​ក្រសួង​ព័ត៌មាន​កម្ពុជា និង​ក្រសួង​ព័ត៌មាន​ និង​គមនាគមន៍​វៀតណាម បាន​ប្តេជ្ញា​រួមគ្នា​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ព័ត៌មាន​ និង​ការផ្សព្វផ្សាយ និង​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​រួមគ្នា​ពង្រឹងគុណភាព​សារព័ត៌មាន​នៅក្នុង​តំបន់​អាស៊ាន និង​ផ្តល់ព័ត៌មាន​ពិត ប្រកបដោយ​គុណភាព ព្រមទាំង​លុបបំបាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ​។


​ការប្តេជ្ញាចិត្ត​នេះ ធ្វើឡើង​ក្នុងអំឡុង​នៃ​ជំនួប​ទ្វេភាគី​រវាង​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា និង​លោក ង្វៀន ម៉ាញ់​ហុង (Nguyen Manh Hung) រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​គមនាគមន៍​វៀតណាម កាលពី​ថ្ងៃទី ​២១ ខែកញ្ញា ឆ្នាំ​ ២០២៣ ក្នុងឱកាស​ដែល​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​អាស៊ាន​លើក​ទី​១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ទីក្រុង​ដា​ណាំង ប្រទេស​វៀតណាម​ពីថ្ងៃ​ទី ​២១ ដល់​ថ្ងៃទី​ ២៤ ខែកញ្ញា ឆ្នាំ​ ២០២៣​។ នេះ​បើតាម​ក្រសួង​ព័ត៌មាន​កម្ពុជា​។​

​ក្នុងឱកាស​នោះ​លោក នេត្រ ភក្ត្រា បាន​ថ្លែង​ជម្រាបជូន​សម​ភាគី​វៀតណាម​អំពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ព័ត៌មាន និង​ការពង្រឹង​គុណភាពសារព័ត៌មាន ដោយ​បញ្ជាក់ថា ព័ត៌មាន​ដើរតួនាទី​សំខាន់​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។


​លោក​បាន​លើកឡើងថា​៖ «​ក្នុង​បរិបទ​នៃ​សង្គម​ឌីជីថល និន្នាការ​នៃ​ការទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​បច្ចុប្បន្ននេះ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប គឺ​បណ្តាញ​ទំនាក់ទំនង​សង្គម​ជាពិសេស​ពី​ហ្វេ​ស​ប៊ុ​ក​និង​តិកតុក​។ ទន្ទឹមនឹង​ការ​ផ្តល់នូវ​ខ្លឹមសារ​សម្បូណ៌​បែប និង​មាន​ល្បឿន​លឿន បណ្តាញ​សង្គម​ក៏បាន​ធ្វើឱ្យមាន​បញ្ហា​នៃ​ការបំពុល​ព័ត៌មាន​តាមរយៈ​ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ​ដែលមាន​ចេតនា​ទុច្ចរិត​»​។

​ពាក់ព័ន្ធ​ព័ត៌មាន​ក្លែងក្លាយ​នេះ​លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា​បានធ្វើឱ្យ​ប៉ះពាល់​អវិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ និង​ធ្វើឱ្យប៉ះពាល់​ដល់​សង្គម ហើយ​ពេលខ្លះ​បង្កើតជា​បញ្ហា​ចលាចល និង​បំផ្លាញ​កិត្តិយស​បុគ្គល ឬ​ធ្វើឱ្យមាន​ការយល់ច្រឡំ និង​បាត់បង់​ជំនឿ​ទុកចិត្ត​ផងដែរ ហើយ​ដែល​យើងទាំងអស់គ្នា​ចាំបាច់​ត្រូវ​សហការគ្នា​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ឱ្យខាងតែបាន​។


​ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៃ​ប្រទេស​ទាំង ២ ​ក៏បាន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​សារព័ត៌មាន​ដោយ​ក្រសួង​ព័ត៌មាន​និង​គម​នា​គម​ន័​វៀតណាម​ស្វាគមន៍ និង​ត្រៀមខ្លួន​ផ្តល់នូវ​ការគាំទ្រ​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​តាមរយៈ​ការបញ្ជូន​មន្ត្រី​ទៅ​បណ្តុះបណ្តាល​នៅ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សារព័ត៌មាន​។

​ក្នុងឱកាស​នោះដែរ លោក នេត្រ ភក្ត្រា បាន​ថ្លែងអំណរគុណ​លោក ង្វៀន ម៉ាញ់​ហុង ដែល​នាពេល​កន្លងទៅ បាន​សម្របសម្រួល​និង​ផ្តល់​ការបណ្តុះបណ្តាល​សមត្ថភាព​ដល់​អ្នកកាសែត​កម្ពុជា និង​ការគាំទ្រ​ផ្នែក​សម្ភារ​សម្រាប់​បម្រើឱ្យ​ការងារ​ផ្សព្វផ្សាយ​។

​លើសពីនេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៃ​ប្រទេស​ទាំង ២ ​បាន​ឯកភាព​លើ​ការងារ​សម្របសម្រួល​ក​សាង​ច្រក​ព័ត៌មាន​សម្រាប់​ប្រទេស​ទាំងពីរ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​គ្នា​ទៅវិញទៅមក និង​ធ្វើឱ្យ​ពលរដ្ឋ​ទាំងពីរ​ទទួលបាន​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក​តាមរយៈ​ការសហការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ក្រុមអ្នកកាសែត​ខ្មែរ​នៅ​វៀតណាម និង​អ្នកកាសែត​វៀតណាម​មក​កម្ពុជា​ ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក​។

​ក្នុងជំនួប​នេះដែរ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ទំនាក់ទំនង​វៀតណាម និង​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សារព័ត៌មាន និង​ការផ្សព្វផ្សាយ​៕​