ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានបញ្ជាក់​ឱ្យដឹងថា ក្រសួងបរិស្ថាន​បាន​ឈាន​មួយ​ជំហាន​ទៀត​លើ​ការអនុវត្ត​នូវ​យុទ្ធនាការ​ឆ្ពោះទៅ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅតាម​រោងចក្រ ខណៈដែល​សហជីព​គាំទ្រ​ចំពោះ​ក្រសួង​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​ជាមួយនឹង​កម្មករ​និ​យោ​ជិ​ត​។​


​លោក អ៊ាង សុផល្លែត បានលើកឡើង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២៣​ថា យុទ្ធនាការ ១​កញ្ញា បាន​រីក​រាលដាល​ចូលដល់​រោងចក្រ​ហើយ «​យើង​រួមគ្នា​ដើម្បី​ភាពស្រស់ស្អាត និង​គ្មាន​សារធាតុពុល​កម្ពុជា​»​។​

​លោក​បាន​បន្តថា ៖ «​ខ្ញុំ​សូម​អរគុណ​បងប្អូន ក្មួយៗ​កម្មករ​កម្ម​ការិ​នី និង​បុគ្គលិក​រោងចក្រ​ទាំង​៤ សរុប​កម្មករ​កម្មការិនី​ទាំងអស់​ចំនួន ២ ៤១២​នាក់ ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​៖​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»​។​


​រោងចក្រ សហគ្រាស​ដែល​បាន​ចូលរួម​អនុវត្ត​យុទ្ធនាការ​នេះ រួមមាន​៖ រោងចក្រ​កាត់ដេរ ម៉េង​តុង ហ្គា​មេន មេ​នូ​ហ្វេ​ក​ធឺ​រីង អិ​ល​ធី​ឌី មាន​អ្នកចូលរួម ៧០០ នាក់​, រោងចក្រ​កាត់ដេរ ម៉េង​យី ហ្គា​មេន​មេ​នូ​ហ្វេ​ក​ធឺ​រីង ឯ​.​ក មាន​អ្នកចូលរួម ១ ២០០ នាក់​, រោងចក្រ​បោកគក់ ម៉េង​យ៉ាន ហ្គា​មេន មេ​នូ​ហ្វេ​ក​ធឺ​រីង​&​វេត ប្រូ​សេស​ស៊ី​ង អិ​ល​ធី​ឌី មាន​អ្នកចូលរួម ២៥០ នាក់​និង​រោងចក្រ​កាត់ដេរ មីន​ម៉ាក (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី មាន​អ្នកចូលរួម ២៦២ នាក់​។​

​លោក អ៊ាង សុផល្លែត ក៏បាន​សាទរ​ជាមួយនឹង​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​ពី​សំណាក់​កម្មករ កម្ម​ការិនី ដែល​បម្រើ​ការងារ​ក្នុង​រោងចក្រ​ទាំង​៤​នេះ ហើយ​លោក​បាន​លើកទឹកចិត្ត​ឱ្យ​រោងចក្រ​ដទៃទៀត​ចូលរួម​ក្នុង​យុទ្ធនាការ​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ដើម្បី​ភាពស្រស់ស្អាត និង​គ្មាន​សារធាតុពុល​កម្ពុជា​។​


​ជុំវិញ​យុទ្ធនាការ​នេះ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា នៅ​ថ្ងៃទី​២៤ ខែកញ្ញា បាន​គាំទ្រ​ចំពោះ​ក្រសួងបរិស្ថាន​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ការចូលរួម​ផ្សព្វផ្សាយ​ដល់ក​កម្មករ​កម្មការិនី និង​រោងចក្រ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក នៅពេលនេះ​។​

​លោក​បាន​បន្តថា ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ច្រើន​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន និង​បរិយាកាស​ជុំវិញ​រោងចក្រ ដែល​អាច​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​កម្មករ​កម្មការិនី នៅតាម​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ​។​

​លោក​ថ្លែងថា​៖«​ដូច្នេះ គួរតែ​ឱ្យមាន​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ​ឱ្យបាន​តិច​បំផុត ដោយ​ជំនួស​មកវិញ​នូវ​ការប្រើប្រាស់​ក្រដាស និង​គូ​តុង​ផ្សេងៗ ដែល​មិន​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​។ មួយទៀត សំណូម​ម​ពរ​ដល់​អ្នកលក់ដូរ​នៅមុខ​រោងចក្រ បើ​មិនចាំបាច់​ទេ​មិនត្រូវ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ទេ ដោយ​គួរតែ​ទិញ​ជា​ថង់​ក្រដាស​វិញ ដើម្បី​ចូលរួម​កាត់បន្ថយ​ហានិភ័យ​បរិស្ថាន​កម្ពុជា​យើង​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ ដែរ លោក ជុំ ហ៊​ត ប្រធាន​សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន និង​សង្គម ក៏បាន​សម្តែង​ការគាំទ្រ​ចំពោះ​ក្រសួងបរិស្ថាន​ដែលមាន​គោលនយោបាយ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅតាម​រោងចក្រ​នៅពេលនេះ​។​

​លោក​បន្ថែមថា​កន្លងមក លោក​មើលឃើញ​កម្មករ​កម្ម​រិ​នី​នៅតាម​រោងចក្រ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ច្រើន ដែល​ធ្វើឱ្យ​រាយប៉ាយ និង​ហោះហើរ​ពាសពេញ​ដី ប៉ុន្តែ​នៅពេល​ក្រសួងបរិស្ថាន​ធ្វើបាន​ពិតប្រាកដ​មែន វា​នឹងមិន​ធ្វើឱ្យប៉ះពាល់​ដល់ក​ម្មករ​កម្មការិនី និង​ការរស់នៅ​របស់​ពួកគាត់​បាន​កាន់តែច្រើន​។​

​សូម​រំឭកដែរថា ក្រសួងបរិស្ថាន បាននិងកំពុង​អនុវត្ត​យុទ្ធនាការ ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​» នៅតាម​សាលារៀន​នៅ​ទូទាំងប្រទេស​ផងដែរ​៕