ភ្នំពេញៈ ក្នុងជំនួបរវាងលោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងតំណាងមកពីគណបក្សភ្លើងទៀននៅថ្ងៃទី ២១ ខែកញ្ញា កន្លងទៅ ក្រសួងមហាផ្ទៃបានច្រានចោលការស្នើសុំពីគណបក្សភ្លើងទៀនលើលិខិតច្បាប់ដើម ឬទុតិយតា (សន្លឹកបង្កាន់ដៃលើកទី២) ដើម្បីអនុញ្ញាតឱ្យគណបក្សមួយនេះបន្តជីវិតនយោបាយរបស់ខ្លួនបន្តទៀត។
លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញាថា អ្វីដែលគណបក្សភ្លើងទៀនជួបជាមួយក្រសួងមហាផ្ទៃលើកនេះ មិនខុសពីលើកមុនៗឡើយ គឺដើម្បីទទួលបានប្រកាសលេខ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពីចុះបញ្ជីគណបក្សនយោបាយ របស់គណបក្សភ្លើងទៀន។
លោកបន្តថា ដោយសារខ្លឹមសារនៃលិខិតបញ្ជាក់ លេខ០៤៣ប ចុះថ្ងៃ៥ ខែឧសភា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ គឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទទួលយក ហើយគ.ជ.ប តម្រូវ យកតែប្រកាសលេខ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ដែលបញ្ជាក់នីត្យានុកូលកម្ម ជាមូលហេតុនាំឱ្យគណបក្សភ្លើងទៀនខកខានមិនបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
លោកបន្ថែមថា ទន្ទឹមនេះ គណបក្សភ្លើងទៀន នៅតែបន្តសុំច្បាប់ដើម ដើម្បីយកទៅថតចម្លងនៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីខេត្ត ដើម្បីអាចឱ្យគណបក្សលោកបានចូលរួមការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅពេលខាងមុខ។
ជាមួយនេះ ប្រសិនបើ ករណីនេះមិនអាចទៅរួច គណបក្សស្នើឱ្យក្រសួងមហាផ្ទៃធ្វើទុតិយតានៃប្រកាសលេខ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ដោយសារលិខិតបញ្ជាក់លេខ០៤៣ប បានបញ្ជាក់ហើយថា គណបក្សភ្លើងទៀនជាគណបក្សស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។
លោកគីមសួរ ភិរិទ្ធ ថា៖ «ពិតណាស់គណបក្សភ្លើងទៀនមានគោលដៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ សង្កាត់នាពេលខាងមុខនេះ ដូច្នេះហើយទើបពួកយើងស្នើសុំយ៉ាងទទូចឱ្យក្រសួងមហាផ្ទៃផ្តល់លិខិតដើមមកគណបក្សរបស់យើង ដើម្បីបន្តជីវិតនយោបាយទៅមុខទៀត ក៏ប៉ុន្តែក្រសួងមហាផ្ទៃនៅតែបដិសេធមិនព្រមប្រគល់ឱ្យយើងនោះទេ ដោយលើកហេតុផលថា លើសដែនសមត្ថកិច្ចរបស់ក្រសួង»។
លោកសង្កតត់ធ្ងន់ថា៖ «ប្រសិនតាមបច្ចេកទេសនោះវាគ្មានឧបសគ្គអ្វីធំដុំនោះទេ ដែលក្រសួងមហាផ្ទៃអាចចេញលិខិតតាមការស្នើសុំរបស់យើង ក៏ប៉ុន្តែវាពាក់ព័ន្ធរឿងនយោបាយទៅវិញទេដែលជាឧបសគ្គក្នុងការផ្តល់នូវការស្នើសុំទាំងនេះ។ ខ្ញុំមិនអាចលើកឡើងនៅពេលនេះបានទេ ថាតើជីវិតគណបក្សរបស់យើងនឹងវិវត្តទៅជាយ៉ាងណានៅពេលនេះ ក៏ប៉ុន្តែជាគោលបំណងរបស់យើង យើងនៅតែខំធ្វើយ៉ាងណាឱ្យគណបក្សភ្លើងទៀននៅតែអាចបន្តការធ្វើនយោបាយរបស់ខ្លួនដោយស្របច្បាប់ក្នុងប្រទេសកម្ពុជា»។
ចំណែក លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានលើកឡើងនាជំនួបនោះថា ក្រសួងបានទទួលជួបតំណាងគណបក្សភ្លើងទៀនរហូតដល់លើកទី៤មកហើយ ដែលបង្ហាញថា មិនមែនក្រសួងមហាផ្ទៃបដិសេធ ឬមិនយកចិត្តទុកដាក់ក្នុងការស្វែងរកដំណោះស្រាយឱ្យគណបក្សភ្លើងទៀននោះទេ ប៉ុន្តែដោយសារច្បាប់ស្តីពីគណបក្សនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មិនបានផ្តល់សមត្ថកិច្ចឱ្យក្រសួងមហាផ្ទៃចេញជូនឯកសារចុះបញ្ជីច្បាប់ដើម ជាថ្មី ឬឯកសារច្បាប់ទុតិយតានៃប្រកាសចុះបញ្ជីឡើយ។
យោងតាមកំណត់ហេតុស្តីពីកិច្ចប្រជុំរវាងក្រសួងមហាផ្ទៃ និងគណបក្សភ្លើងទៀន លោកបានបញ្ជាក់ថា៖ «ក្រសួងមហាផ្ទៃមានសមត្ថកិច្ចក្នុងការអនុញ្ញាតឱ្យបង្កើត និងចុះបញ្ជីគណបក្សនយោបាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោត គឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
លោកលោក ប៊ុន ហុន បន្តថា ៖ «ដូច្នេះ ក្រសួងមហាផ្ទៃមិនអាចជ្រៀតជ្រែកកិច្ចការរបស់ស្ថាប័ន គ.ជ.ប បានឡើយ។ ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោត ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មិនមានបទប្បញ្ញត្តិចែងកំណត់ឱ្យក្រសួងមហាផ្ទៃចេញជូនឯកសារចុះបញ្ជីច្បាប់ដើមជាថ្មី ឬឯកសារច្បាប់ទុតិយតានៃប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយ ជូនគណបក្សនយោបាយដែលបាត់ ឬខូចខាតនោះឡើយ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.បបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញាថា ប្រសិនបើគណបក្សភ្លើងទៀនពុំមានលិខិតច្បាប់ដើមឬទុតិយតាកាន់មកគ.ជ.បនោះទេ នោះគណបក្សនេះនឹងពុំអាចអនុញ្ញាតឱ្យចូលរួមបោះឆ្នោតក្រុមប្រឹក្សានៅដើមឆ្នាំក្រោយបានទេ។
លោកថា៖ «យើងនៅតែមិនអនុញ្ញាតដដែល ដូចកាលពីការបោះឆ្នោតជាតិដែលកន្លងទៅថ្មីៗនេះដូច្នេះដែរ គឺថា គ.ជ.ប ទាមទារឱ្យគណបក្សភ្លើងទៀនមានលិខិតដើមរបស់គណបក្សគាត់មកយើង។ យើងមិនទទួលស្គាល់ត្រឹមតែលិខិតបញ្ជាក់របស់ក្រសួងមហាផ្ទៃ ដូចមុនពេលបោះឆ្នោតនោះទេ»។
គណបក្សភ្លើងទៀន បានបាត់បង់ឱកាសចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧កន្លងទៅនេះ ដោយសារតែបក្សនេះបានបាត់ច្បាប់ដើមនៃការចុះបញ្ជីគណបក្ស៕