ភ្នំពេញៈ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់ក្រសួងបរិស្ថានក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានទៅដល់សាលារៀនចំនួនជាង ១ ០០០ ហើយនៅក្នុងប្រទេសកម្ពុជា ដោយមានសិស្សានុសិស្សប្រមាណជាង ១ លាននាក់ចូលរួម។
នេះបើយោងតាមការលើកឡើងរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងបែបនេះក្នុងពេលជួបសម្តែងការគួរសមជាមួយអ្នកតំណាងប្រចាំប្រទេសនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល GGGI នៅទីស្តីការក្រសួងបរិស្ថានកាលពីថ្ងៃទី ២៦ ខែកញ្ញា។
លោក អ៊ាង សុផល្លែត បានថ្លែងថា យុទ្ធនាការនេះកំពុងបន្តនៅតាមសាលារៀនខណៈគោលដៅរបស់ក្រសួងចង់ធ្វើឱ្យបានទូទាំងប្រទេស ហើយបន្ទាប់ពីយុទ្ធនាការនៅតាមសាលារៀនរួច ក្រសួងក៏នឹងបន្តធ្វើជាមួយក្រុមហ៊ុន រោងចក្រសហគ្រាសផ្សេងៗទៀតផងដែរ។
លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា៖ «ក្រសួងបាននិងកំពុងអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកលើប្រធានបទ "ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ"ជាមួយនឹងសិស្សានុសិស្សប្រមាណជាង ១ លាននាក់ហើយ នៅតាមសាលារៀនជាង ១ ០០០ ក្នុងប្រទេសកម្ពុជា។ ជាជំហានបន្ទាប់ក្រសួង នឹងបន្តយុទ្ធនាការនេះ ជាមួយបណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជនថែមទៀត»។
កញ្ញា Shomi Kim តំណាង វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល GGGI បានអបអរសាទរដល់ក្រសួងបរិស្ថានចំពោះជោគជ័យដំបូងដែលក្រសួងសម្រេចបានជាបន្តបន្ទាប់នូវយុទ្ធនាការនេះនៅតាមសាលារៀន។ កញ្ញាបានថ្លែងថា GGGI នឹងចូលរួមគាំទ្រក្រសួងបរិស្ថានចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដ៏មានប្រយោជន៍នេះតាមរយៈការផលិតជីវប្លាស្ទិក និងការពង្រឹងកិច្ចសហប្រតិបត្តិរវាងក្រសួងបរិស្ថាន និងវិទ្យាស្ថាន GGGI ឱ្យកាន់តែល្អប្រសើរផងដែរ។
គួបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀនកាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ដោយចាប់ផ្តើមដំបូងចេញពីសាលារៀនចំនួន ៤៤ កន្លែង ដែលមានសិស្សសរុបជាង ១៨ ០០០ នាក់ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងធ្វើឱ្យកម្ពុជាអាចកាត់បន្ថយសំណល់សំរាមប្លាស្ទិកសម្រាប់ការអភិវឌ្ឍដោយចីរភាព។
លោក ហែម សុភេម ស្ថាបនិកក្រុមនិស្សិតបា្លស្ទិកបានគ្រាំទ្រក្រសួងបរិស្ថានចំពោះការបង្កើតយុទ្ធនាការនេះ ដោយលោកថា គឺជារឿងល្អ ១ ដែលជួយដល់សិស្សានុសិស្ស ក៏ដូចជាគ្រូបង្រៀនឱ្យភ្ញាក់ស្មារតីចាប់ផ្តើមខ្វាយខ្វល់ពីផលប៉ះពាល់ប្លាស្ទិកទៅលើបរិស្ថាន និងចូលរួមទាំងអស់គ្នាក្នុងការថែរក្សាបរិស្ថានកុំឱ្យមានការបោះចោលប្លាស្ទិកពាសវាលពាសកាល។
លោកបានបញ្ជាក់ថា៖ «បញ្ហាប្លាស្ទិកហ្នឹងកំពុងតែស្ថិតក្នុងបញ្ហា ១ ដែលប្រឈមទាំងអស់គ្នា អ៊ីចឹងនៅពេលដែលមានប្រជាពលរដ្ឋកាន់តែច្រើនមានបំណងខ្វាយខ្វល់ពីការកាត់បន្ថយ ឬក៏ការឈប់ប្រើប្រាស់ប្លាស្ទិកតែម្តងនោះវាធ្វើឱ្យសំណល់ប្លាស្ទិកកាត់បន្ថយទៅវិញ ហើយបរិស្ថានយើងនឹងស្រស់បំព្រង»។
បើតាមលោក ហែម សុភេម ការងាររបស់និស្សិតប្លាស្ទិកក្នុងពេលបច្ចុប្បន្នកំពុងធ្វើឱ្យបរិស្ថានមានភាពល្អប្រសើរជាងមុនដោយធ្វើការប្រមូលសំរាមប្លាស្ទិកនៅតាមទីកន្លែងនានាក៏ដូចជានៅតាមទីសាធារណៈ តាមមាត់ទន្លេ ឬតាមសាលារៀន។ លោកថា សំណល់ប្លាស្ទិក មានផលប៉ះពាល់ច្រើនដល់បរិស្ថានជាពិសេសដល់សុខភាព និងការរស់នៅរបស់មនុស្ស រុក្ខជាតិ ក៏ដូចជាសត្វផ្សេងៗដែរ៕