ដោយ​អនុវត្ត​តាម​ផែនការ​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ និង អគ្គស្នងការដ្ឋាន​នគរបាលជាតិ មន្ត្រី​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ នឹងចាប់​ផ្តើម​ធ្វើ​ការ​ផាក​ពិន័យ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ ដែល​បើកបរ​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចាប់​ពី​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ ២០២៣ ខណៈអ្នក​ជំនាញ​ក្នុង​វិស័យ​នេះ សម្តែង​ការ​គាំទ្រ ហើយ​សង្ឃឹម​ថា​នឹង​រួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។ នេះ​បើ​តាម​ស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃទី​២២ ខែ​កញ្ញា។


ជាមួយគ្នានេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរណ៍ និង​ចូលរួម​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ឱ្យ​កាន់តែ​នៅ​កម្រិត​ទាប។

ជុំវិញ​ការ​អនុវត្តន៍​នេះ លោក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌ​ដង្កោ បាន​ណែនាំ​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​ខណ្ឌ​ត្រូវ​គោរព​វិន័យ​កងកម្លាំង​ឱ្យ​បាន​ខ្ជាប់ខ្ជួន ក្រម​សីលធម៌​គុណធម៌ និង​មិន​ត្រូវ​ពួនលាក់​ខ្លួន​ក្រោម​ដើមឈើ ឬ​កន្លែង​ផ្សេងៗ​ជា​ដាច់ខាត។


លោក​មាន​ប្រសាសន៍​ថា៖ «ត្រូវ​ឈរ​គោរព​ប្រជាពលរដ្ឋ អ្នក​បើកបរ បើ​ក្នុង​ករណី​ខ្វះ​ចន្លោះ​ប្រហោង​ចំណុច​ណា​ត្រូវ​ណែនាំ​ប្រកប​ដោយ​សម្តីវាចា​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់»។

ទាក់ទង​ការ​ផាកពិន័យ​នេះ​ដែរ លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី បាន​សម្តែង​ការ​គាំទ្រ​ចំពោ​វិធានការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នេះ ព្រោះ​លោក​មើល​ឃើញ​វិធានការ​នេះ មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​មួយ ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ស្លាប់ និង​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។


ទោះជាយ៉ាងណា លោក​ស្នើសុំ​ឱ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចរាចរណ៍ ផ្តោត​ជា​សំខាន់​លើ​ការ​មិន​ពាក់មួក ការ​មិន​ពាក់​ខ្សែ​ក្រវាត់ ការ​បើកបរ​លើស​ល្បឿន​កំណត់ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ការ​និយាយ​ទូរស័ព្ទ​ពេល​បើកបរ ការ​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​ការ​មិន​គោរព​អាទិភាព​ជាដើម។ មួយវិញទៀត ការ​អនុវត្ត​ច្បាប់​នេះ ត្រូវ​ធ្វើយ៉ាងណា​ប្រកប​ដោយ​ស្មើភាព តម្លាភាព និង​ឱ្យ​បាន​ត្រឹមត្រូវ​បំផុត​ទៅតាម​ច្បាប់​ដែល​មានចែង។

លោកថ្លែង​ថា៖«ច្បាប់​ពិន័យ​ប៉ុន្មាន យើង (សមត្ថកិច្ច) ពិន័យ​ទៅ​តាម​កំណត់ហ្នឹង»។

ជាមួយ​គ្នានេះដែរ លោក​ក៏​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែ​អនុវត្ត​វិធានការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ឱ្យ​បានទូលំទូលាយ និង​ជាប់លាប់​នៅ​តាម​ទីតាំង​ដែល​មាន​ហានិភ័យ​ខ្ពស់​ដោយ​អនុវត្ត​ទាំង​ថ្ងៃ និង​យប់ ដើម្បី​ធ្វើ​យ៉ាងណា កាត់​បន្ថយ​ការ​ស្លាប់ និងរងរបួស​គ្រោះថ្នាក់​ចរាចរណ៍​បាន​យូអង្វែង ។

លោកថា៖«បើ​មិន​ដូច្នោះ​ទេ តួលេខ​នៃ​ចំនួន​នៃ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំនេះ នឹង​កើន»៕