ភ្នំពេញៈ ការនាំចេញ​ម្រេចកម្ពុជា ​គ្រប់​ប្រភេទ​ទៅ​ក្រៅប្រទេស ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២៣​នេះ សម្រេចបាន​ក្នុង​រង្វង់​ជាង ​៥ ០៩៤​ តោន ថយចុះ​ជាង ​៣០ ភាគរយ បើ​ធៀប​នឹង​ ៨ ​ខែ ​ក្នុង​ឆ្នាំ​២០២២​។​នេះ​បើតាម​ការឱ្យ​ដឺងពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​របាយការណ៍​ពី​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា វិបត្តិ​សេដ្ឋកិច្ច​សកលលោក បណ្តាលឱ្យ​ការបញ្ជាទិញ​ទំនិញ​គ្រប់​ប្រភេទ​មានការ​ថយចុះ ក្នុងនោះ​ក៏មាន​ផលិតផល​ម្រេច​ផងដែរ​។ ម្យ៉ាងវិញទៀត ដោយសារ​ស្ថាន​ភាពមិនច្បាស់លាស់​ខាង​ទីផ្សារ និងបញ្ហា​ប្រែប្រួល​អាកាសធាតុ​នាំឱ្យ​ប៉ះពាល់​ដល់​ទិន្នផល និង​គុណភាព​នៃ​ដំណាំ ព្រមទាំង​ការនាំចេញ​ដោយ​គ្មាន​ការស្នើសុំ​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ ( ការនាំចេញ​ក្រៅផ្លូវការ​) តាម​ច្រករបៀង​ទៅកាន់​ប្រទេស​វៀតណាម ​និង​ប្រទេស​ថៃមួយចំនួនមិនមាន​ការកត់ត្រា​ជាដើម​។​


​លោក ម៉ាក នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៥ ខែកញ្ញា​ថា មូលហេតុ និង​ស្ថានភាព​នៃ​ការ​ការធ្លាក់ចុះ​នេះ មិន​ខុសពី​កាលពី​ឆមាស​ទី​១​នោះទេ ពោលគឺ​ដោយសារតែ​តម្លៃ​ម្រេច​នៅលើ​ទីផ្សារ​មានការ​ធ្លាក់ចុះ ខណៈដែល​ទិន្នផល​ម្រេច ផលិត​បានជា​ធម្មតា ធ្វើឱ្យ​កសិករ​ខ្លះ​ផ្អាក​លក់ និង​ហាល​ទុក​សិន រង់ចាំ​ដល់​ម្រេច​ឡើងថ្លៃ​បន្តិច​វិញទើប​លក់​។​

​លោក​បាន​បន្តថា អាកាសធាតុ​ក្តៅ​ខ្លាំងពេក ហើយ​ខ្វះ​ទឹក​ស្រោចស្រព​ផង​នោះ បានធ្វើឱ្យ​ម្រេច​ងាប់​ច្រើន​ឆ្នាំនេះ ខណៈដែល​តម្លៃ​ក៏​មិនសូវ​បាន​ថ្លៃ​ទៀត​។​


​លោក​បាន​និយាយទៀតថា វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុង​ការរក​ទីផ្សារ​ថ្មីៗ ព្រោះថា នៅពេល​ម្រេច​កម្ពុ​ជាមាន​ទីផ្សារ​ថ្មីៗ​កាន់តែច្រើន ពិតជា​អាច​ទាក់ទាញ​អ្នកវិនិយោគ​មក​បន្ថែម​ទៀត លើ​ការដាំដុះ​ និងនាំចេញ​ម្រេច​ទៅកាន់​ប្រទេស​ផ្សេងៗ​ទៀត ក្រៅពី​វៀតណាម​។​

​លោក​ម៉ាក នី បាន​បញ្ជាក់ថា​៖ «​ក្នុង​តំបន់​អាស៊ាន​នេះ វៀតណាម​គឺជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​ម្រេច​កម្ពុជា​។​ម្យ៉ាងវិញទៀត បើទោះបីជា កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់ និង​ទ្វេភាគី​មួយចំនួន​ហើយក៏​ពិតមែន តែ​បញ្ហា​របាំង​ពន្ធ​មួយចំនួន និង​ភូតគាម​អនាម័យ ជាដើម​។ ដូច្នេះ​អ្នក​នាំចេញ​នឹងធ្វើ​ការប្រៀបធៀប​ថា​ តើ​ការនាំចេញ​ទៅតាម​វៀតណាម​ចំណេញ​ជាង ឬ​នាំ​ចេញទៅ​ប្រទេស​ផ្សេងទៀត​ដោយផ្ទាល់ តាម​កិច្ចព្រមព្រៀង​ចំណេញ​ជាង?​»​។

​លោក ដាម សា​វួ​ន ជំនួយការ​សមាគម​ម្រេច​កំពត បាន​ថ្លែងថា ស្ថានភាព​នាំចេញ​ម្រេច​កំពត តាំងពី​ពេល​ប្រមូល​ផល​រហូតមក​ដល់ពេលនេះ មាន​បរិមាណ​ចំនួន ៨៨តោន​ទៅហើយ ដែល​ចំនួន​នាំចេញ​នេះ វា​មាន​បរិមាណ​ប្រហាក់ប្រហែល​ទៅនឹង​ឆ្នាំមុន​ដែរ​។

​លោក​បាន​បន្តថា ថ្មីៗ​នេះ ក្រុមហ៊ុន ស៊ី​យូ​លែ​ន ដែល​ទើប​ទិញ​ម្រេច​កំពត​ពី​កសិករ ប្រហែល ២៦តោន នឹង​ស្នើសុំ​ឯកសារ​នាំចេញ​នូវ​បរិមាណ​២៦តោន​តែម្ដង​នៅក្នុង​ខែកញ្ញា​នេះ ដូចនេះ​បរិមាណ​នាំចេញ ជុំវិញ ៩០តោន ហើយ​ឈានដល់​ជាង​១០០តោន នៅ​ដំណាច់ឆ្នាំ​២០២៣​។​

​លោក​បាន​បញ្ជាក់ថា​៖«​ចំពោះ​តម្លៃ​ម្រេច​កំពត មិនមាន​ការប្រែប្រួល​ទេ ដូច​ឆ្នាំមុនៗ​ដែរ​។​ការបញ្ជាទិញ​ម្រេច រវាង​ក្រុមហ៊ុន និង​កសិករ ប្រព្រឹត្ត​តាម​កិច្ចសន្យា​ទិញ​លក់​រវាង​គ្នា ដោយ​សមាគម សង្កេតឃើញថា ម្រេច​កំពត​របស់​កសិករ ត្រូវបាន​ក្រុមហ៊ុន​ទិញ​ទាំងអស់​ទៅតាម​កិច្ចសន្យា ក្នុង​ឆ្នាំ​២០២៣»​។​

«​បើទោះបី​មាន​បាតុភូត អែល​នី​ណូ កំពុង​គំរាមកំហែង​ទិន្នផល​កសិកម្ម​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​គិតថា​ វា​មិនមាន​ផលប៉ះពាល់​ដល់​ការដាំដុះ ថែទាំ និង​ផលិត​ម្រេច​កំពត​ទេ ដោយសារ​យើង​មាន​លក្ខខណ្ឌ​អាកាសធាតុ ទឹកដី ភ្នំ អំណោយផល​ជា​លក្ខណៈ​ភូមិសាស្ត្រ​ល្អ​សម្រាប់​ដំណាំ​ម្រេច​កំពត​»​។ នេះ​បើតាម​លោក ដាម សា​វួ​ន បានបញ្ជាក់​បន្ថែម​។​

​យោងតាម​តារាង​តម្លៃ​ទីផ្សារ​ម្រេច​របស់​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា បាន​បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣​នេះ តម្លៃ​ម្រេចខ្មៅ​ធម្មតា ចន្លោះ ២ ៧៨០​ដុល្លារ​ទៅ​៣ ១២០​ដុល្លារ ក្នុង​១​តោន​។ ដោយឡែក​ម្រេច ដែលជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​GI រួមមាន​ម្រេចខ្មៅ តម្លៃ​១៥ ០០០​ដុល្លារ ក្នុង​១​តោន​,​ម្រេចស តម្លៃ ២៨ ០០០​ដុល្លារ​ក្នុង​១​តោន និង​ម្រេច​ក្រហម​តម្លៃ​២៥ ០០០​ដុល្លារ​ក្នុង​១​តោន​។​

​បើតាម​ក្រសួងកសិកម្ម ប្រទេស​កម្ពុជា មាន​ខេត្ត​ចំនួន​១៨ ដែលមាន​ការដាំដុះ​ម្រេច នៅក្នុង​នោះ​ខេត្ត ដែល​សម្បូរ​ការដាំដុះ​ម្រេច​ច្រើន​ដែរ មាន​ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តត្បូងឃ្មុំ និង​ខេត្តកំពត​។ កម្ពុជា ក៏បាន​នាំចេញ​ម្រេច​ទៅកាន់​ប្រទេសមួយ​ចំនួន​ផងដែរ​ដូចជា វៀតណាម អាល្លឺម៉ង់ ថៃ បារាំង ឥណ្ឌា បែល​ហ្សុិក តៃវ៉ាន់ សាធារណរដ្ឋ​ឆែក ប៉ូឡូញ ជប៉ុន រុស្សី ​កូរ៉េ សិង្ហ​បុរី និង​បណ្តា​ប្រទេស​មួយចំនួនទៀត​៕