បាត់ដំបងៈ​អង្គការ Aide et Action និង​ដៃគូបាន​បញ្ចប់​ការ​បង្កើត​បណ្ណាល័​យ​១​សម្រាប់​កុមារ​រស់នៅ​តំបន់​ទឹក​លិច(​តាម​រដូវ​)នៅ​តំបន់​ទន្លេ​សាប​ស្ថិត​ក្នុង​សាលា​បឋម​សិក្សា​ ឃុំ​កោះ​ជី​វាំង ស្រុកឯកភ្នំ ​ខេត្ត​បាត់​ដំបង​ ខណៈ​បណ្ណា​ល័យ​នេះមាន​សៀវ​ភៅអាន​រាប់​រយ​ចំណង​ជើង​និង​សម្ភារ​ចាំ​បាច់​ផ្សេង​ទៀ​តសម្រាប់ទាក់​ទាញ​ការអា​ន​របស់​កុមារ​។​


​បណ្ណា​ល័យ​នៅ​សាលា​បឋម​សិក្សា​ឃុំ​កោះ​ជី​វាំង គឺ​ស្ថិត​នៅ​ក្នុង​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់​ដំបង ​ដែល​ជា​តំបន់​លិច​ទឹក​តាម​រដូវ​ជាប់​បឹង​ទន្លេ​សាប ត្រូវបាន​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃទី២១ ​ខែកញ្ញា​។ ការ​បង្កើត​បណ្ណា​ល័យ​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​សកម្ម​ភាព​របស់​អង្គ​ការ​ Aide et Action ដើម្បី​លើក​កម្ពស់​អក្ខរ​កម្ម​និង​កសាង​វប្បធ​ម៌​អាន និង​រៀន​ក្នុង​ចំណោម​ក្មេង​ស្រី ​ក្មេង​ប្រុស និង​មនុស្ស​ពេញ​វ័យ​។​

​លោក ​វន់ សំភាស់ នាយក​ប្រចាំ​កម្ពុជា​នៃ​អង្គ​ការ ​Aide et Action បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២៥ ​ខែកញ្ញា​ថា ​អង្គ​ការ Aide et Action និង​ដៃគូ បាន​បញ្ចប់​ការបង្កើត​បណ្ណា​ល័យ​មួយ​សម្រាប់​កុមារ​រស់​នៅ​តំបន់​ទឹក​លិច (​តាម​រដូវ​)នៅ​ទន្លេ​សាបនៅសាលា​បឋម​សិក្សា​ឃុំ​កោះ​ជី​វាំង ដោយ​បណ្ណា​ល័យ​នេះ ​មាន​បំពាក់​នូវ​ទូរទស្សន៍​ឆ្លាត​វៃ​មួយ​ឈុត ​កង្ហារ​អគ្គិ​សនី ភ្លើង កា​រតភ្ជាប់​អ៊ីន​ធឺណិត សៀវភៅ​​រូបភាព​ សៀវភៅអាន​រាប់រយ​ចំណង​ជើង សម្ភារ​ចាំបាច់​ផ្សេង​ទៀត និង​ប្រព័ន្ធ​ចម្រោះ​ទឹក​។​


​លោក​បាន​បញ្ជាក់ថា​៖«​អត្ថ​ប្រយោជន៍​នៃ​ការបង្កើត​បណ្ណា​ល័យ​នេះ ​នឹង​រួមចំណែក​លើក​កម្ពស់​សកម្ម​ភាព​សិក្សា​និង​ជំនាញ​ផ្សេងៗ​ទៀត ​ដូច​ជា​ជំនាញ​ថែទាំ​ខ្លួន​ឯង ចំណេះ​ដឹង​ថែទាំ​សុខ​ភាព​ជាដើម​។ ចំពោះ​ទូរ​ទស្សន៍ SmartTVនឹង​ត្រូវ​បាន​ប្រើប្រា​ស់ ​ដើម្បី​គាំទ្រ​សកម្ម​ភាព និទាន​រឿង និង​ចំណេះដឹ​ង​ទាក់​ទង​នឹង​ជំនាញ​វិទ្យា​សាស្ត្រ​អនុវត្ត(STEM)ផង​ដែរ​។ បណ្ណា​ល័យ​ឌីជីថល​នេះ ក៏​នឹង​បម្រើ​ជា​កន្លែង​សម្រាប់​គ្រូ​បង្រៀន ​ដើម្បី​ស្រាវ​ជ្រាវ និង​ប្រើ​ប្រាស់​សម្រាប់​គរុ​កោ​សល្យ និង​ការ​ណែនាំ​ផ្សេងៗ​ផង​ដែរ​»​។​

​លើស​ពីនេះ ​លោក វន់ សំភាស់ បាន​លើក​ឡើង​ថា កុមារ និង​មនុស្ស​ពេញ​វ័យ​នៅ​ក្នុង​សហ​គមន៍​លិច​ទឹក នឹង​មាន​លទ្ធភាព​ទទួល​បាន​ព័ត៌​មាន ​សៀវភៅ ​និង​ឧបករណ៍​ក្មេង​លេង​ដែល​កំពុង​សិក្សា​កាន់​តែ​ប្រសើរ​ឡើង​ពី​បណ្ណា​ល័យ​១​នេះ ​បន្ទា​ប់ពី​បណ្ណា​ល័យ បាន​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​។​


​ដំបូង​ឡើយ​សាលា​បឋម​សិក្សា​ឃុំ​កោះ​ជី​វាំងដែល​មាន​សិស្សានុ​សិស្ស​ជាង​៣០០​នាក់ គឺ​មិន​មាន​បណ្ណា​ល័យ​នោះ​ទេ ​ហើយ​សាលា​មានតែ​សៀវ​ភៅអាន​បន្តិច​បន្តួច ​សម្រាប់​ដាក់​នៅ​ក្នុង​ថ្នាក់​នីមួយៗ​ ហើយ​ច​ល័ត​សៀវភៅ​ទាំង​នោះ​ទៅ​តាម​ថ្នាក់​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ ​ដើម្បីឱ្យ​សិស្សានុ​សិស្ស​បាន​ផ្លាស់​ប្តូរ​គ្នា​អាន​។ នេះ​គឺជា​ការ​រៀបរាប់​របស់​លោក​នួន ​វុទ្ធី នាយក​សាលា បឋម​សិក្សា​ឃុំ​កោះ​ជី​វាំង​។​

​លោក​នាយក​សាលា​បាន​បន្តថា ក្រោយ​មក ​បន្ទា​ប់ពី​មាន​ការ​គាំទ្រ​ពី​អង្គការ​ Aide et Action និង​ដៃគូ​ សាលា ​ក៏​ទទួ​លបាន​បណ្ណា​ល័យ​ច​ល័ត​តាម​ទូកដែល​មាន​អ្នក​បើកបរ​មក​ឈប់​សំ​ចត​នៅ​សាលា​របស់​លោកពី​២ទៅ​៣ដង ក្នុង​១សប្តាហ៍​សម្រាប់​សិស្សានុ​សិស្ស បាន​អាន​សៀវភៅ​ក្នុង​បណ្ណា​ល័យ​ច​ល័ត​នោះ​។

​លោកបាន​បញ្ជាក់​ថា​៖«​សាលា​ខ្ញុំ​នេះ នៅ​តំបន់​លិច​ទឹក ​ហើយ​មិនសូវ​ជា​មាន​ធន​ធាន​ដំណើរការ​បណ្ណា​ល័យ ហើយ​ភាគ​ច្រើន​បណ្ណា​ល័យ​មាន​តែ​តាម​ថ្នាក់​។ យើង​មាន​សៀវភៅ​បន្តិច​បន្តួច​សម្រាប់​ដាក់​នៅ​ក្នុង​ថ្នាក់​នី​មួយៗ ហើយ​យើង​ច​ល័ត​សៀ​វភៅ​រឿង​ហ្នឹង​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​ផ្លាស់ប្តូ​រ​គ្នា​។ ប៉ុន្តែ​ក្រោយ​មានការ​គាំទ្រ​ពី​អង្គ​ការ​ យើង​មាន​បណ្ណា​ល័យ​ច​ល័តតាម​ទូក​ដែល​មាន​សៀវ​ភៅ​ច្រើន​សម្រាប់​ឱ្យ​សិស្ស​ខ្ញុំ​អាន​»​។​

​ជា​មួយ​នឹង​ការទទួល​បាន​បណ្ណា​ល័យ​ផ្ទាល់​សាលា​ក្នុង​ពេលនេះ​​ លោក ​នួន វុទ្ធី បានចាត់ទុក​ថា រឹតតែ​មាន​សារៈ​សំខាន់​សម្រាប់​សាលា​របស់លោកជាពិសេស​គឺ​សម្រាប់​​សិស្សានុសិស្ស​នៅក្នុង​សាលា​ទាំងមូល​តែម្តង ដោយ

សារតែ​ពួកគេចូលចិត្ត​អាន​។ បន្ថែម​ពីនេះ លោកក៏​មើលឃើញ​ដែរ​ថា បណ្ណាល័យ​ផ្ទាល់​មួយ​នេះនឹង​ជំរុញ​ការអាន​ដល់​ក្មេងៗ​កាន់​ច្រើន​បន្ថែមទៀត ព្រោះ​វា​សម្បូរ​ទៅដោយ​សៀវភៅ​ដែល​បាន​ទាក់ទាញ​កុមារ​ឱ្យ​កាន់តែ​ចាប់អារម្មណ៍​ក្នុងការអាន​សៀវភៅ​។​

​លោកបាន​បញ្ជាក់ថា​៖«​យើង​មាន​បន្ទប់​១​ទំនេរ យើង​បង្កើតជា​បណ្ណាល័យ​។ បើទោះជា​បណ្ណាល័យ​នេះ មិនទាន់​ជា​បណ្ណាល័យ​ស្តង់ដា​ក៏ដោយ ក៏​បណ្ណាល័យ​នេះបាន​ចូលរួមចំណែក​ឱ្យ​ក្មេងៗគាត់​ចូលទៅ​អាន​នៅពេល​ចេញលេង​។យើង​សង្កេតឃើញថា ក្មេងៗ​ចូលចិត្ត​អាន​ច្រើនពេល​គាត់​ចេញលេងគឺ​គាត់​ចូលទៅ​អាន​។ បណ្ណាល័យ​នេះ​បាន​កាត់បន្ថយ​ការលេង​(​បែប​គ្រោះថ្នាក់​)របស់​ក្មេងៗ ព្រោះ​សាលា​យើង​លិច​ទឹក​នៅ​ខែវស្សា

អ៊ីចឹ​ង​ទៅ​មិនមាន​ទីធ្លា​ទេ​។ ដល់​មាន​បណ្ណាល័យ​នេះ គាត់​មិនសូវ​លេង​ច្រើន ហើយ​ចូល​អាន​សៀវភៅ​វិញ​»​។​

​តាម​អង្គការAide et Action គម្រោង​បង្កើត​បណ្ណាល័យ​នៅតាម​សាលារៀន​ជាមួយ​អង្គការ​ដៃគូក្នុងពេល​បច្ចុប្បន្ន គឺ​បានគាំទ្រ​ដល់​បណ្ណាល័យ​ជាង​១០កន្លែង​ជុំវិញ​តំបន់​បឹង​ទន្លេសាប ខណៈ​អង្គការបាន​គាំទ្រ​ដល់​បណ្ណាល័យ​ច​ល័ត​តាម​ម៉ូតូកងបី​ចំនួន​៩និង​បណ្ណាល័យ​តាម​ទូក​ចំនួន​១៕