ភ្នំពេញៈ​ ចក្រ​ភព​អង់​គ្លេស​តាមរ​យៈ​លោក Dominic Williams ឯ​កអគ្គរាជ​ទូត​ចក្រ​ភព​អង់​គ្លេស​ប្រចាំ​កម្ពុជា ​បាន​បង្ហាញ​ឆន្ទៈ​បន្ត​ជួយ​កម្ពុជា ​ក្នុង​សកម្ម​ភាព​មីន​ ដោយ​អះអាង​ថារាជ​រដ្ឋាភិ​បាល​អង់គ្លេស ត្រៀម​នឹង​អនុម័ត​ជំនួយ​ថវិកា​ដល់​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២៤ និង​ឆ្នាំ​ ២០២៥ ​នៅ​ក្នុង​ខែវិច្ឆិកា​ខាង​មុខ ​ដោយ​បញ្ចូល​ក្នុង​ផែនការ​សកម្ម​ភាព​របស់​អង្គ​ការ​ដោះ​មីន​ HALO Trust និង MAG​។​


​ការ​បង្ហាញ​ឆន្ទៈ​របស់​ចក្រ​ភព​អង់​គ្លេស​ដូច្នេះ​ ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ​លី ធុជ ​ទេស​រដ្ឋ​មន្ត្រី និង​ជា​អនុ​ប្រធាន​ទី​១ ​អាជ្ញា​ធរ​មីន ​និង​លោក ​Dominic Williams ឯក​អគ្គរាជ​ទូត​ចក្រ​ភព​អង់​គ្លេស​ប្រចាំ​កម្ពុជា ស្តីពី​ភាព​ជា​ដៃគូ និ​ង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ស​កម្ម​ភាព​មីន​នៅ​កម្ពុជា ​នៅ​ទីស្នាក់​ការ​អាជ្ញា​ធរ​មីន ​កាលពី​ថ្ងៃទី ​២០ ខែ​កញ្ញា​ ឆ្នាំ​២០២៣​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អាជ្ញា​ធរ​មីន​។​

​ប្រភព​ដដែល​បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​នេះ លោក​លី ធុជ ​បាន​លើក​ឡើង​ចំពោះ​ទំនាក់​ទំនង​និង​កិច្ច​សហ​ប្រិត​ប​ត្តិ​ការ​រវាង​ប្រទេស​ទាំង​២ លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពាណិជ្ជ​កម្ម ការ​បរទេស ​បរិស្ថាន ​ការ​អប់រំ និង​សុខាភិ​បាល​ជាដើម​ ជា​ពិសេស​ការ​គាំទ្រ​ដល់​សកម្ម​ភាព​បោស​សម្អាត​មីន​មនុស្ស​ធម៌​។​


​លោក ​លី ​ធុជ​ ថ្លែង​ថា​៖«​ចក្រ​ភព​អង់​គ្លេស ​បាន​ចូលរួម​ជូ​យ​ដល់​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​ ដែល​រហូត​មក​ដល់​ពេល​នេះ ​ផ្ទៃដី​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​ជាង​១៦០​គីឡូ​ម៉ែត្រ​ការ៉េ ​ត្រូវ​បាន​បោស​សម្អាត​រួច ​ព្រម​ទាំង​រក​ឃើញ និង​កម្ទេច​ចោល​គ្រាប់​មីន​ចំនួន​ ៦៧​ ៥៩០ គ្រាប់ និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ដទៃទៀ​ត​ចំនួន ៤៧ ​៧៨៨​គ្រាប់​»​។​

​លោក​បាន​បន្ថែមថា​ រាជរដ្ឋាភិ​បាល​និង​ប្រជាជន​កម្ពុជា​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​រាជ​រដ្ឋាភិ​បាល​និង​ប្រជា​ជន​ចក្រ​ភព​អង់គ្លេ​ស ​ចំពោះ​ការ​គាំទ្រ​នេះ ​ដែល​ស្រប​តាម​ផែន​ការ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥ ​ហើយ​ការ​ជួយ​ជ្រោម​ជ្រែង​របស់​ចក្រ​ភព​អង់​គ្លេសនិង​ដៃគូ​នានា​ទៀត​ពិតជា​សំខាន់​សម្រាប់​ដោះ​ស្រាយ​ហានិ​ភ័យ​ដែល​នៅ​សេស​សល់​ពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្រោយ​ឆ្នាំ​២០២៥​។​


ជា​ការ​ឆ្លើយ​តប ​លោក Dominic Williams បាន​វាយត​ម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ស​ប្រតិ​បត្តិ​ការ​ដែល​អាជ្ញា​ធរ​មីន​បាន​ផ្តល់​ជូន​ចក្រ​ភព​អង់​គ្លេស ​សម្រាប់​សកម្ម​ភាព​មីន​មនុស្ស​នៅ​កម្ពុជា​។​

​លោក​បញ្ជាក់​បន្ថែម​ថា​៖«​ពាក់​ព័ន្ធ​នឹង​ការ​ចូល​រួម​របស់​ចក្រ​ភព​អង់​គ្លេស​ក្នុង​គោល​ដៅ​កម្ពុជា ​គ្មាន​មីន​ឆ្នាំ​២០២៥ អង់គ្លេ​ស បា​នរៀបចំ​ផែន​ការ​ និង​ត្រៀម​កញ្ចប់​ថវិកា​រួច​រាល់​ហើយ ​សម្រាប់​ផែន​ការ​ឆ្នាំ​២០២៤ ​និង​ឆ្នាំ​២០២៥​ ក្នុង​កិច្ច​ប្រតិ​បត្តិ​ការ​សកម្ម​ភាព​មីន​» ។​

​លោក​​បញ្ជាក់​ថាជំនួយ​សម្រាប់​កម្ពុជា​នឹង​ដាក់​បញ្ចូល​ក្នុង​សកម្ម​ភាព​របស់​អង្គការ​ដោះ​មីន​ HALO Trust និង MAG ​ខណៈ​កំពុង​រង់ចាំ​ការ​អនុម័ត​ជា​ផ្លូវ​ការ​ពី​សំណាក់រាជ​រដ្ឋាភិ​បាល​ក្នុង​ខែវិច្ឆិកា ​ឆ្នាំ​២០២៣​ ខាង​មុខ​។

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ​លោក​ ស៊ឺន សម ​អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​លើក​ឡើង​ថា ​អង់​គ្លេស ​ផ្តល់​តម្លៃ​ដល់​ការ​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​បណ្តា​ប្រទេស​នានា តួ​យ៉ាង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជា​ពិសេស​ក្នុង​ក្រប​ខ័ណ្ឌ​ជំនួយ​មនុ​ស្សធម៌​ ខណៈ​ខ្លួន​មិនមែន​នៅក្នុង​ក្រប​ខ័ណ្ឌ​សហ​ភាព​អឺរ៉ុប​ទៀត​ឡើយ​។​

លោក​ថា​៖«​រដ្ឋា​ភិបា​ល និង​ប្រជាជន​កម្ពុ​ជា ​មាន​អារម្មណ៍​វិជ្ជមាន​ជាមួ​យ​ចក្រភ​ព​អង់គ្លេ​ស ​ដោយ​ហេតុ​ជំនួយ​វិស័យ​អប់រំ​តួ​យ៉ាង​ក​ម្មវិធី​សិក្សា​ភាសា​អង់គ្លេស ​ក្នុង​កម្មវិធី​សិក្សា​ក៏​ជា​ជំនួយ​របស់​ចក្រភ​ព​អង់គ្លេស​ដែរ​។ ដូច្នេះ​ជំនួយ​ដោះមី​ន​នេះ​ជា​រឿង​សំខាន់ ទាំង​ក្នុង​វិស័យ​មនុស្ស​ធម៌​ផង ​និង​ឥរិយា​បថ​ពង្រឹង​ការទូត​ផង​»​។​

​លោក​សង្កត់​ធ្ងន់​ថា ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា​-​អង់​គ្លេសជា​​ទំនាក់ទំ​នង​យូរលង់​ណាស់​មក​ហើយ​ពោល​គឺ ​រយៈពេល​៧០​ឆ្នាំ ដែ​ល​យូរ​ជាង​ទំនាក់ទំ​នង​ជាមួយ​ប្រទេស​ភាគ​ច្រើន​ផង ។ទោះ​ជា​យ៉ាង​ណា ​ការ​ទូត​រវាង​ប្រទេស​ទាំង​២ គឺក្នុង​ក្រប​ខ័ណ្ឌ​មនុស្ស​ធម៌​នោះទេ​ ដោយ​សារ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​នៅមា​នកម្រិ​ត ប៉ុន្តែ​ជំនួយ​របស់​អង់​គ្លេស​នៅ​តែ​មាន​សារៈ​សំខាន់​។​

​ដោយ​ឡែកនៅ​ខណៈ​នេះ ក្រុមកា​រងារ​បោស​សម្អាត​មីនស៊ីម៉ាក់ ​(CMAC)​ ក៏​កំពុង​បោស​សម្អាត​សំណល់​ជាតិ​ផ្ទុះ​ពី​សម័យ​សង្គ្រាម​ដីព្រៃ​ជាង ​៥០០​ ហិកតា នៅក្នុង​ស្រុក​ស្រី​ស្នំ ​ខេត្ត​សៀម​រាប ដែល​សព្វថ្ងៃ​បាន​បោស​សម្អាត​បាន​ផ្ទៃដី​២៥​ភាគរយ​ទៅ​ហើយ​ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៤ ​ខាង​មុខ​។ នេះ​បើ​យោង​តាម​លោក​ អ៊ាន​ សុធា ប្រធាន​កង​ឯក​ភាព​កំចាត់​មីន​ទី​៤ ​ស៊ីម៉ាក់​ (CMAC) ប្រចាំ​ខេត្ត​សៀម​រាប ថ្លែង​ក្នុង​ពិធី​ប្រគល់​-​ទទួល​សម្ភារ​ប្រើ​ប្រាស់​របស់​មូលនិ​ធិ​ចិន​ Peac​e Land Foundation កាលពី​ថ្ងៃទី​១៨​ ខែ​កញ្ញា ​ឆ្នាំ​២០២៣​៕