ភ្នំពេញៈ ​ក្រសួងសុខាភិបាល បានប្រកាស​ក្រើន​រំឭកដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ត្រូវការពារ​ខ្លួន​ពី​ជំងឺ​ហ្ស៊ី​កា (Zika Virus) បន្ទាប់ពី​បាន​រកឃើញ​ករណី​ជំងឺ​ហ្ស៊ី​កា​ដំបូង​នៅក្នុង​ឆ្នាំ​ ២០២៣ លើ​កុមារីអាយុ ៧ ​ឆ្នាំម្នាក់​ ដែល​បាន​ឆ្លង​ជំងឺ​ហ្ស៊ី​កា ក្នុង​ខេត្តកំពង់ធំ ដែល​លទ្ធផល​បង្ហាញ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ កាលពី​ថ្ងៃទី​ ​២១ ខែកញ្ញា ឆ្នាំ​ ២០២៣​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​​ ២៤ ខែកញ្ញា បានឱ្យដឹងថា ក្រសួង​បានរ​កមាន​ករណី​ជំងឺ​ហ្ស៊ី​កា​ចំនួន​១​ករណី កើត​លើ​កុមារី​អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​ពពេជ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ដែល​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍​-​សន្ទុក កាលពី​ថ្ងៃទី​១៨ នៅ​ផ្នែក​សង្គ្រោះបន្ទាន់​កុមារ ដោយមាន​រោគសញ្ញា ក្តៅខ្លួន​ខ្លាំង មាន​ក្អួត និង​រាក​។​

​បន្ទាប់ពី​គ្រូពេទ្យ​បាន​ព្យាបាល កុមារី បាន​ធូរស្បើយ​លែងមាន​ក្អួត​ទៀត គ្រូពេទ្យ​បានធ្វើ​តេស្ត​រហ័ស​រក​ជំងឺគ្រុនឈាម តែ​លទ្ធផល​អវិជ្ជមាន​។


​ក្រសួង​បន្តថា នៅ​ថ្ងៃទី​១៩ គ្រូពេទ្យ​បាន​បន្ត​យក​វត្ថុ​វិភាគ និង​បាន​ផ្ញើ​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ថ្ងៃទី​២០ បន្ទាប់មក លទ្ធផល​បង្ហាញ​នៅ​ថ្ងៃទី​២១ ខែកញ្ញា គឺ​វិជ្ជមាន​វីរុស​ហ្ស៊ី​កា​។​

​សេចក្តីប្រកាស​បាន​បន្ត​ថា ៖ «​ក្រសួងសុខាភិបាល សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ជ្រាបថា វីរុស​ហ្ស៊ី​កា ឆ្លង​មក​មនុស្ស តាមរយៈ មូស​ខ្លា​ដែលមាន​ផ្ទុក​វីរុស​ហ្ស៊ី​កា​ខាំ​។ ប្រភេទ​មូស​ខ្លា​នេះ​គឺ​ដូចគ្នា​និង​មូស​ខ្លា​ដែល​ផ្ទុក​វីរុស​ជំងឺគ្រុនឈាម​និង​គ្រុន​ឈី​ក​»​។​


​ជំងឺ​ហ្ស៊ី​កា អាច​ឆ្លងតាម​ការរួម​ភេទ​ជាមួយ​អ្នក​ដែល​ផ្ទុក​វីរុស​ហ្ស៊ី​កា​ពីព្រោះ​វីរុស​នេះ​មាន នៅក្នុង​ទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំង​សារធាតុ​រាវ​រា​ង​កាយ នៅក្នុង​ខួរក្បាល និង​ខួរឆ្អឹងខ្នង​។ វីរុស​ហ្ស៊ី​កា​ឆ្លង​ពី​ម្ដាយ​ទៅ​កូន​ក្នុង អំឡុង​មាន​ផ្ទៃពោះ និង​នៅពេល​សម្រាល​។​

​វីរុស​ហ្ស៊ី​កា​ជាធម្មតា​បណ្ដាលឱ្យមាន​ជំងឺ​ហ្ស៊ី​កា​ស្រាល​មិន​ធ្ងន់ធ្ងរ​ទេ ដែល​ចេញ​រោគសញ្ញា​ពី​២ ទៅ ៣​ថ្ងៃ បន្ទាប់ពី​មនុស្ស​ម្នាក់​ត្រូវបាន​ខាំ​ដោយ​សត្វ​មូស​ខ្លា​ដែល​ផ្ទុក​វីរុស​ហ្ស៊ី​កា រោគសញ្ញា​ទូទៅ មានដូចជា​គ្រុនក្ដៅ​ស្ទេញៗ និង​កន្ទួល​ក្រហម​លើ​ស្បែក អ្នកខ្លះ​ទៀត​អាច​នឹងមាន ភ្នែក​ឡើង​ក្រហម ឈឺ​សាច់ដុំ ឈឺសន្លាក់ និង​អស់កម្លាំង​ជាដើម​។ នេះ​បើតាម​ក្រសួង​បញ្ជាក់​។​

​ក្រសួង​បន្តថា ៖ «​រោគសញ្ញា​ទាំងនេះ ជាធម្មតា​អាចជា​សះស្បើយ​ក្នុង​រយៈពេល​ពី ២ ទៅ ៧​ថ្ងៃ ហើយ​អត្រា​ស្លាប់មាន​កម្រិត​តិចតួច​ណាស់​។ គេ​បាន​ប៉ាន់ប្រមាណ​ថា ៨០% នៃ​មនុស្ស​ដែល​បាន​ឆ្លង​វីរុស​នេះ​មិនបាន​បង្ហាញ​រោគសញ្ញា​អ្វី​ទេ​។ មាន​ករណី​តិចតួច បំផុត​ដែល​អាច​វិ​វត្ត​ទៅជា​ទន់ដៃទន់ជើង ហើយ​បើ​កើតមាន​លើ​ស្ត្រី​មាន​ផ្ទៃពោះ គឺអាច​ទារក​ស្លាប់​ក្នុង​ផ្ទៃ ឬ​ក្បាល​ទារក​អាច​តូច​ជាង​ធម្មតា​»​។​

​ក្រសួងសុខាភិបាល បន្តថា ជំងឺ​ហ្ស៊ី​កា​មិនមាន​ការព្យាបាល​ជាក់លាក់​ទេ ប៉ុន្តែ​តម្រូវឱ្យ​ផ្ដល់​ការព្យាបាល​គាំទ្រ និង​ថែទាំ​ទៅតាម​រោគ​ស​ញ្ញា អ្នកជំងឺ​។ មនុស្ស​ដែលមាន ជំងឺ​ហ្ស៊ី​កា គួរ​សម្រាក​និង​ពិសា​ទឹក​ឱ្យបាន​ច្រើន ព្រមទាំង​ព្យាបាល​ការឈឺចាប់​និង​គ្រុនក្ដៅ ដោយ​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​ធម្មតា តែ​មិន​តម្រូវ​ឱ្យប្រើ​ថ្នាំ​ផ្សះ​ទេ​។

​សេចក្តីប្រកាស​បន្តថា ប្រសិនបើ​រោគសញ្ញា​កាន់តែ​ធ្ងន់ធ្ងរ សូម​ស្វែងរក​ការពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​នៅតាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​លោកអ្នក​។ ការធ្វើ​រោគវិនិច្ឆ័យ​គឺ​តាម រយៈ​មន្ទីរពិសោធន៍​នៅក្នុង​ប្រទេស​កម្ពុជា​ដូចជា មន្ទីរពិសោធន៍​នៅ​វិទ្យាស្ថាន​សុខភាព​សាធារណៈ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​អាចធ្វើ​តេស្តរ​កវី​រុស​ហ្ស៊ី​កា​បាន​។

​ក្រសួង​បញ្ជាក់ថា ៖ «​បច្ចុប្បន្ន​មិនមាន​វ៉ាក់សាំង​ដែល​អាច​ប្រើ​សម្រាប់​បង្ការ​ជំងឺ​នេះ​នៅឡើយ​ទេ​។ សូម​ប្រកាស​ក្រើនរំឭកជាថ្មី ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ថា ការបង្ការ​ដែល​ល្អ​បំផុត ពី​ជំងឺ​ហ្ស៊ី​កា គឺ​ត្រូវ​អនុវត្តដូច​ទៅនឹង​ការបង្ការ​ជំងឺគ្រុនឈាម និង​គ្រុន​ឈី​ក​ដែរ រួមមាន​ការពារ​ខ្លួន​កុំ​ឱ្យមូស​ខ្លាខាំ​»​។​

​ទន្ទឹមនឹង​នេះដែរ ក្រសួងសុខាភិបាល ក៏បាន​បញ្ជាក់​ផងដែរ​ដល់​គូ​ស្វាមីភរិយា ឬ​ស្ត្រី​មាន​គម្រោង​មាន​ផ្ទៃពោះ ដែល​ទើប​វិលត្រឡប់​មកពី​តំបន់​ដែល​ផ្ទុះ ឬ​កំពុងមាន​ជំងឺ​ហ្ស៊ី​កា ត្រូវ​រង់ចាំ​យ៉ាងតិច​៦​ខែ​មុនពេល​ព្យាយាម​មាន​ផ្ទៃពោះ ដើម្បី​ធានាថា​គ្មាន​ការឆ្លង​វីរុស​ហ្ស៊ី​កា​ទៅ​ទារក​ដែល​នឹង​បង្ក​កំណើត​។​

​យោងតាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បានប្រកាស​ឱ្យដឹង​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា​ថា មេរោគ​ហ្ស៊ី​កា​ត្រូវបាន​ចម្លង​ជា​ចម្បង​ដោយ​មូស​ប្រភេទ Aedes​ដែល​ខាំ​ភាគច្រើន​នៅពេល​ថ្ងៃ​។​មនុស្ស​ភាគច្រើន​ដែលមាន​ការឆ្លង​មេរោគ​ហ្ស៊ី​កា មិនមាន​រោគសញ្ញា​ទេ​។

​នាយកដ្ឋាន​ដដែល​បាន​បញ្ជាក់ថា ៖ «​អ្នក​ដែលមាន​រោគសញ្ញា​ជាធម្មតា​រួមមាន​កន្ទួល គ្រុនក្តៅ រលាក​សន្លាក់ ឈឺ​សាច់ដុំ និង​សន្លាក់ ឈឺក្បាល និង​ឈឺក្បាល​ដែលមាន​រយៈពេល ២-៧ ថ្ងៃ​។​ការឆ្លង​មេរោគ នេះ​អំឡុងពេល​មាន​ផ្ទៃពោះ​អាច​បណ្តាលឱ្យ​ទារក​កើតមក​មាន microcephaly (​ទារក​ក្បាល​តូច​) និង​ភាពមិនប្រក្រតី​ពី​កំណើត​ផ្សេងទៀត ក៏ដូចជា​ការកើត​មិន​គ្រប់​ខែ និង​ការ​រលូត​កូន​»​។​

​ប្រភព​ដដែល​បន្តថា មន្ត្រី​ក្រុម​ឆ្លើយតប​បន្ទាន់​គ្រប់​ជាន់ថ្នាក់​និង​មន្ត្រី​ជំនាញ​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង កំពុង​ចុះ​ទប់ស្កាត់​ការរីក​រាលដាល និង​អង្កេត​ស្រាវជ្រាវ​រក​ប្រភព​ចម្លង ដើម្បី​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​អំពាវនាវ​ថា ៖ «​សូម​បងប្អូន​ទាំងអស់​បង្ការ​កុំឱ្យ​មូស​ខាំ ជាពិសេស​កុមារ​តូច​និង​ស្ត្រី​មាន​ផ្ទៃពោះ​និង​ធ្វើ​អនាម័យ​ជុំវិញ​ផ្ទះ ក្នុងករណី​មាន​រោគសញ្ញា​ដូចខាងលើ សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជំងឺ​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ឬ​ទាក់ទង​តាម​លេខ​១១៥»៕