កម្ពុជា-បារាំង តាមរយៈ​ក្រសួង​បរិស្ថាន និងឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា បានបង្ហាញ​ឆន្ទៈ​បន្តពង្រឹង​កិច្ចសហការ​រួមគ្នា​លើការគ្រប់គ្រង​សំណល់​រឹង និងកាត់បន្ថយ​ប្លាស្ទិក ដើម្បី​ដោះស្រាយ​ក្តីកង្វល់​ដែលបង្កឡើង​ដោយសំណល់​ទាំងនោះ។


ការលើកឡើង​នេះ ធ្វើឡើង​នៅក្នុងជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក អ៊ាង សុផល្លែត និងឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​លោក Jacques Pellet ចូលជួប​សម្តែង​ការគួរសម និងពិភាក្សា​ការងារ​នៅទីស្តីការ​ក្រសួង​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

នេះបើតាម​ក្រសួង​បរិស្ថាន បានបង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុកនៅ​ថ្ងៃទី២២ ខែកញ្ញា​នេះ។


លោក Jacques Pellet តាមរយៈ​ក្រសួង​បរិស្ថាន បានថ្លែង​ថា ការគ្រប់គ្រង​ជីវចម្រុះ និងសំណល់ គឺជា​បញ្ហាប្រឈម​ទូទៅ​ទាំងប្រទេស​បារាំង និងកម្ពុជា។ លោកបញ្ជាក់​ថា៖«ការផ្តោត​លើការស្វែងរក​មូលដ្ឋានរួម និងធ្វើ​ការសហការគ្នា គឺពិតជា​មានសារៈសំខាន់​ណាស់ ពីព្រោះ​ថា​ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​យ៉ាងសកម្ម​ក្នុងការគ្រប់គ្រង គឺជា​ទឡ្ហីកម្ម​ក្នុងការដោះស្រាយ​បញ្ហា​តំបន់​ផ្សារភ្ជាប់​ទៅសកល»។

ក្នុងឱកាស​នោះដែរ​លោក អ៊ាង សុផល្លែត បានថ្លែង​អំណរគុណ​ចំពោះ​ឱកាស​សហប្រតិបត្តិការ​រវាង​ប្រទេស​បារាំង និងកម្ពុជា និងបានបង្ហាញ​ពីអាទិភាព​របស់​ក្រសួង ដោយផ្តោត​លើការប្រយុទ្ធ​ប្រឆាំង នឹងសំណល់រឹង ជាអាទិភាព​ទីមួយ។ លោកបន្ត​ថា៖«ហើយបញ្ហា​ថង់ប្លាស្ទិក​ត្រូវតែ​ដោះស្រាយ ទើប​ក្រសួង​ដាក់ចេញ​នូវយុទ្ធនាការ​កាត់បន្ថយ នឹង​ឈានឆ្ពោះទៅ​បញ្ឈប់​ការប្រើប្រាស់​ថង់ប្លាស្ទិក​របស់​សិស្សានុសិស្ស​នៅតាម​សាលារៀន ដែលកំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុងយុទ្ធនាការ​នេះ ហើយនឹង​បន្ត​ទៅម្ចាស់​អាជីកម្ម ឬក្រុមហ៊ុន​ឯកជន»។


លោកបន្ត​ថា ជាលទ្ធផល ខេត្ត​មួយ​ចំនួន​បានប្តេជ្ញាចិត្ត​ចំពោះ​គំនិត​ផ្តួចផ្តើម​កាត់បន្ថយ​ប្លាស្ទិក​នៅតាមសាលារៀន​រួចហើយ ដោយទទួល​បានការចូលរួម​គាំទ្រ​ពីសំណាក់​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​ជាង ៤០ ម៉ឺន​នាក់។

លោកបានបន្តទៀ​ថា ការអប់រំ និងលើកទឹកចិត្ត​ឱ្យមានការ​ចូលរួម​នៅក្នុងយុទ្ធនាការ​នេះ ដោយមាន​គោលបំណង​ដាក់​បញ្ចូលការ​អនុវត្ត​ប្រកបដោយ​និរន្តរភាព​នឹងក្លាយទៅ​ជាទម្លាប់​ល្អ ក្នុងសង្គម។ ចំណែក​អាទិភាព​ទី២ គឺការបង្កើត​ធុងសំរាម​អេកូបេតុង​សម្រាប់​ការប្រើប្រាស់​បានយូរ។

ឯកអគ្គរដ្ឋទូត ក៏បាន​លើកឡើង​អំពី​ផែនការ​របស់ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ដើម្បី​ធ្វើ​សន្និសីទ​នៅទីក្រុង Nice ក្នុងឆ្នាំ ២០២៥ ស្តីពី​ការលុបបំបាត់​ការប្រើប្រាស់​ប្លាស្ទិក ដែលជា​គំនិត​នៃការ​បង្កើត «ស្ថានទូត​គ្មាន​ដប​ប្លាស្ទិក»។

លោកក៏​បានចែករំលែក​ព័ត៌មាន​ទាក់ទងនឹង​គម្រោង​របស់​បារាំង​ដើម្បី​សាងសង់​រោងចក្រ​កែច្នៃ​ឡើង វិញ​នៅរាជធានី​ភ្នំពេញ​ផងដែរ។

ឯកអគ្គរដ្ឋទូត​បានបង្ហាញ​ចំណាប់​អារម្មណ៍ ក្នុងការស្វែងរក​ជម្រើស ថង់ ប្លាស្ទិក ដែលមាន​មូលដ្ឋាន​លើ​ដំឡូងមី សារៈសំខាន់​នៃការបង្ការ​ជាជាង​ការសម្អាត​សំណល់ និងការដាំ​ដើមឈើ​ឡើង ដើម្បី​សម្រេចបាន​នូវការកាត់បន្ថយ​ការបំភាយ​កាបូន​មុន​ឆ្នាំ ២០៥០។

ជាមួយគ្នា​នេះ លោកស្រី Boucher នាយិកា​ទីភ្នាកងារ​អភិវឌ្ឍន៍​បារាំង AFD ក៏បាន​ចែករំលែក​គម្រោង​ដែលកំពុង​ដំណើរការ​នៅ​កម្ពុជា និងកិច្ច​សហប្រតិបត្តិការ​បន្ត ដើម្បី​ជំរុញ​ឱ្យ​សម្រេចបាន​ទៅតាម​ផែនការ​យុទ្ធសាស្រ្ត​របស់​កម្ពុជា ក្នុងការគ្រប់គ្រង​ធនធាន​ធម្មជាតិ និងជីវចម្រុះ ពិសេស​ព្រៃឈើ ដោយមាន​ការគាំទ្រ​ជាហិរញ្ញប្បទាន​ពី AFD។

បើតាម​ក្រសួង​បរិស្ថាន ៖«កិច្ចប្រជុំ​បានបញ្ចប់​ដោយមាន​ការឯកភាពគ្នា​លើសារៈសំខាន់​នៃកិច្ច​សហប្រតិបត្តិការ និងការបន្ត​ទំនាក់ទំនង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​ក្នុងការ​ប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​សំណល់ និងជីវៈចម្រុះ»៕ ក្រសួងបរិស្ថាន