ភ្នំពេញ: សមាជិក​នៃ​អង្គភាព​ការពារ​កុមារ (CPU) ចំនួន ១៦ ​រូប ត្រូវ​បានប្រគល់​វិញ្ញាបនបត្រ​សរសើរ​ដោយ​លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅថ្ងៃទី ២១ កញ្ញា ក្នុងការ​ទទួលស្គាល់​​​ការខិតខំ​ប្រឹងប្រែង​ឥតឈប់​ឈរ​របស់ពួកគេ​ដើម្បី​ការពារ​កុមារ​កម្ពុជា ១​ ទសវត្សរ៍​កន្លងមក​។​


​វិញ្ញា​បនបត្រ​សរសើរ​ទាំងនេះ​ត្រូវបាន​ផ្តល់ជូន​ដល់​បុគ្គលនីមួយៗ​សម្រាប់​ការប្តេជ្ញាចិត្ត​ពិសេស​របស់​ពួកគេ​ក្នុង​ការ​ការពារ​កុមារ​ងាយ​រងគ្រោះ​ពី​ការរំលោភបំពាន និង​ការកេងប្រវ័ញ្ច ក៏ដូចជា​ការរួមចំណែក​ដ៏​សំខាន់​របស់​ពួកគេ​ក្នុងការ​លើកកម្ពស់​ការ​ថែទាំ និង​ព្យាបាល​ជនរងគ្រោះជា​កុមារ និង​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​លើ​កុមារ​នៅ​ទូទាំង​ប្រទេស​។​

​លោក James McCabe នាយក​ផ្នែក​ប្រតិបត្តិការ​នៅ CPU បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​ស្នាដៃ​របស់​អង្គភាព​នេះ ដោយ​បញ្ជាក់ថា៖ «ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​សមិទ្ធផល​របស់ CPU និងសមិទ្ធផល​​ដែល​យើង​មាន​លើ​កុមារ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ក្នុង​រយៈ​ពេល ១០ ឆ្នាំ​កន្លងមកនេះ​»។​


​លោកបាន​បន្ដ​ថា៖ «​មាន​លទ្ធផល​ដ៏​មិនគួរ​ឱ្យ​​ជឿ មិន​ត្រឹមតែ​ការចាប់ខ្លួន និង​ការកាត់ទោស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជីវិត​ដែល​ត្រូវបាន​សង្គ្រោះ និង​​ស្ដា​​រឡើងវិញ ខ្ញុំ​មាន​មោទនភាព​​​ចំពោះ​ក្រុម CPU ក៏ដូចជា​​​​ការទទួលស្គាល់ និង​ការ​សរសើរ​ពីរាជ​​រដ្ឋាភិបាល​កម្ពុជា»។​

​​​បង្កើតឡើង​កាលពី​១​ទសវត្សរ៍​មុន CPU បាន​វិវត្ត​ទៅជា​អង្គភាព​ស៊ើបអង្កេត​ឈាន​មុខ​នូវ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​​ដែល​ប្រព្រឹត្ត​លើ​កុមារ​នៅ​កម្ពុជា​។​


​លើសពីនេះ វា​បាន​ក្លាយជា​មូលដ្ឋានគ្រឹះ​មួយ​សម្រាប់​ផ្តល់​ការថែទាំ និង​ជំនួយ​ពី​អ្នកឯកទេស​ដល់​ជនរងគ្រោះ​កុមារ និង​គ្រួសារ​របស់​ពួកគេ​។​

​លិខិត​សរសើរ​ពី​លោក ស ខេង ត្រូវបាន​ប្រគល់ជូន​ដល់​សមាជិក CPU ​ចំនួន ១៦ នាក់ ដែល​បាននិង​កំពុង​បន្ដ​បេសកកម្ម​អស់​រយៈពេល ១០ ឆ្នាំ​​។​

បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៣​ CPU ​តំណាងឱ្យ​ភាពជា​ដៃគូ​ពិសេស​រវាងអង្គការ​​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា ដែល​បានសហការ​​ក្នុង​បេសកកម្ម​​​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​លើ​កុមារ​ទាំង​អស់​នៅក្នុង​ប្រទេស​កម្ពុជា និង​អាស៊ី​អាគ្នេយ៍ ដោយ​ធានាថា​ ជនល្មើស​ត្រូវបាន​នាំយកមក​ផ្តន្ទាទោស​។​

​យោង​តាម​ CPU បាន​បង្ហាញ​ថា ប៉ុន្មាន​ឆ្នាំ​មកនេះ CPU បាន​ពង្រីក៤ផ្នែក​ធំៗ​​គឺ​​ ក្រុម​ស៊ើបអង្កេត​ឃាតកម្ម (HIT) ក្រុម​សេវា​កោសល្យ​វិ​ច័យ (FST) ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ប្រឆាំងនឹង​កុមារ (ICAC) និង​ការិយាល័យ​សេវា​ជនរងគ្រោះ និង​គ្រួសារ (OVFS)​។ ​

​ CPU ​បាន​ឱ្យ​ដឹង​ថា ​ពេល​​ឈាន​ចូលដល់​ឆ្នាំ​ទី ១០ CPU រកឃើញថា ​ខ្លួន​មាន​តម្រូវការ​ច្រើនជាង​ពេលណាៗ​ទាំងអស់ ដោយ​បាន​ដោះស្រាយ ២៦៩​ ករណី​នៅ​ឆ្នាំនេះ​​ បើ​ធៀប​នឹង ២៤២​ ក្នុង​ឆ្នាំ ២០២២។​

​ប្រតិបត្តិការ​នៅ​ទូទាំង ២៥​ ខេត្ត​ក្រុង​ទូទាំងប្រទេស​កម្ពុជា អង្គភាព​ពិសេស​នេះ​មាន​​មន្ត្រីនគរបាល អ្នកស៊ើប​អង្កេត អ្នកជំនាញ​ផ្នែក​​កោសល្យ​វិ​ច័យ និង​អ្នកឯកទេស​ថែទាំ​ក្រោយហេតុ​ការណ៍​ ប្រកប​ដោយ​​បទពិសោធន៍ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ធំៗ​លើ​កុមារ រួមទាំង​មនុស្សឃាត ការរំលោភ​ផ្លូវភេទ និង​ការជួញដូរ​។​

​កាលពី​ពីរ​ឆ្នាំមុន ​ CPU ​បាន​បង្កើត​អង្គភាព​ឯកទេស​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា​ក្នុង​គោលបំណង​ទប់ទល់​នឹង​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើង​នៃ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ប្រឆាំងនឹង​កុមារ ​រហូតដល់​ការ​ចែកចាយ​រូបភាព​អាសអាភាស​របស់​កុមារ​​​ចំនួន ១១៨ ករណី​​​។​

CPU បាន​បន្ដថា​៖ «​​សមិទ្ធផល​ដ៏​គួរឱ្យកត់សម្គាល់​បំផុត​មួយ​​របស់​អង្គភាព​​គឺ​ការរួមចំណែក​នាំយក​ឧក្រិដ្ឋន​ជន​ទៅ​ផ្ដន្ទា​ទោស​ សម្រាប់​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​កុមារ កើន​ឡើង ៦ ដង​ ដែល​ឈានដល់ ៨៦ ភាគរយ​​ ក្នុង​ឆ្នាំ ២០១៨​។ ក្នុង​រយៈពេល​១ទសវត្សរ៍ អង្គភាព​បាន​ស៊ើបអង្កេត​ករណី​មនុស្សឃាត​លើ​កុមារ​ជាង ៣០០ ករណី​»។

​​

​លោក James McCabe បាន​ថ្លែងអំណរ​គុណ​ចំពោះ​អ្នក​ដែល​បាន​គាំទ្រ​បុព្វហេតុ​​ CPU ជាពិសេស ​ការ​ទទួលស្គាល់​លោក ស្កុត នីសុន​ ស្ថាបនិក​មូលនិធិ​កុមារ​កម្ពុជា ចំពោះ​ការជឿទុកចិត្ត ជំនឿ ភាពស្មោះត្រង់ និង​ការលើកទឹកចិត្ត​ដែល​មិន​ផ្លាស់ប្តូរ​របស់​លោក​​ក្នុងការ​សម្រេចបាន​នូវ​គោល​គំនិត​ដែល​បាន​ជួយសង្គ្រោះ​កុមារ​រាប់មិនអស់​។​

លើសពី​នេះ អង្គភាព CPU ​ជួយ​យ៉ាង​សកម្ម​ដល់​នគរបាល​ជាតិ​កម្ពុជា​ក្នុងការ​លើកកម្ពស់​ការ​បណ្តុះបណ្តាល និង​សមត្ថភាព​មន្ត្រីនគរបាល​មូលដ្ឋាន ជួយ​បង្កើន​សមត្ថភាព​​ស៊ើបអង្កេត​ករណី​ធ្ងន់ធ្ងរ​នៃ​ការរំលោភបំពាន​លើ​កុមារ​។​

​គួរ​កត់សម្គាល់​ថា អង្គភាព​បាន​ផ្តួចផ្តើម​កម្មវិធី​បណ្តុះ​បណ្តាល​ជា​លើក​ដំបូង​ដែល​មិន​ធ្លាប់មាន​សម្រាប់​មន្ត្រីនគរ​បាល​ជា​ស្ត្រី​ក្នុងប្រទេស​កម្ពុជា ដែល​ផ្តោតលើ​ការសម្ភាស​កុមារ​រង​គ្រោះ​ដោយសារ​អំពើ​ហិង្សា​ផ្លូវភេទ​។ វគ្គ​សិក្សា​ស្រដៀង​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ខែ​មុន​សម្រាប់​មន្ត្រី​ការពារ​កុមារ​ជា​ស្ត្រី​ពី​នគរបាលជាតិ​កម្ពុជា​។​

លោក ស្កុត នីសុន បាន​៖ «​ខណៈ​ប្រតិ​បត្ដិការ​ CPU ​ជា​ផ្នែក​នៃ CCF ចក្ខុវិស័យរបស់​លោក James McCabe ​ ​​ប្រតិបត្តិការ​ជា​បន្ដ​បន្ទាន់​ត្រូវបាន​ដឹកនាំ​ដោយ​គាត់​។ វា​ជា​អង្គភាព​​​​ដែល​បង្កើតបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​»​។

ក្នុង​រយៈ​ពេល​១​ទស្សវត្សរ៍ អង្គ​ភាព​ការពារ​កុមារ (CPU) សម្រេច​បាន​នូវបេសកកម្ម​​ការពារ​កុមារ​កម្ពុជា​​ ជាមួយនឹង​ការ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ ១៩៩៨​ នាក់​ ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​ចំនួន ១១៨ ករណី​ ប្រឆាំងនឹង​កុមារ​ដែល​បណ្តាល​ឱ្យមាន​ការ​ជាប់​ពន្ធ​នាគារ​​។

១០៥០០ គ្រួសារ ទទួល​បាន​ជំនួយ​គាំពារ និង​សេវាកម្ម​ថែទាំ​សុខុមាលភាព​​ ហើយ​ជនរង​គ្រោះ​ ១១០១​ នាក់​ទទួលបាន​ជំនួយ​​ផ្នែក​ច្បាប់​ដោយ​ឥតគិតថ្លៃ​។ តាមរយៈ​ការលះបង់​ឥត​ងាករេ CPU ​ឈរ​ជា​សញ្ញា​នៃ​ក្តីសង្ឃឹម និង​យុត្តិធម៌​សម្រាប់​កុមារ និង​គ្រួសារ​ដែល​ងាយ​រង​គ្រោះ​នៅ​កម្ពុជា​៕