ក្រសួងបរិស្ថាន និងអង្គការដៃគូ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើ សេចក្ដីព្រាងសេចក្ដីសម្រេចការបង្កើតក្រុមការងារ និងដំណើរការរៀបចំគ្រប់គ្រងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់សហគមន៍ជនជាតិដើមភាគតិច រស់នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ដើម្បីឱ្យដំណើរការរៀបចំគ្រប់គ្រងតំបន់បេតិកភណ្ឌវប្បធម៌ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
ក្រសួងបរិស្ថាន សហការគាំទ្រដោយអង្គការ WCS អង្គការ CIPO and World Hope បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់សេចក្តីព្រាងខាងលើ កាលពីថ្ងៃទី ២២ខែកញ្ញា ឆ្នាំ ២០២៣ នៅខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពី មន្ត្រីរាជការ និងតំណាងសហគមន៍ជនជាតិដើមភាគតិចព្នងសរុប ១២៧ នាក់។
ក្រសួងបរិស្ថាន បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីឱកាស បញ្ហាប្រឈម តម្រូវការ និងកំណត់សក្ដានុពល ការគ្រប់គ្រងតំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ការចូលរួមថែរក្សាប្រពៃណី ទំនៀមទម្លាប់ ជំនឿ និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិចរស់នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
លោកស្រី ម៉ុម ថានី មានប្រសាស៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ និងយុទ្ធសាស្រ្តបញ្ចកោណគ្រប់ជ្រុងជ្រោយដែលឈរលើបាវចនាចំនួន ៥គឺ កំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព។ លោកស្រីថ្លែងថា៖«ក្នុងនោះវិស័យបរិស្ថានមានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងបញ្ចកោណទី៤ មុំទី២ ស្តីពីការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព និងមុំទី៥ ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចបៃតង»។
សម្រាប់ដំណាក់កាលទី១នៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារជាអាទិភាពចំនួន៣ គឺទី១ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក»ដែលផ្តើមចេញពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូក្នុងសាលារៀន។
ទី២ ការដាំស្តារដើមឈើគ្រប់ប្រភេទដើម្បីពង្រីកវិសាលភាពគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ ២០៥០ តាមរយៈការដាក់ចេញនូវផែនការដាំកូនឈើចំនួន ១ លានដើម ជារៀងរាល់ឆ្នាំ និងផែនការ ទី៣ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានតាមរយៈការរៀបចំ និងអភិវឌ្ឍរបៀងទេសចរណ៍ធម្មជាតិ និងវប្បធម៌ និងការផ្តល់នូវជម្រើសមុខរបរសមស្របទៅនឹងស្ថានភាពរស់នៅរបស់សហគមន៍នីមួយៗ។ លោកស្រីបញ្ជាក់បន្ថែមថា៖«ដើម្បីសម្រេចបាននូវការងារអាទិភាពខាងលើនេះ ចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ អង្គការដៃគូជាតិ និងអន្តរជាតិ និងវិស័យឯកជន»។
លោកស្រីថា ជាក់ស្តែងកម្មវិធីថ្ងៃនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចសហការរវាងអ្នកពាក់ព័ន្ធក្នុងការរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវចំពោះការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដែលជាផលប្រយោជន៍រួមរបស់សហគមន៍ជនជាតិដើមភាគតិចដែលរស់នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
នាឱកាសនោះដែរ អ្នកចូលរួមទាំងអស់ ពោលអាជ្ញាធរដែនដី ប្រជាសហគមន៍ និងសិស្សានុសិស្ស សរុបប្រមាណ ១០០ នាក់ បានចូលរួមដាំកូនឈើ ចំនួន ៥១០ ដើម(បេង, ត្រាច,ធ្នង់, គ្រញូង) នៅដែនជម្រកសត្វព្រៃកែវសីមា ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោកស្រី ម៉ុម ថានី ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស និងប្រជាសហគមន៍ ឱ្យចេះស្រឡាញ់បរិស្ថាន ធម្មជាតិ និងរស់នៅស្អាត ត្រូវធ្វីអនាម័យក្នុងគ្រួសារ និងសហគមន៍ ដើម្បីសុខុមាលភាពសហគមន៍៕