ភ្នំពេញៈ ​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក ចាយ បូ​រិ​ន បានចេញ​សារាចរ​ណែ​នាំនូវ​ការអនុវត្ត​គោលការណ៍​ប្រណិប័តន៍​លើ​ជំនឿ សាសនា និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ បន្ទាប់ពី​មាន​បុគ្គល​មួយចំនួន បានធ្វើ​សកម្មភាព​ខាង​ជំនឿ និង​ប្រណិប័តន៍​ខាង​ផ្លូវ​សាសនា​ជ្រុលនិយម នាំឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះពុទ្ធសាសនា​។​


​លោក​បានលើកឡើង​តាមរយៈ​សេចក្តីណែនាំ ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣​ថា ព្រះពុទ្ធសាសនា​នៅ​កម្ពុជា បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុង​ស្មារតី​នៃ​ការគោរព ប្រណិប័តន៍​និង​បណ្ដុះ​នូវ​ស្មារតី​សីលធម៌ និង​គុណធម៌ ដែលជា​ប្រភព​នៃ​ការ​ទ្រទ្រង់​ព្រះពុទ្ធសាសនា​ធ្វើឱ្យ​កង់​ពុទ្ធចក្រ​និង​អាណាចក្រ ធ្វើដំណើរ​រួមគ្នា​ដោយ​ខាន​ពុំបាន ក្នុងការ​អភិវឌ្ឍ​ជាតិ​ឆ្ពោះទៅរក​ភាពសម្បូរ រុងរឿង សុខសន្តិភាព សម្រាប់​មនុស្សជាតិ​។​

​លោក ចាយ បូ​រិ​ន បាន​បន្តទៀតថា ៖ «​ក្រសួង​ធម្មការ និង​សាសនា បាន​ពិនិត្យឃើញថា កន្លងមក​ក៏ដូចជា​ពេលបច្ចុប្បន្ន មាន​បុគ្គល​មួយចំនួន បានធ្វើ​សកម្មភាព​ខាង​ជំនឿ និង​ប្រណិប័តន៍​ខាង​ផ្លូវ​សាសនា​ជ្រុលនិយម ដែលនាំឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សទ្ធា​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា របៀបរៀបរយ​សាធារណៈ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​សង្គម​ខ្មែរ​»​។​


​លោក​បាន​បន្តថា​៖ «​សកម្មភាព​ទាំងនេះ ក៏បាន​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល រួមទាំង​ជំនឿ​សាសនា តាមរយៈ​សកម្មភាព​ឃោសនា ផ្សព្វផ្សាយ ដែលមាន​ចរិត​លើកទឹកចិត្ត​ឱ្យប្រើ​អំពើហិង្សា អាកប្បកិរិយា អរិភាព ការរើសអើង សកម្មភាព​អាសអាភាស កុហក​ភូតភរ ដែល​ទង្វើ​ទាំងនោះ​មិន​ស្របទៅនឹង​មាត្រា​៤៣ នៃ​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​គតិយុត្ត​ដែលមាន​ជា​ធរមាន​»​។​

​ឈរលើ​ស្មារតី​នេះ រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បានធ្វើ​ការណែនាំ​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ដោយ​ក្នុងនោះ លោក​ហាម​ដាច់ខាត​ការយក​ត្រៃ​ចីវរ​ទៅ​ស្លៀកដណ្តប់​តាម​ទំនើងចិត្ត ការ​លួច​យក​បូជនីយវត្ថុ​ដែល​ធ្វើឱ្យ​ខូចខាត​ដល់​បូជនីយដ្ឋាន​នានា​របស់​សាសនា​។​


​លោក ចាយ បូ​រិ​ន ក៏បាន​ហាម​យក​ព្រះពុទ្ធសាសនា​ធ្វើ​អាជីវកម្ម​តាម​គ្រប់​រូបភាព​ដូចជា ទេសនា​បង្រៀន​ធម៌ ផ្សព្វផ្សាយ​ប្រាសចាក​ធម៌​វិន័យ សេចក្តី​ពិត​នៃ​ព្រះធម៌ មន្តអាគម​អូមអាម សីល​វិជ្ជាការ (​ទុ​វិជ្ជា​)​ដែលជា​សកម្មភាព មាន​លក្ខណៈ​បោកប្រាស់​។​

​លោក​បញ្ជាក់ថា ៖ «​មិនត្រូវ​យក​ទង់​ព្រះពុទ្ធសាសនា ព្រះ​បដិមា​ឬ​វត្ថុ​ជាទី​សក្ការៈ​នៃ​សាសនា ទៅធ្វើ​ការទាក់ទាញ បំភាន់ ឬ​បោកប្រាស់​មហាជន ក្នុង​បំណង​បម្រើ​ផលប្រយោជន៍​បុគ្គល បក្ខ​ពួកក្រុម​របស់ខ្លួន ដែល​ធ្វើឱ្យ ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​សង្គម​»​។

​លោក​ក៏បាន​ហាម​យក​ពុទ្ធដីកា​ទៅ​បំប្លែង ឬ​កំប្លុកកំប្លែង ធម៌​រ៉ែ​ប ជេរប្រមាថ ដើម្បី​ស្វែងរក​លាភសក្ការៈ និង​មិន​ត្រូវយក​ព្រះពុទ្ធ​រូប​ឬ​សញ្ញា​សម្គាល់​ព្រះពុទ្ធសាសនា ទៅ​ដាក់​ក្នុង​វត្ថុ​ប្រើប្រាស់​មិន​គប្បី ដើម្បី​ផ្សាយ ពាណិជ្ជកម្ម​ទាក់ទាញរ​ក​ផលប្រយោជន៍ ឬ​តម្កល់ទុក​ក្នុង​ទី​មិន​សមគួរ ឬ​ដាក់​តម្កល់​ដើម្បី​លម្អ​ទាក់ទាញ (​ហាង​ផឹកស៊ី បន្ទប់ទឹក បង្គន់ ខោ​ទ្រនាប់ ទ្រនាប់ជើង​ជាដើម​)​។​

​លោក ចាយ បូ​រិ​ន សង្កត់ធ្ងន់ថា ៖ «​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ គ្រប់លំដាប់​ថ្នាក់ ត្រូវ​សហការ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​»​។

​សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី បណ្ឌិត ឃឹម សន ព្រះប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក នៃ​កម្ពុជា និង​ជា​ព្រះ​មេគណ​រាជធានី​ភ្នំពេញ បាន​មាន​សង្ឃដីកា គាំទ្រ​ចំពោះ​សេចក្តីណែនាំ​របស់​ក្រសួង​ធម្មការ និង​សា​សនា​នេះ​។​

​សម្តេច​មាន​សង្ឃដីកា​ថា ៖ «​នេះ​គឺជា​រឿង​ល្អ​សម្រាប់​ជាការ​ដាស់តឿន ប៉ុន្តែ​គួរតែមាន​ការអនុវត្ត​វិធានការ​ច្បាប់​បន្ថែមទៀត ព្រោះ​បុគ្គល​ខ្លះ​បាន​ប្រព្រឹត្ត​មិន​ខ្លាច​បាប​នោះទេ​។ ដូច្នេះ បើ​មានការ​អនុវត្ត​ច្បាប់​ឱ្យបាន​តឹងរ៉ឹង ដោយមាន​ការដាក់ទោស​ទណ្ឌ​ផ្សេងៗ អាច​នឹង​ធ្វើឱ្យ​បុគ្គល​នោះ​មានការ​ភ័យខ្លាច​ខ្លះ​ដែរ ព្រោះថា ព្រះពុទ្ធ​ស្រឡាញ់​តែ​បុគ្គល​ណា​ដែល​ស្រឡាញ់​ធម៌​វិន័យ និង​ធ្វើ​សេចក្តី​ល្អ​តែប៉ុណ្ណោះ​»​។

​សម្តេច​បន្តថា អ្នកខ្លះ​បាន​យក​ស្បង់​ចីពរ យកទៅ​ស្លៀកពាក់​ធ្វើ​ដូចជា​ព្រះសង្ឃ ដើរ​បិណ្ឌបាត និង​បាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ តាមរយៈ​ការដើរ​ឆបោក​ប្រាក់​របស់​អ្នក​ទៃ​។ មាន​អ្នកខ្លះ ត្រូវបាន​ចាប់​ផ្សឹក ជាច្រើន​ដង​ហើយ​នៅតែ​មិន​រាងចាល ទាល់​តែមាន​វិធានការ​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​បន្តិច ទើប​ល្អប្រសើរ​។

​បើតាម សម្តេច ឃឹម សន មាន​ករណី​ថ្មីៗ​មួយចំនួន គឺ​បុគ្គល​យក​ស្បង់​ចីពរ ធម៌​វិន័យ ទៅ​ស្លៀកពាក់​ប្រព្រឹត្ត​មិនល្អ ដែល​បាន​កើតឡើង​នៅ​កម្ពុជា​នាពេល​កន្លងមក ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រាន់តែ​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព ប៉ុន្តែ​មួយរយៈ​ក្រោយមកទៀត បុគ្គល​នោះបាន​ទៅធ្វើ​រឿង​ផ្សេង​មួយទៀត ដែល​នេះ​នឹង​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​៕