​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​សារ​ថ្លែងអំណរគុណ​ចំពោះ​លោក ដេវីដ សុទ្ធ ​(David Soth) ​ពលរដ្ឋ​​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ដែល​បាន​សម្របសម្រួល​ជាមួយនឹង​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​អា​​មេ​រិ​ក ដើម្បី​ផ្សព្វផ្សាយ​ពី​រូបភាព​ស្វាគមន៍ដល់​រូបលោកនៅលើ​ផ្ទាំង​ប៉ាណូ តាម​តំបន់​សំខាន់ៗ​មួយចំនួន នៅ​ទីក្រុង​ញូវយ៉ក នា​អំឡុងពេល​លោក​ចូលរួម​មហា​​សន្និបាត​អង្គការសហប្រជាជាតិលើក​ទី​៧៨​។​


​លោក ហ៊ុន ម៉ា​ណែ​ត បាន​​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នា​ថ្ងៃទី ​២៥ ខែកញ្ញា បន្ទាប់ពី​​វិលត្រឡប់​ពី​សហរដ្ឋអាមេរិក​​វិញ​ថា​៖ «​សូម​អរគុណ​ចំពោះ​ប្អូន​​ប្រុស David Soth ដោយបាន​សម្របសម្រួល​ជាមួយនឹង​ក្រុម​​ហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម ដែល​ប្អូន​កំពុងធ្វើការ​ជាមួយ ដើម្បី​ផ្សព្វផ្សាយ​អំពី​រូបភាព​ស្វាគមន៍ ដល់​រូបខ្ញុំ​នៅលើ Billboard តាម​តំបន់​សំខាន់ៗ​មួយចំនួន នៅ​ទីក្រុង​ញូវយ៉ក ជាពិសេស​នៅ Time Square ដោយ​ឥត​គិត​​ថ្លៃ និង​ដោយ​មិនមាន​ការស្នើសុំ​ពី​អ្នកណា​»​។​

​លោក​បន្តថា​៖ «​នេះ​គឺជា​ទឹកចិត្ត​ដ៏​ប្រពៃ​របស់​ប្អូន សម្រាប់​រូបខ្ញុំ​ផ្ទាល់​ក៏ដូចជា​រាជ​​រដ្ឋាភិបាល​កម្ពុជា​។ ខ្ញុំ​ក៏​សូម​អរគុណ​ចំពោះ​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​តាម Billboard ដែល​បាន​ជួយ​ផ្សាយ​ដោយ​ឥតគិតថ្លៃ ចំ​​ពោះ​សារ​ស្វាគមន៍​នេះ​»​។​


​ការលើកឡើង​របស់លោក​ ហ៊ុន ម៉ា​ណែ​ត ​នេះ បន្ទាប់ពី​មានការ​លើកឡើង​ពី​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជួល​ផ្ទាំង​ប៉ាណូ​នៅ​សហរដ្ឋអាមេរិក​សម្រាប់​ផ្សព្វផ្សាយ​ពី​រូបភាព​ស្វាគមន៍​លោក ហ៊ុន ម៉ា​ណែ​ត ​ក្នុងឱកាស​បំពេញបេសកកម្ម​នាទី​ក្រុង​ញូវយ៉ក ពីថ្ងៃ​ទី ​២១ ដល់​ថ្ងៃទី ​២៤ ខែកញ្ញា ឆ្នាំ ​២០២៣​។​

​ទន្ទឹមនឹង​នេះដែរ ក្រុម​អ្នកនាំពាក្យ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ក៏បាន​សម្តែង​ការ​សោក​​ស្តាយ ចំពោះ​ការចោទប្រកាន់ពី​ក្រុម​ដែលមាន​និន្នាការ​នយោបាយ​ប្រឆាំងនឹង​រាជ​រដ្ឋា​​ភិ​បាល​កម្ពុជា ដែល​បាន​លើកឡើងថា ការ​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ផ្ទាំង​ប៉ាណូ ឬ​


​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម billboard ពី​សកម្មភាព​លោក ហ៊ុន ម៉ា​ណែ​ត នៅ​តំបន់ Time Square ថា ជាការ​រៀបចំ និង​ជាការ​​ចំណាយ​ថវិកា​ខ្ជះខ្ជាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

សេចក្ដីបំភ្លឺ​ព័ត៌មាន​របស់​ក្រុម​អ្នក​​នាំពាក្យ​នៅ​ថ្ងៃទី ​២៥ ខែកញ្ញា បញ្ជាក់ថា៖ «​ក្រុម​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី មានការ​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការ​ចោទ​​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​អំ​ណះ​​អំ​ណា​ង​ច្បាស់លាស់ ដែល​ផ្ទុយ​ពី​ការពិត​ទាំងស្រុង ក្នុង​គោលបំណង​កេងចំណេញ​​នយោបាយ និង​បំភាន់​សាធារណមតិ​»​។​

មន្ត្រី​ CMAC ​និង​គ្រាប់មីន​ដែល​ដោះ​បាន​កាលពីពេល​កន្លងមក​។ រូបថត CMAC

​សេចក្តីបំភ្លឺ​បន្តថា ការរៀបចំ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ផ្ទាំង​ប៉ាណូ​នេះ ពុំមែន​ជាការ​ចាត់តាំង​ឱ្យ​រៀបចំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយក៏​មិនបាន​ចំណាយ​ថវិកា​របស់​រាជរដ្ឋាភិបាល​នោះដែរ តែ​ការរៀប​ចំនេះ គឺ​ផ្តើមចេញពី​មនោសញ្ចេតនា ទឹកចិត្ត​​ស្រលាញ់ និង​ការគាំទ្រ របស់​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅ​សហរដ្ឋអាមេរិក និង​កាណាដា ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​ជា​​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​កម្ពុជា​។

ប្រភព​ដដែល​បន្តថា​៖ «​ការរៀប​ចំនេះ​មានការ​សម្រប​​សម្រួល​ពី​បងប្អូន​ខ្មែរ​យើង​នៅ​សហរដ្ឋ​អា​​មេ​រិ​ក​ និង​មានការ​ចូលរួម​គាំទ្រ​ផ្សព្វផ្សាយ​ដោយ​ឥតគិតថ្លៃ ពី​ក្រុមហ៊ុន​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម តាម​ផ្ទាំង​ប៉ាណូ ឬ​ផ្សព្វផ្សាយ​​តាម billboard ផងដែរ​»​។​

​ជាមួយគ្នានេះ​លោក យង់ ពៅ អគ្គលេខា​​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជាបាន​ថ្លែងថា នេះ​ជា​ភារកិច្ច​របស់​អ្នកនាំពាក្យ​ក្នុង​ការចេញ​សេចក្តីបំភ្លឺ​ជូន​សាធារណជន​គឺជា​រឿង​ធម្មតា ប៉ុន្តែ​រាជរដ្ឋាភិបាល មិនគួរ​ចាប់អារម្មណ៍​ខ្លាំងពេក​ចំពោះ​ការរិះគន់​នេះ​ទេ​។ លោក​ថា សំខាន់​រាជរដ្ឋាភិបាល​បាន​បំពេញការងារ ជា​គុណប្រយោជន៍​ចំពោះ​ជាតិ ហើយ​និង​​បន្ត​ពង្រឹង​លើ​ការងារ​នេះ បន្ថែមទៀត​តាម​​រយៈ​ការជំរុញ​ការ​កៀរគរ​វិនិយោគិន​ការទូត​សេដ្ឋកិច្ច ឱ្យបាន​ច្រើន ជាជាង​ការចំណាយ​ពេលវេលា អារម្មណ៍ និង​ការគិត​តបត​ចំពោះ​ការបញ្ចេញមតិ​ប្រឆាំង​នានា​។​

​លោក​បាន​ថ្លែង​ទៀតថា​៖ «​រាជរដ្ឋាភិបាល​យើង​ចេញ​ដូច្នេះ​បាន ប៉ុន្តែ​យើង​មិនគួរ​យកចិត្តទុកដាក់​ខ្លាំងពេក​ទេ យើង​គួរតែ​យក​ពេលវេលា ជំរុញ​ការទូត​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​ទេសចរណ៍​បន្ថែមទៀត ដើម្បី​កៀរគរ​អ្នក​វិ​និ​​យោគ កៀរគរ​នឹង​ការផ្សព្វផ្សាយ ទេសចរណ៍​របស់​យើង ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត​។ រីឯ​ការរិះគន់​ចំពោះ​ទស្សនៈ​ ១ ​ជ្រុង ​គឺជា​ការយល់ឃើញ​ពី​សង្គម​នៃ​ប្រទេស​នោះទេ​»​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ​លោក ​ហ្ស​ង់ ហ្វ្រង់​ស័​រ​តាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​​មន្ត្រី បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី​ ២៥ ខែកញ្ញា​ថា ចំពោះ​ការ​​លើកឡើងថា ការយក​រូបភាព​ផ្សព្វផ្សាយ​នៅលើ​ផ្ទាំង​ប៉ាណូ ដើម្បីឱ្យ​សហគមន៍​អន្តរជាតិ និង​ប្រតិភូ​នានា នៅឯ​កិច្ចប្រជុំ​អង្គការ​សហ​​ប្រជាជាតិ​ ដើម្បីឱ្យ​មានការ​ទទួលស្គាល់​លោក ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​នោះ គឺជា​រឿង​មិន​ពិត​នោះទេ​៕