ភ្នំពេញៈ ​ក្រសួងសុខាភិបាល ណែ​នាំឱ្យ​ភ្នាក់ងារ​សុខាភិបាល​បង្កើន​ការអប់រំ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​អំពី​កត្តា​ប្រឈម តាំងពី​ពេល​មក​ពិនិត្យ​ផ្ទៃពោះ​លើកដំបូង ដើម្បី​វាយ​តម្លៃភាព​ធ្ងន់ធ្ងរ​នៃ​កត្តា​ប្រឈម​ឱ្យបាន​ទាន់ពេលវេលា ហើយ​ភ្នាក់ងារ​សុខាភិបាល​ត្រូវ​សម្រេចចិត្ត​រៀបចំ​បញ្ជូន​ម្តាយ ឬ​ម្តាយ​ជាមួយ​ទារក ឱ្យបាន​ទាន់ពេលវេលា និង​សមស្រប​បំផុត​សម្រាប់​ការជួយ​អាយុជីវិត ទាំង​ម្តាយ និង​ទារក ឱ្យ​កាន់តែ​ប្រសើរ​។​


​ការណែនាំ​នេះ បានធ្វើ​ឡើង​ក្នុងឱកាស​សមាគម​គ្រូពេទ្យ​ទារក​កម្ពុជា បានរៀបចំ​ទិវា​ស​ន្និសីទ​លើក​ទី​៦ ក្រោម​ប្រធានបទ​« ការថែទាំ​សុខភាព​ទារក​ជុំវិញ​កំណើត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​ការ​ប្រឈម​ខ្ពស់ និង​ការថែទាំ​ទារក​តាមរបៀប​ម្តាយ​កង់​ហ្គា​រ៉ូ​» កាលពី​ថ្ងៃទី​២៣ ខែកញ្ញា នៅ​ខេត្តសៀមរាប។

​ស​ន្និសីទ​នេះ មានការ​ចូលរួម​ពី​​ថ្នាក់ដឹកនាំ​ក្រសួង និងអ្នកជំនាញវិស័យសុខាភិបាលមកពីបណ្ដាខេត្ត-រាជធានីប្រមាណ​ជាង ២០០ នាក់​។ យោងតាម​សេចក្ដីប្រកាស​របស់​ក្រសួងសុខាភិបាល​។​


​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា​៖«​ស​ន្និសីទ​ត្រូវបាន​បិទ​បញ្ចប់​ដោយ​ផ្លែផ្កា​ជាមួយ​ការ​ផ្តាំផ្ញើ ដោយ​យក​ចំណេះដឹង ទៅ​អនុវត្ត​នៅ​កន្លែង​របស់ខ្លួន ចូលរួមចំណែក​យ៉ាង​មុតមាំ​ក្នុងការ​កាត់បន្ថយ​អត្រា​មរណភាព អត្រា​ផលវិបាក​ផ្សេងៗ និង​បង្កើន​ការអប់រំ​បងប្អូន​ស្ត្រី​មាន​ផ្ទៃពោះ​អំពី​កត្តា​ប្រឈម តាំងពី​ពេល​មក​ពិនិត្យ​ផ្ទៃពោះ​លើកដំបូង ការវាយតម្លៃភាព​ធ្ងន់ធ្ងរ​នៃ​កត្តា​ប្រឈម ឱ្យបាន​ទាន់ពេលវេលា​»​។

​ក្រសួង បាន​បន្ថែមថា ការចូលរួម​នោះ គឺ​សំដៅ​ការធ្វើការ​សម្រេចចិត្ត​រៀបចំ​បញ្ជូន​ម្តាយ ឬ​ម្តាយ​ជាមួយ​ទារក (​តាមទំនាក់ទំនង​គ្នា​ល្អជា​ក្រុម​នៃ​គ្រូពេទ្យ​ថែទាំ​ព្យាបាល​) ឱ្យបាន​ទាន់ពេលវេលា និង​សមស្រប​បំផុត សម្រាប់​ការជួយ​អាយុជីវិត ទាំង​ម្តាយ​និង​ទារក​ឱ្យបាន​កាន់តែ​ប្រសើរ​។​


​លោកស្រី អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ទទួលបន្ទុក​ផ្នែក​សុខុមាលភាព​មាតា ទារក និង​កុមារ និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​ទារក​កម្ពុជា​បាន​ថ្លែងថា សមាគម​គ្រូពេទ្យ​ទារក​កម្ពុជា បាន​ខិតខំ​រៀបចំ​ស​ន្និសីទ នេះ​ជា​រៀងរាល់ឆ្នាំ គឺ​ដើម្បី​ជាការ​ចែករំលែក​មួយ​ដ៏​ថ្លៃថ្លា​ក្នុងការ​ចូលរួម​ព​ង្រឺ​ង និង​លើកកម្ពស់​សមត្ថភាព​ថែទាំ ព្យាបាល​សុខភាព​មាតា ទារក និង​កុមារ ដែលរាជ​រដ្ឋាភិបាល បានកំណត់​វិស័យ​សុខាភិបាល ជា​អាទិភាព​ចម្បង សម្រាប់​ការខិតខំ​ធ្វើឱ្យ​កាន់តែ​ប្រសើរ​អំពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។​

​លោកស្រី បាន​បញ្ជាក់ថា​៖«​ពាំនាំ​ការ​ផ្ដាំផ្ញើ​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ដែល​ជំរុញឱ្យ​ថ្នាក់ដឹកនាំ មន្ត្រី​បុគ្គលិក​សុខាភិបាល ត្រូវមាន​ស្មារតី​រួបរួមគ្នា បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវ​: លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល ស្វែងយល់​ពី​បញ្ហា​ប្រឈម និង​ត្រូវ​ដោះស្រាយ​ឱ្យទាន់​ពេលវេលា និង​សមស្រប​បំផុត​»​។​

​កាលពី​ឆ្នាំ​២០២២ សមាគម​គ្រូពេទ្យ​ទារក​កម្ពុជា បាន​បើក​សន្និសីទ​លើក​ទី​៥ ក្រោម​ប្រធានបទ «​ការថែទាំ​សុខភាព​ទារក​ជុំវិញ​សម្រាល​» ដើម្បី​រួមគ្នា​ធ្វើការ​ជា​ក្រុម អាចជួយ​កាត់បន្ថយ​អត្រា​មរណភាព​ទារក​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្តិច​ម្ដងៗ តាមរយៈ​ការផ្សព្វផ្សាយ​ចំណេះដឹង​បន្ថែម ក៏ដូចជា​ការបណ្តុះបណ្តាល​ទាក់ទងទៅនឹង ការថែទាំ​សុខភាព​មាតា​ពេល​មាន​ផ្ទៃពោះ ការថែទាំ​ពេល​សម្រាល និង​ការថែទាំ​ទារក​ក្រោយពេល​សម្រាល។​

​យោងតាម​លទ្ធផល​បឋម​នៃ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ឆ្នាំ២០២១-២០២២ ប្រៀបធៀប​នឹង​លទ្ធផល​នៃ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ឆ្នាំ២០១៤ អត្រា​មរណភាព​មាតា ទារក និង​កុមារ​នៅ​ប្រទេស​កម្ពុជា មានការ​ថយចុះ​ច្រើន​គួរឱ្យកត់សម្គាល់​។​

​សូចនាករ​ស្នូល​នៃ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុ​ជាថ្មី​ៗនេះ បាន​បង្ហាញថា អត្រា​មរណភាព​មាតា​បាន​ថយចុះ​ពី ១៧០នាក់ មក​នៅ ១៥៤នាក់ នៅ​ឆ្នាំ២០១៤ ក្នុងចំណោម​ទារក​កើត​រស់​១០០ ០០០ នាក់ នៅ​ឆ្នាំ២០២១-២០២២​។​

​របាយការណ៍​បញ្ជាក់ថា​៖ «​ការប៉ាន់ស្មាន​នៃ​អនុ​បាទ​មរណភាព​មាតា (MMR) រវាង​ឆ្នាំ២០១៤ ដល់ ឆ្នាំ២០២១-២០២២ មាន ១៥៤នាក់ ក្នុងចំណោម១០០ ០០០កំណើត​រស់​ មានន័យថា ០,០០៤ នៃ​មាតា​ប្រឈម​នឹង​ការស្លាប់​ពេញ ១ជីវិត ឬ​អាច​និយាយបានថា ស្ត្រី​មាន ៤នាក់​ក្នុងចំណោម​ស្ត្រី ១ ០០០ នាក់​ជា​មរណភាព​មាតា​»​។​

​ការថែទាំ​សុខភាព​មាតា​បាន​ត្រឹមត្រូវ​អំឡុងពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាល មាន​សារៈសំខាន់ សម្រាប់​សុខភាព​ម្តាយ និង​ទារក និង​កាត់បន្ថយ ការ​មាន​ជំងឺ និង​ហានិភ័យ​មរណភាព​មាតា និង​កុមារ​អំឡុងពេល​មាន​ផ្ទៃពោះ ពេល​សម្រាល និង​ក្រោយពេល​សម្រាល​។ នេះ​បើតាម​ការអះអាង​របស់​ក្រសួងសុខាភិបាល​នៅក្នុង​ការអង្កេត​។​

​ក្រសួង បាន​បញ្ជាក់ថា​៖ «​ស្ត្រី​ស្ទើរតែ​ទាំងអស់​ជិត ៩៩% បានទទួល​ការថែទាំ​ផ្ទៃពោះ មុន​សម្រាល​ពី​គ្រូពេទ្យ​ជំនាញ​ដែល​បានផ្តល់​កំណើត​រស់ និង​/​ឬ​កូន​ស្លាប់​កើត​ក្នុង​រយៈពេល ២ឆ្នាំមុន​អង្កេត​។ ជារួម​ប្រមាណ​ជា ៨៦% នៃ​ស្ត្រី​ដែល​បានទទួល​ការថែទាំ​ផ្ទៃពោះ​មុន​សម្រាល​ចំនួន ៤ដង ឬ​ច្រើនដង សម្រាប់​កំណើត​រស់ ឬ​កូន​ស្លាប់​កើត​ថ្មីៗ​បំផុត ហើយ​ប្រមាណ​ជា ៩៨% នៃ​ស្ត្រី​ដែល​បាន​លេបថ្នាំ​ជាតិ​ដែក​ជំនួយ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ថ្មីៗ​បំផុត​»​។​

​បើតាម​លទ្ធផល​បឋម​នៃ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​នេះ ភាគរយ​ស្ត្រី​បានទទួល​ការថែទាំ​ផ្ទៃពោះ សម្រាប់​កំណើត​រស់ ឬ​កូន​ស្លាប់​កើត​ថ្មីៗ​បំផុត ២ឆ្នាំ មុន​អង្កេត​បាន​កើនឡើង ពី៣៩% នៅ​ឆ្នាំ២០០០ ដល់ ៩៩% ក្នុង​ឆ្នាំ ២០២១-២០២២​។ ភាគរយ​ស្ត្រី​ដែល​បានទទួល​ការថែទាំ​ផ្ទៃពោះ​មុន​សម្រាល​ចំនួន ៤ដង ឬ​ច្រើនដង​បាន​កើនឡើង​ពី ៩% នៅ​ឆ្នាំ២០០០ ដល់ ៨៦% ក្នុង​ឆ្នាំ២០២១-២០២២៕