
ជំនួបរវាងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទី អាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
កម្ពុជា និងសហរដ្ឋអាមេរិក បានពិភាក្សាលើការរិះរកវិធី និងមធ្យោបាយ សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យឈានឡើងមួយកម្រិតទៀត ខណៈអាមេរិកបានសម្រេចផ្ដល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងាររបស់ខ្លួន បន្ទាប់ពីបានផ្អាកមួយរយៈក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទី អាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា លោកស្រី វ៉ិចតូរីយ៉ា នូលែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក ហ៊ុន ម៉ាណែត ដែលបានអញ្ជើញមកទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាត និងបានអបអរសាទរចំពោះការជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
លោកស្រី វ៉ិចតូរីយ៉ា នូលែន បានគូសបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើថា៖«សហរដ្ឋអាមេរិកស្វាគមន៍ឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈការធ្វើការជិតស្និទ្ធជាមួយសម្ដេចធិបតី និងចង់ឃើញសម្ដេចធិបតី ក៏ដូចប្រទេសកម្ពុជាទាំងមូល ទទួលបានជោគជ័យ»។
បើតាមសេចក្តីប្រកាសព័ត៌មាន កិច្ចពិភាក្សាបានផ្តោតលើការរិះរកវិធី និងមធ្យោបាយ សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យឈានឡើងមួយកម្រិតទៀត។ ឆ្លៀតក្នុងឱកាសនេះ លោកស្រី វ៉ិចតូរីយ៉ នូលែន បានគោរពជម្រាបជូនថា សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរ ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដោយលោកស្រី វ៉ិចតូរីយ៉ា នូលែន បានស្នើពន្លឿននីតិវិធីនៃការទទួលយកពលរដ្ឋទាំងនោះ។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជានឹងពិនិត្យ កែសម្រួលនីតិវិធីឱ្យដំណើរការដោយរលូន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកក៏បានស្នើឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់ ជាពិសេសចំពោះពលរដ្ឋខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍ និងដែលមានបញ្ហាសុខភាព។
ក្នុងនោះដែរ លោកស្រី វ៉ិចតូរីយ៉ា នូលែន បានបញ្ជាក់ថាបញ្ហាសុខភាព គឺជាអ្វីដែលសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់កន្លងមក និងបន្តយកចិត្តទុកដាក់។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ លើវិស័យដែលប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល៕

លោក មិន ធឿន ឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម