
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជួនណារ៉ុន ថ្លែងក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជួនណារ៉ុន បានឱ្យដឹងថា ការផ្ទេរមុខងារក្នុងវិស័យអប់រំ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស នឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៤តទៅ ដើម្បីពង្រីកការធ្វើវិមជ្ឈការមុខងារអប់រំ ការអប់រំកុមារតូចៗ និងការអប់រំក្រៅប្រព័ន្ធជាដើម សំដៅលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
លោកបានថ្លែងបែបនេះ នៅក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូ អភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៦២០ រូបផ្សេងទៀតផង នៅទីស្តីការក្រសួងមហាផ្ទៃ ដែលរៀបចំដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប)។
លោកមានប្រសាសន៍ថា លទ្ធផលនៃការសិក្សា វាយតម្លៃ នៃការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ ត្រូវបានយកមកពិភាក្សាពិគ្រោះយោបល់យ៉ាងល្អិតល្អន់នៅក្នុងកិច្ចប្រជុំជាមួយ គ.ជ.អ.ប. ដើម្បីកំណត់វិធានការគន្លឹះសម្រាប់ដោះស្រាយបញ្ហាប្រឈម និងសិក្សាអំពីជម្រើសសម្រាប់ការធ្វើវិមជ្ឈការការងារអប់រំ។
លោកបានបញ្ជាក់ថា៖«ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញ អនុក្រឹត្យលេខ២១៣ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ស្តីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងពង្រីកការធ្វើវិមជ្ឈការមុខងារអប់រំ យុវជន និងកីឡា ដូចអនុវត្តនៅតាមរដ្ឋបាលក្រុង ស្រុក ទាំង៤ នៅក្នុងខេត្តបាត់ដំបង ដោយនឹងត្រូវអនុវត្តរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៤តទៅ»។
បើតាមលោករដ្ឋមន្ត្រីក្រសួងអប់រំ ការធ្វើវិមជ្ឈការមុខងារអប់រំយុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេសនេះ ផ្តោតទៅលើការប្រគល់មុខងារគ្រប់គ្រងចំនួន ៣ រួមមាន ការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំ ក្រៅប្រព័ន្ធ។ ក្រៅពីនេះក៏មានការធ្វើប្រតិភូកម្មមុខងារគាំទ្រផ្នែករដ្ឋបាលចំនួន ៣ ផងដែរ។ ដោយឡែកមធ្យមសិក្សាចំណេះទូទៅ (អនុវិទ្យាល័យ និងវិទ្យាល័យ) ការអភិវឌ្ឍយុវជន និងកីឡា គឺប្រតិភូកម្មមុខងារគាំទ្រផ្នែករដ្ឋបាល តែផ្នែកបច្ចេកទេសក្រសួងអប់រំយុវជននិងកីឡា ជាអ្នកទទួលខុសដដែល។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. លោក ស សុខា បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគី ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានាក្នុងការរៀបចំ និងការអនុវត្តកម្មវិធី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅម្យ៉ាងទៀតថា កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឱ្យមានការវិវឌ្ឍទៅមុខ ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅធ្វើឱ្យគុណភាពជីវិតរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។
លោកក៏បានគូសបញ្ជាក់ថា៖«ក្នុងបណ្តាប្រទេសនានាលើពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកវិស័យអប់រំ គឺជាវិស័យអាទិភាពដ៏មានសារៈសំខាន់បំផុត និងជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍ធនធានមនុស្សដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព»។
គួររំឭកថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង សម្រាប់នីតិកាលទី៧ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មតេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗចំនួន ៤ ដែលជាអាទិភាពស្នូល ទី១ ការពង្រឹងអភិបាលកិច្ចសាលារៀន។ ទី២ ការពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដែលស្របតាមតម្រូវការនៅក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថ របស់សិស្ស ដោយសារតែនៅសាលារដ្ឋ ការបង្រៀនបានត្រឹមតែពាក់កណ្តាលថ្ងៃ (៤ម៉ោងក្នុងមួយថ្ងៃ )ប៉ុន្តែជារួមនៅប្រទេសជិតខាងការសិក្សារបស់គេធ្វើឡើងពេញមួយថ្ងៃ ដូច្នេះការបង្កើតឱ្យមានកម្មវិធីក្រៅម៉ោងសិក្សានេះ គឺមានគោលដៅដើម្បីបង្កើនចំនួនម៉ោងសម្រាប់សិស្សរៀនក៏ដូចជាការស្រាវជ្រាវ។
ទី៣ ការយកចិត្តទុកដាក់ទៅលើសុខភាពរបស់សិស្ស និងសុខភាពរបស់គ្រូតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤ ការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល សហគមន៍ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅក្នុងការអប់រំ ក្រោមពាក្យស្លោក ភាពដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ៕