ភ្នំពេញៈ អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​លោក វង្ស ពិ​សេន ក្រើនរំឭក​ដល់​កងក​ម្លាំ​ង​ពិសេស​ប្រឆាំង​ភេរវកម្ម ឱ្យ​បង្កើន​ការយកចិត្ត​​ទុកដាក់​ហ្វឹកហ្វឺន​ពង្រឹង​សមត្ថ​ភាព ដើម្បី​ការពារ​សន្តិភាព ស្ថិរ​ភាព សន្តិសុខ​ជាតិ និង​ឆ្លើយ​តប​យ៉ាង​មាន​ប្រសិទ្ធភាព​នូវ​អំពើ​ភេរវកម្ម​តាម​គ្រប់​រូបភាព បើទោះបីជា​កម្ពុជា​ពុំមែន​ជា​មុខសញ្ញា​នៃ​ភេរវកម្ម​ក្តី​។​


​យោងតាម​សេចក្តីប្រកាស​របស់​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ កាលពី​ថ្ងៃទី​ ២៦ ខែកញ្ញា បានឱ្យដឹងថា ភេរវកម្ម គឺជា​យុទ្ធសាស្ត្រ​បែប​ថ្មី​មួយ​ដែល​បាននិងកំពុង​គំរាមកំហែង​ដល់​វិស័យ​សន្តិសុខ​ជាច្រើន នៅក្នុង​តំបន់ និង​ពិភពលោក ដែល​តម្រូវឱ្យ​សហគមន៍​អន្តរជាតិ​ទាំងមូល​ត្រូវ​សហប្រតិបត្តិការ​រួមគ្នា ដើម្បី​ប្រយុទ្ធ​ទប់ស្កាត់​អំពើ​ភេរវកម្ម​នេះ​។​

​លោក​ថា​៖ «​សម្រាប់​កម្ពុជា បើទោះបី​ពុំមែន​ជា​មុខសញ្ញា​នៃ​អំពើ​ភេរវកម្ម ប៉ុន្តែ​ត្រូវ​ប្រុង​​ប្រយ័ត្ន​ជានិច្ច ដោយ​ធ្វើការ​គ្រប់​គ្រង​កម្លាំង បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ បណ្តា​ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​ដៃគូ​អន្តរជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ភេរវ​កម្ម​ឆ្លងដែន តាមរយៈ​ការចែក​រំលែក​ព័ត៌មាន ការស្រាវជ្រាវ និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ពីគ្នា​ទៅវិញទៅមក​»​។​


​លោក វង្ស ពិ​សេន ក៏បាន​ថ្លែងថា ស្នាដៃ​របស់​អង្គភាព​ប្រឆាំង​ភេរវកម្ម​ថា បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​កិច្ចសហការ​ការពារ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ជាប់​សមុទ្រ​ឱ្យមាន​សុខ​សុវត្ថិភាព និង​ត្រៀម​ដោះ​ស្រាយ​គ្រប់​យថាហេតុ​ដែល​កើតមាន​អំពើ​ភេរវកម្ម​តាម​គ្រប់​រូបភាព ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។ ទន្ទឹមនឹងនេះ​ក៏ត្រូវ​ពង្រឹង​ការងារ​អប់រំ​ចិត្ត​សាស្ត្រ អត្តចរិត វិន័យ សីលធម៌ អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​ការ​ដឹកនាំ​របស់​ថ្នាក់លើ សំដៅ​ធានាបាន​នូវ​ភាពស្មោះត្រង់​ដាច់ខាត​ចំពោះ​រាជរដ្ឋាភិបាល​»​។​

​អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក យង់ ពៅ នៅ​ថ្ងៃទី​ ២៧ ខែកញ្ញា បាន​ប្រាប់​ឱ្យដឹងថា ជាការ​ពិត កងកម្លាំង កងទ័ពជើងគោក ជើង​ទឹក និង​អាកាស​ក្តី សំខាន់​កង​​ទ័ពជើងគោក​ត្រូវតែ​ពង្រឹងសមត្ថភាព ស្រប​ពេលដែល​បច្ចុប្បន្ន​សណ្តាប់ធ្នាប់​ពិភព​​លោក​កំពុងតែ​ផុយស្រួយ ប្រឈម​នឹង​បញ្ហាសំខាន់ៗ រួម​ទាំង​បញ្ហា​ភេរវកម្ម​ជាដើម​ត្រូវតែ​ពង្រឹងសមត្ថភាព​ទាំង​សមត្ថភាព​កងទ័ព សមត្ថភាព​ការងារ​ដឹកនាំ​គ្រប់គ្រង​៕