ភ្នំពេញៈ អាជ្ញាធរជាតិព្រះវិហារប្រកាសផ្អាកការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរ នៅថ្ងៃទី ២៩ ខែកញ្ញា ចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់ថ្ងៃ ដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ ក្នុងឱកាសនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ ថ្លែងថា អាជ្ញាធរជាតិព្រះវិហារចេញសេចក្តីជូនដំណឹងសុំផ្អាកត្រឹមតែ ១ ព្រឹកនៅថ្ងៃទី ២៩ ដែលជាថ្ងៃប្រារព្ធកម្មវិធីបួងសួងប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «កម្មវិធីបួងសួងនេះ ធ្វើឡើងក្នុងគោលបំណងរំឭកគុណដល់បុព្វបុរស និងព្រះមហាក្សត្រដែលបានកសាងប្រាសាទនេះ ដើម្បីរក្សាទុកដល់កូនខ្មែរជំនាន់ក្រោយ រហូតដល់បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយកម្មវិធីបួងសួងនេះស្ថិតនៅក្នុងកម្រិតរាជរដ្ឋាភិបាលដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេស ដែលតាមការគ្រោងទុក គឺមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន»។
លោក គង់ ពុទ្ធិការ បានថ្លែងឱ្យដឹងទៀតថា ក្រោយពេលដែលត្រូវបានចុះបញ្ជីចាប់ពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ រហូតមកទល់បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានចាប់អារម្មណ៍ និងមកទស្សនាមានចំនួនច្រើនគួរឱ្យកត់សម្គាល់។
លោកបានថ្លែងថា៖ «ពួកគាត់មកទស្សនាច្រើន និងថតរូបដើម្បីចូលរួមផ្សព្វផ្សាយពីរមណីយដ្ឋាននេះ។ និយាយទៅមានភាពមមាញឹកដែរ ចាប់ពីថ្ងៃទី ១៧ រហូតមក មានភ្ញៀវចេញចូលច្រើន។ យើងរំពឹងដែរ នៅពេលក្រោយរៀបចំពិធីបួងសួងរួច យើងនឹងបន្តការងារថែទាំ រៀបចំការអភិវឌ្ឍទេសចរណ៍ទៅតាមផែនការតាមលទ្ធភាពថវិការបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ វិស័យឯកជន ដើម្បីជំរុញវិស័យទេសចរណ៍នេះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី ២០ ខែកញ្ញា ថា «រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក» ដោយបានអំពាវនាវ និងជំរុញឱ្យបន្តថែរក្សាវប្បធម៌ខ្មែរ ដែលដូនតាជំនាន់មុន បានបន្សល់ទុកមក។
លោកថ្លែងថា៖ «សូមរក្សាការពារឱ្យបានគង់វង្សជារៀងរហូត ក្រោមម្លប់នៃសន្តិភាព ដែលជាប្រជាជាតិ និងប្រជាជនខ្មែរគ្រប់ស្រទាប់ត្រូវសាមគ្គីគ្នាថែរក្សា ទប់ស្កាត់រាល់សកម្មភាព ដែលបង្កើតភាពវឹកវរបង្កើតសង្គ្រាម ដើម្បីភាពរីកចម្រើនរុងរឿងប្រទេសជាតិយើង ទាំងបច្ចុប្បន្ន និងអនាគត»។
នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ៕