ភ្នំពេញៈ អ្នកនាំពាក្យ​របស់​នាយ​ក​​រដ្ឋមន្ត្រី​កម្ពុជា​បានឱ្យដឹងថា​នាយករដ្ឋមន្ត្រី​ថៃ​លោក សេដ្ឋា ថា​វី​ស៊ីន នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​នៅ​ថ្ងៃទី ​២៨ ខែកញ្ញា ឆ្នាំ​ ២០២៣ ខាងមុខ ជា​អ្វីដែល​អ្នកវិភាគ​ចាត់ទុក​ទស្សនកិច្ច​នេះ​ថា មាន​សារៈសំខាន់​សម្រាប់​ពង្រឹង​និង​ពង្រីក​នូវ​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ​២​។​


​លោក​ មាស សុ​ភ័​ណ្ឌ ប្រធាន​ក្រុម​អ្នកនាំពាក្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ម៉ា​ណែ​ត បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ខែកញ្ញា ឆ្នាំ ​២០២៣ ​ថា ការ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ថែ​លោក សេដ្ឋា ថា​វី​ស៊ីន នៅ​ថ្ងៃទី​ ២៨ ខាងមុខ ជាការ​ឆ្លើយតប​តាម​ការអញ្ជើញ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ក្នុងឱកាស​នេះ​នឹង​ជំរុញ​នូវ​ការពង្រឹង​ទំនាក់ទំនង​ដែលមាន​ស្រាប់ ​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់​ល្អប្រសើរ​ឡើងលើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌​ជាដើម និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​ ផងដែរ​»​។​


​បើតាម​លោក មាស សុ​ភ័​ណ្ឌ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ លោក សេដ្ឋា ថា​វី​ស៊ីន នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ និង​ថ្វាយ​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណ​ក្ខ​ន្ធ​ព្រះ​បរម​រតន​កោដ្ឋ​។​

​លោក​បាន​បន្តថា លោកនាយក​រដ្ឋ​មន្ត្រី​ថៃ​ក៏​អញ្ជើញ​ជួប​សម្តែង​ការគួរ​សមជា​មួយ លោក សាយ ឈុំ ប្រមុខ​រដ្ឋ​ស្តីទី​,​ជួប​សម្តែង​ការគួរសម​ចំពោះ​លោកស្រី​ ឃួន សុ​ដា​រី ប្រធានរដ្ឋសភា និង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក​នា​​យក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ផងដែរ​។​


​ក្រៅពីនោះ លោក សេដ្ឋា ថា​វី​ស៊ីន ក៏​នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក​ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​កម្ពុជា​ព្រមទាំង​មានការ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​មួយចំនួនទៀត​ផងដែ​រ​ ដូចជា​កម្មវិធី​ជប់លៀង​ផ្លូវ​ការដែល​នឹង​រៀបចំ​ដោយ​នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ដ្រី​ថៃ​នេះ លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជាបាន​ថ្លែងថា ដំណើរ​ទស្សនកិច្ច​នេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ពង្រឹង និង​ពង្រីក​នូវ​កិច្ច​សហ​​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​ហើយក៏​ជាការ​បង្ហាញឱ្យឃើញ​នូវ​សញ្ញា​នៃ​ការរត់​រកគ្នា​រវាង​មេដឹកនាំ​ទាំង ២​។​

​លោក​បាន​បន្តថា ប្រទេស​ថៃ និង​កម្ពុជា​តែងតែ​ត្រូវការ​គ្នា ទាំង​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន និង​ទំនាក់ទំនង​រវាង​មេដឹកនាំ និង​មេដឹកនាំ​។

​លោក​បាន​បញ្ជាក់ថា​៖ «​បើ​និយាយ​ពី​ទិដ្ឋភាព​នយោបាយ យើង​ឃើញថា​មេដឹកនាំ​ទាំង​ ២ ​ប្រទេស​ជាពិសេស​មកពី​គណបក្សកាន់អំណាច​ទាំង​ ២​ នេះ​តែង​ផ្តល់​ការគាំទ្រ​គ្នា​ទៅវិញទៅមក​គ្រប់​វេទិកា​តំបន់​និង​ពិភពលោក ជា​ពិ​សេស​គឺពាក់ព័ន្ធ​នឹង​នយោបាយ​ផ្ទៃក្នុង​រៀងខ្លួនៗ​គឺ​ត្រូវការ​គ្នា ថៃ​ត្រូវការ​កម្ពុជា ហើយ​កម្ពុជា​ក៏ត្រូវ​ការ​ថៃ​»​។​

​លោក​ គិ​ន ភា បាន​បន្ដថា ចំណែក​ផ្នែក​សេដ្ឋកិច្ច​វិញ​ក៏​ដូចគ្នា​ដែរ​គឺ​ភាគី​ទាំង ​២ ​នៅតែ​ត្រូវការ​គ្នា​ទៅវិញទៅមក ដោយ​កម្ពុជា​ត្រូវ​ការនាំ​ទំនិញ​មកពី​ថៃ​តាមរយៈ​ការយកពន្ធ​ផ្សេងៗ ការ​​វិនិយោគ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​នៃ​ប្រទេស​ទាំង ​២ ហើយក៏​ត្រូវការ​ប្រទេស​ថៃ​សម្រាប់​ការបញ្ជូន​នូវ​ពលករ​ខ្មែរ​ចេញទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​រីឯ​ថៃ ក៏​ត្រូវការ​កម្ពុជា​ដែរ ត្រូវការ​កសិផល​ដែល​នាំ​ចេញពី​កម្ពុជា​ទៅ ហើយ​អ្វីដែល​ត្រូវការ​សំខាន់​ផងដែរ​នោះ​គឺ​កម្លាំង​ពលករ​ពី​កម្ពុជា ពីព្រោះ​ការងារ​មួយចំនួន​ត្រូវ​ប្រើ​កម្លាំង​របស់​ពលករ​ខ្មែរ ដែល​ការងារ​ខ្លះ​ប្រជាជន​ថៃ​មិន​ធ្វើ​នោះទេ​ដោយសារ​វា​ត្រូវ​ការប្រើ​កម្លាំងកាយ ហើយ​ដូចជា បើ​ខ្មែរ​រឹតត្បិត​កម្មករ​របស់​ខ្លួន​ចេញទៅ​ធ្វើការ​នៅ​ថៃ ក៏​ថៃ​ជួប​បញ្ហា​ផងដែរ​»​។​

​សូម​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី​ ២២ ខែសីហា ឆ្នាំ​ ២០២៣ ប្រទេស​ថៃ និង​កម្ពុជា​ទទួលបាន​នាយករដ្ឋមន្ត្រី​ថ្មី​ក្នុង​ថ្ងៃ​តែមួយ​។​

​ក្នុង​ថ្ងៃ​នោះដែរ លោកនាយក​រដ្ឋ​ន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ទូរស័ព្ទ​អបអរ​សាទរ​គ្នា​ទៅវិញទៅមក​ជាមួយនឹង​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ថៃ ​គឺ​លោក​ សេដ្ឋា ថា​វី​ស៊ីន បន្ទាប់ពី​រដ្ឋ​សភា​បាន​បោះឆ្នោត​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី ដោយ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង ​២​ បាន​ប្តេជ្ញា​ចិត្តនឹង​ពង្រឹង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​រាជ​​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ទាំង ២​ ឱ្យ​រីកចម្រើន​បន្ថែមទៀត​៕