ភ្នំពេញៈ​ក្រុម​ប្រឹក្សា​ស្តារ​អភិ​វឌ្ឍន៍​វិស័យ​កសិ​កម្ម​ និង​ជនបទ​បាន​បើក​កិច្ចពិ​ភាក្សា​ពាក់​ព័ន្ធ​ប្រព័ន្ធ​ស្បៀង ​និង​អាហា​រូប​ត្ថម្ភ​នៅ​ក្នុង​បរិបទ​នៃ​ការប្រែ​ប្រួល​អាកាស​ធាតុ​ ដើម្បី​ប្រមូល​ធាតុ​ចូល​សម្រាប់​គាំទ្រ​ការរួម​ចំណែក​របស់​កម្ពុជា ​លើ​ប្រព័ន្ធ​ស្បៀង​និង​អាហារូ​បត្ថ​ម្ភ​ក្នុង​បរិបទ​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​លើ​ឆាត​អន្តរ​ជាតិ​។​


​កិច្ច​ពិភាក្សា​ប្រមូល​ធាតុ​ចូល​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោ​បល់​ស្តីពី​ប្រព័ន្ធ​ស្បៀង​និង​អាហា​រូបត្ថម្ភ​នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​កាល​ពី​ថ្ងៃទី​២០​ ខែកញ្ញា នៅ​រាជ​ធានី​ភ្នំពេញ​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រសួង​ស្ថា​ប័ន​ពាក់​ព័ន្ធ ដៃគូ​អភិ​វឌ្ឍន៍​នានា​និង​វិស័យ​ឯក​ជន​នៅ​កម្ពុជា​។​

​លោក​ជា ​សំណាង​ អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ស្តារ​អភិ​វឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជន​បទ​បាន​ថ្លែង​ថា អង្គ​ការ​សហ​ប្រជា​ជាតិ​កំពុង​រៀបចំ​មហា​សន្និ​បាត​អង្គការ​សហ​ប្រជាជាតិ​ចាប់ពី​ថ្ងៃទី​១៩ ​ដល់​២៦​ ខែកញ្ញា​ ឆ្នាំ​២០២៣​ នៅ​ទីក្រុង​ញូវ​យ៉ក​ ដើម្បី​ត្រួត​ពិនិត្យ​លើ​ការ​អនុវត្ត​គោល​ដៅ​អភិ​វឌ្ឍន៍​ប្រក​បដោយ​ចីរភាព​ឆ្នាំ​២០៣០ ដែលមា​ន​ប្រធាន​បទ​ប្រព័ន្ធ​ស្បៀង ​អាហា​រូប​ត្ថម្ភ និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។​


​លោក​បាន​បន្ត​ថា ប្រ​ធានប​ទ​ទាំង​នេះគឺ​មាន​ការ​ទាក់​ទង​សឹងតែ​គ្រប់​គោល​ដៅ​ទាំង​អស់នៃ​គោល​ដៅ​អភិវឌ្ឍ​ន៍ប្រកប​ដោយ​ចីរភាព​ឆ្នាំ​២០៣០ ​ស្រប​ពេល​លោក​នាយ​ក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ា​ណែ​ត បាននិ​ងកំ​ពុង​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ចូល​រួម​មហា​សន្និ​បាត​ផង​ដែរ​។​

​លោក​បាន​អះ​អាងថា​ ការជួប​ជុំគ្នា​ក្នុង​ពេល​នេះគឺ​ជា​ឱកាស​១​ដើម្បី​ពិគ្រោះ​ និង​ប្រមូល​ធាតុ​ចូល​សម្រាប់​ការ​រៀប​ចំ​ទិវា​ជាតិ​អាហា​រូប​ត្ថម្ភ​លើក​ទី​១០ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៦ ​ខែវិច្ឆិកា ឆ្នាំ​២០២៣ ​ខាង​មុខ ​ក្រោម​ប្រធាន​បទ “​ប្រព័ន្ធ​ស្បៀង​ក្នុង​បរិ​បទ ​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​”​។​


​លោក​បាន​បញ្ជាក់​ថា​៖«​ការជួប​គ្នា​ក្នុង​ពេល​នេះ ក៏​ដើម្បី​រៀបចំ​សម្ភារ​ដើម្បី​គាំទ្រ​ការ​រួមចំណែក​ពី​ប្រទេស​កម្ពុជា​លើ​ប្រព័ន្ធ​ស្បៀង​ និង​អាហារូ​បត្ថម្ភ​​ក្នុង​បរិបទ​នៃ​ការប្រែ​ប្រួល​អាកាស​ធាតុ​សម្រាប់​សន្និ​សីទ​កំពូល​បណ្ដា​ភាគី​លើក​ទី​២៨ នៃ​អនុ​សញ្ញា​ក្រប​ខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ (COP28)»​​។​

​បន្ថែម​ពីនេះ​លោក​ ជា សំណាង បាន​អះអាង​ទៀត​ថា សិ​ក្ខាសាលា​ក៏បាន​ពិភា​ក្សា​អំពី​សមា​ជិក​ភាព​ដែល​បាន​ស្នើ​ឡើង​របស់​កម្ពុជា​ក្នុង​សម្ព័ន្ធ​ប្រទេស​ដែល​មាន​មហិច្ឆ​តា​ខ្ពស់​សម្រាប់​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ស្បៀង​ដើម្បី​បង្ហាញ​គំនិត​ផ្តួច​ផ្តើម​សកម្ម​ភាព​អាកាស​ធាតុ ​និង​អាហា​រូបត្ថម្ភ​របស់​កម្ពុ​ជា​កាល​ពី​ពេល​កន្លង​ទៅ​។

​លោក​សុខ ស៊ីឡូ ​អគ្គ​លេខាធិ​ការ​ក្រុម​ប្រឹក្សា​ស្តារ​អភិ​វឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជន​បទ​បាន​ថ្លែង​ដែរ​ថា​ អង្គ​ការ​សហ​ប្រជា​ជាតិគ្រោង​នឹង​រៀបចំ​សន្និ​សីទ​កំពូល​បណ្ដា​ភាគី​លើក​ទី​២៨​នៃ​អនុ​សញ្ញាក្រ​បខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្តីពី​ការប្រែ​ប្រួល​អាកាស​ធាតុ(COP28)នៅ​ទីក្រុង​ឌូបៃ ក្នុង​ខែធ្នូ ឆ្នាំ​២០២៣​ខាង​មុខ ដែ​ល​ប្រធា​នបទ​ប្រ​ព័​ន្ធ​ស្បៀង​ និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ គឺជា​ប្រធាន​បទ​ដ៍​សំខាន់​សម្រាប់​សន្និ​សីទ​នេះ​។​

​លោក​បាន​​បន្តថា​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រព័ន្ធ​ស្បៀងនិង​ការប្រែប្រួ​ល​អាកាស​ធាតុ​ រាជរដ្ឋាភិបា​ល​កម្ពុជា បាន​ដាក់​បញ្ចូល​ផែនទី​បង្ហាញផ្លូ​វ​ស្តីពី​ប្រព័ន្ធ​ស្បៀង​សម្រាប់​ការអភិ​វឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​នៅ​កម្ពុជា​ឆ្នាំ​២០៣០ ដែល​ក្នុ​ងនោះកា​រពង្រឹង​ភាព​ធន់​លើ​មុខរបរ​ចិញ្ចឹម​ជីវិតនិ​ង​ប្រព័ន្ធ​ស្បៀងគឺ​ជា​អាទិ​ភាព​មួយ​របស់​កម្ពុជា​ ​។​

​លោកបា​ន​បញ្ជាក់​ថា​៖​​«​ក្នុង​នីតិកា​ល​ទី​៧​នេះរាជ​រដ្ឋាភិបា​ល​ក្រោម​ការដឹក​នាំ​របស់ស​ម្តេច​មហា​បវរ​ធិប​តី ហ៊ុន ម៉ា​ណែ​ត ​នាយ​ករដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជាណាច​ក្រ​កម្ពុជា​ដែល​មាន​ក្រុម​ប្រឹក្សា​ស្តារ​អភិវ​ឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជន​បទ​ ជា​សេនា​ធិ​ការបា​ន​និងកំ​ពុង​ដឹក​នាំ​ការ​រៀបចំ​កិច្ចស​ន្ទនា​ដ៏​ចាំ​បាច់​បំផុត​ស្តីពី​ប្រព័ន្ធ​ស្បៀង​និង​អាហារូប​ត្ថម្ភ​ក្នុង​បរិបទ​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ​»​។

​លោកសុខ ​ស៊ីឡូ បាន​បន្ថែមថា ​ការពិភា​ក្សាគ្នា​​ក្នុង​ពេលនេះ​គឺ​ជា​ផ្នែក​១ដើម្បី​ទទួលស្គា​ល់​ពី​សារៈ​សំខាន់​ក្នុង​ការ​អនុវត្ត​វិធាន​ការ​ប​ន្ស៊ាំរួម​ទាំង​​វិធីសាស្ត្រ​ប​ន្ស៊ាំផ្អែក​លើ​ធម្មជាតិ​និង​គំនិត​ផ្តួចផ្តើ​ម​កា​រប​ន្ស៊ាំ​ផ្អែកលើ​ប្រព័ន្ធ​អេកូឡូស៊ី​ ដើម្បី​គាំទ្រ​ភាព​ធន់​ក្នុង​ប្រព័ន្ធ​ស្បៀងនិ​ង​កសិក​ម្មនិ​ង​ទទួល​ស្គាល់​តួនាទី​សំខាន់​រប​ស់​វិស័យ​កសិក​ម្មនិ​ង​ការ​គ្រ​ប់គ្រង​ធន​ធាន​ទឹក​ប្រកប​ដោយ​​ប្រសិទ្ធ​ភា​ព និរ​ន្តរភាព​ ដើម្បី​ធានា​សន្តិសុ​ខ​ស្បៀង​និង​អាហា​រូប​ត្ថម្ភ​។​

​លោ ​យី គឹម​ថា​ន នាយក​រង​ប្រចាំ​ប្រទេស​ទទួលប​ន្ទុក​ផ្នែក​កម្មវិធី​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ដែល​បាន​ចូល​រួម​ក្នុង​កិច្ចពិ​ភាក្សា​នេះបា​ន​លើកឡើ​ងដែរថា ​បញ្ហា​ប្រព័ន្ធ​ស្បៀងនិ​ង​អាហារូ​បត្ថម្ភ​គឺមាន​សារៈ​សំខាន់​ណាស់សម្រាប់​ប្រជា​ជន​ជាពិសេស​កុមារ​។ដូច្នេះ​ប្រ​សិន​បើក្នុង​បរិបទ​មាន​ការ​ប្រែប្រួ​ល​អាកាស​ធាតុ​នោះ​នឹង​ធ្វើ​ឱ្យប៉ះ​ពាល់​​ទៅ​ដល់​ប្រព័ន្ធ​ស្បៀង​ដែល​នាំឱ្យ​មាន​ការ​ខ្វះ​ខាត​អាហា​រ​ដល់​កុមារ​។

​លោក​បាន​បញ្ជាក់​ថា​៖«​នៅ​ក្នុង​បរិបទ​ការ​​ប្រែប្រួល​អាកាស​ធាតុ​បែបនេះ​នឹង​មាន​​បញ្ហា​គ្រោះរាំ​ងស្ងួត​បញ្ហា​ទឹក​ជំន​ន់ឬក៏​គ្រោះ​ធម្ម​ជាតិ​ផ្សេងៗ​ទៀត​នឹង​ធ្វើឱ្យប៉ះពា​ល់​​ដល់​ប្រព័ន្ធ​ស្បៀង​។ អ៊ីចឹ​ង​ធ្វើឱ្យ​មាន​កង្វះ​ខាត​ស្បៀងអាហា​រ​សម្រាប់​កុមារ​ក្នុងការ​ហូប​ចុក​នឹង​ធ្វើឱ្យ​ប៉ះពា​ល់​ដល់​អាហា​រូប​ត្ថម្ភ​របស់​គាត់​ដែរ​។អ៊ីចឹ​ង​សិក្ខា​សាលា​​នេះយើង​បាន​ជជែក​ពិភាក្សា​គ្នានិ​ង​រៀន​ពីបទ​ពិសោធ​ន៍​ផ្សេងៗ​ពី​ភាគី​ពាក់​ព័ន្ធ​ថា​តើ​យើង​គួរ​យក​ចិត្ត​ទុកដាក់​ក្នុងកា​រ​ធ្វើ​ម៉េច​ដើម្បី​ឱ្យ​ប្រព័ន្ធ​ស្បៀង​មាន​សុវត្ថិ​ភាពមាន​ន័​យ​ថា មា​ន​ស្បៀង​ហូប​ហើយមា​ន​ជីវ​ជាតិ​គ្រប់​គ្រាន់​ធ្វើឱ្យ​អាហា​រូប​ត្ថម្ភ​កុមារ​មាន​ការ​ប្រសើរ​»៕