សៀមរាបៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងពង្រីកការអនុវត្តប្រព័ន្ធអង្កេតដានបន្ថែមទៀត ទៅលើផលិតផលកសិកម្មផ្សេងៗទៀត ក្រៅពីវិស័យជលផល ដែលនៅក្នុងអនុវិស័យនៃក្រសួងកសិកម្មត្រូវទទួលបន្ទុក ដើម្បីធានាសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋគ្រប់រូប និងលើកកម្ពស់ផលិតផលកសិកម្មកម្ពុជា នៅលើឆាកអន្តរជាតិ។ នេះបើតាម កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កញ្ញាបានប្រាប់ភ្នំពេញប៉ុស្តិ៍បែបនេះក្នុងពេលចុះទស្សនកិច្ចនៅសហគ្រាសផលិតត្រីងៀត ១ កន្លែង ក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ១៩ ខែកញ្ញា។ ដំណើរទស្សនកិច្ចនេះរៀបចំដោយក្រសួងកសិកម្ម និងអង្គការ UNIDO ក្រោមជំនួយហិរញ្ញប្បទានរបស់សហគមនអឺរ៉ុបតាមរយៈកម្មវិធី CAP-Fish-CAPture មានរយៈពេល ៤ ថ្ងៃ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ធំ និងសៀមរាប ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែកញ្ញា។
អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា បច្ចុប្បន្ននេះរដ្ឋបាលជលផល នៃក្រសួងកសិកម្ម និងអង្គការ UNIDO កំពុងដាក់ឱ្យអនុវត្តប្រព័ន្ធអង្កេតតាមដាននៅតាមសហគ្រាសកែច្នៃផលិតផលត្រីក្រោយប្រមូលផល នៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន។
កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា បើការអនុវត្តប្រព័ន្ធអង្កេតដាននេះទទួលបានជោគជ័យ នោះសហគ្រាសកែច្នៃផលិតផលត្រី និងទទួលបានវិញ្ញាបនបត្រសុវត្ថិភាពម្ហូបអាហារ CQS ដែលធ្វើឱ្យម្ចាស់សហគ្រាសអាចលក់ផលិតផលរបស់ខ្លួនបានថ្លៃជាងមុន។ បន្ថែមលើនោះផលិតផលកសិកម្មដែលមានស្តង់ដារបស់កម្ពុជា អាចពង្រីកការលក់ទៅកាន់ទីផ្សារអន្តរជាតិដែលនេះជាការចូលរួមលើកស្ទួយផលិតផលកសិកម្មកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
កញ្ញា អ៊ឹម រចនា បញ្ជាក់ថា ក្រៅពីការអនុវត្តនៅតាមសហគ្រាសកែច្នៃផលិតផលជលផល ក្រោយប្រមូលផលក្នុងវិស័យជលផល ក្រសួងកសិកម្ម នឹងពង្រីកការអនុវត្តនេះទៅតាមអនុវិស័យផ្សេងៗទៀតដែលស្ថិតក្រោមការទទួលបន្ទុករបស់ក្រសួង ក្នុងនោះរួមមាន បន្លែនិងផ្លែឈើព្រមទាំងផលិតផលសាកវប្បកម្មផ្សេងៗទៀត។
កញ្ញាបន្ថែមថា ពេលដាក់ឱ្យអនុវត្តប្រព័ន្ធអង្កេតដានផលិតផលកសិកម្ម នៅកន្លែងបញ្ចេញផលិតផលកសិកម្មដែលមានសុវត្ថិភាព គឺធ្វើឱ្យគ្រប់គ្នាអាចដឹងតាំងពីដើមខ្សែចង្វាក់ផលិតកម្មតាំងពីដើមដំបូង ថាប្រភពវត្ថុធាតុដើមមកពីណា មានសុវត្ថិភាពប៉ុនណា ការដឹកជញ្ជូនដូចម្តេច ហើយការផលិតមានស្តង់ដាយ៉ាងណាទៅតាមការកំណត់របស់គម្រោង CAPFish-CAPture។
កញ្ញាបញ្ជាក់ថា៖ «អ្នកដែលទិញយកទៅបរិភោគ មានលទ្ធភាពពិនិត្យមើលឡើងវិញតាំងពីខ្សែចង្វាក់ដើមដំបូង រហូតដល់កន្លែងផលិត និងទទួលទាន បើសិនជាលោកទទួលទានទៅមានបញ្ហា អាចរាយការណ៍មកវិញបានភ្លាម ហើយយើងអាចប្រមូលត្រឡប់មកវិញ ពិនិត្យមើលពីផលិតផលទាំងអស់ហ្នឹង តើមានបញ្ហាអី ប៉ះពាល់អីខ្លះតើបញ្ហាសុខភាពដែលអ្នកបរិភោគជួបប្រទះហ្នឹងកើតឡើងដោយសារផលិតផល ១ ហ្នឹងឬមួយមកពីផលិតផលផ្សេងៗទៀត»។
លោក សេតធីស៊ី ថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការយូនីដូ UNIDO ថ្លែងថា គម្រោង CAPFish-CAPture គឺជាគម្រោង ១ ដែលគិតបានគ្រប់ជ្រុងជ្រោយ ប្រកបដោយបរិយាប័ន្ន មានន័យថា អង្គការ UNIDO ធ្វើការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ហើយធ្វើការងារជាមួយវិស័យឯកជន ដើម្បីផ្តល់ការគាំទ្រ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ។ ក្រៅពីនេះ UNIDO ក៏បានធ្វើការងារជាមួយសាកលវិទ្យាល័យមួយចំនួន ដើម្បីស្រាវជ្រាវដោះស្រាយបញ្ហាដែលអ្នកផ្គត់ផ្គង់ផលិតផលកសិកម្មជួបប្រទះផងដែរ។
លោកបញ្ជាក់ថា៖ «យើងធ្វើការជាមួយវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យព្រែកលៀបមានខាងសាលាតិចណូ និងខាងសាលាភូមិន្ទកសិកម្ម គឺយើងធ្វើការសិក្សាស្រាវជ្រាវដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដូចជាបញ្ហាអាយុកាលរបស់ផលិតផលជាដើម»។
លោក សេតធីស៊ី ថារ៉ាម៉ាថមបាធូ លើកឡើងថា គម្រោងបានរៀបចំឡើងនៅឆ្នាំ ២០១៩ ដែលរៀបចំឱ្យមានបទប្បញ្ញត្តិច្បាប់ បង្កើតឱ្យមាននិមិត្តសញ្ញាផលិតផលជលផលក្រោយប្រមូលផល CQS ដើម្បីជួយជំរុញបង្កើតជាប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ដោយធ្វើការជាមួយរដ្ឋបាលជលផល និងបន្ទាប់មកគឺជួយជំរុញសហគ្រាសឱ្យអនុវត្តទៅតាមលក្ខខណ្ឌតម្រូវទីផ្សារនាំចេញ ដែលថ្ងៃអនាគតកម្ពុជាអាចនាំចេញផលិតផលទៅក្នុងទីផ្សារអន្តរជាតិបាន។
លោកបញ្ជាក់ថា ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិទាមទារបែបបទច្រើនដែលក្នុងនោះប្រព័ន្ធអង្កេតតាមដានជាចំណុចសំខាន់ ១ ធ្វើឱ្យអ្នកប្រើប្រាស់ដឹងតាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលដាក់លក់នៅលើទីផ្សារ៕