ងៃទី២០ ខែកញ្ញា ក៏មានការដាំកូនឈើចម្រុះជាង២ពាន់ដើមផងដែរក្នុងបរិវេណសាលាបឋមសិក្សា វិទ្យាល័យហ៊ុន សែន រុនតាឯក និងក្នុងមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុន សែន រុនតាឯក ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប។
លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានថ្លែងថា ការដាំនេះក្នុងគោលបំណងបំផុសចលនាដល់យុវជន និងប្រជាពលរដ្ឋទូទៅឱ្យចូលរួមដាំដើមឈើឡើងវិញ និងចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេសដើម្បីបណ្តុះគំនិត ថែរក្សា ការពារ និងគំនិតស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។
លោកថា ៖«ការដាំស្ដារព្រៃឈើឡើងវិញនាពេលនេះពិតជាមានសារប្រយោជន៍ណាស់ក្នុងការជួយទប់ទល់និងកាត់បន្ថយនូវគ្រោះធម្មជាតិផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុហើយមិនត្រឹមតែការដាំកូនឈើទេ តែសូមចូលរួមគ្នាថែរក្សាឱ្យបានល្អនូវដើមឈើទាំងអស់នេះព្រោះវាមានសារៈសំខាន់ណាស់សម្រាប់មនុស្សសត្វគ្រប់ៗគ្នា»។បើតាមលោក រិន ឡូត កូនឈើដែលបានដាំនេះមាន៥ប្រភេទ រួមមាន ដើមក្ងោកតូចធំ ដើមឥន្ទនេល ដើមធ្នង់ ដើមឈើទាល និងដើមគ្រញូង។
បើតាមការលើកឡើងរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន កម្ពុជាមានផ្ទៃដីការពារចំនួន៧៣ភាគរយនិងច្រកជីវសាស្ត្រចំនួន៣ដែលគ្របដណ្ដប់លើផ្ទៃដីជាង៧,២លានហិកតាហើយផ្ដល់ឱ្យកម្ពុជានូវទំហំឧស្ម័នកាបូនជាច្រើន សម្រាប់ឧស្ម័នផ្ទះបៃតងនិងចំណូលសេដ្ឋកិច្ចពីការជួញដូរឧស្ម័នកាបូនសម្រាប់ការវិនិយោគក្នុងកិច្ចការពារ ការអភិរក្សព្រៃឈើ និងជីវសាស្ត្រជាមួយនឹងការធ្វើឱ្យជីវភាពប្រជាជននៅក្នុងសហគមន៍បានប្រសើរឡើង៕