ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ចក្រ​​ភព​អង់គ្លេស​បាន​ប្តេជ្ញា​ថា នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ជាពិសេស​លើ​វិស័យ​អប់រំ​របស់​អង់គ្លេស​ដែល​អាច​ដើរតួ​ក្នុងការ​ធានាថា​កម្ពុ​ជាមាន​ជំនាញ​ដែល​ត្រូវការ​ដើម្បី​បន្ត​កំណើនសេដ្ឋកិច្ច និង​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២​។​


​ការលើកឡើង​នេះ ធ្វើឡើង​ដោយ​លោកស្រី Heather Wheeler បេសកជន​ពា​ណិ​កម្ម​នៃ​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​នៅក្នុង​ឱកាស​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សាកល​​វិទ្យាល័យ ឌឹ ម៉ុ​ន​ហ្វ​ត កម្ពុជា (De Montfort University Cambodia) កាលពី​ថ្ងៃទី​ ២៥ ខែកញ្ញា ឆ្នាំ​ ២០២៣ ដែលជា​សាកលវិទ្យាល័យ​របស់​ប្រទេស​អង់គ្លេស​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។​

​តាម​ការប្រកាស​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ កាលពី​ថ្ងៃទី​ ២៦ ខែកញ្ញា លោកស្រី Heather Wheeler បាន​លើកឡើងថា លោកស្រី​ចង់ឃើញ​ប្រជាជន​កម្ពុជា​កាន់តែច្រើន​ទទួលបាន​ការអប់រំ ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​ចក្រភព​អង់គ្លេស​។ លោកស្រី​ថា ការ​​បើក​ឱ្យ​ដំណើរការ​សាកល​វិទ្យា​ល័យ​នេះ គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ដែល​នឹងចូលរួម​ផ្តល់​ការ​​អប់រំ​ដ៏​ល្អ​បំផុត និង​ការបង្រៀន​ប្រកបដោយ​គុណភាព​។


​បន្ថែម​ពីនេះ​លោកស្រីក៏បាន​ប្តេជ្ញា​ថា​៖ «​ចក្រភព​អង់គ្លេស​នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ពិសេស​ការអប់រំ​រប​ស់​អង់គ្លេស​អាច​ដើរតួ​ក្នុងការ​ធានាថា​កម្ពុ​ជាមាន​ជំនាញ ដែល​ត្រូវការ​ដើម្បី​បន្ត​កំណើនសេដ្ឋកិច្ច និង​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​ជិត​​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២»​។​

​លោក Dominic Williams ឯក​អគ្គរាជ​រដ្ឋទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​ក្តីរំភើប​ចំពោះ​វត្តមាន​សាកលវិទ្យាល័យ​ចក្រភព​អង់គ្លេស​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ទើប​បើក​ដំណើរការ​នៅក្នុង​ឆ្នាំនេះ ចំ​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា និង​ចក្រភព​អង់គ្លេស​។


​លោក​បាន​បញ្ជាក់ថា​៖ «​តាម​រយៈ​សាកលវិទ្យាល័យ​នេះ នឹង​អាច​បង្ហាញថា វិស័យ​អប់រំ ពិតជា​សំខាន់​សម្រាប់​ជំហាន​បន្ទាប់​នៃ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ចក្រភព​អង់គ្លេស​ជាមួយ​កម្ពុជា​»​។​

​លោក Dominic Williams បន្តថា សាកលវិទ្យាល័យ​នេះ​ក៏​បង្កើតឱ្យមាន​ទំនាក់ទំនង​ពិសេស​រវាង​ពលរដ្ឋ និង​ពលរដ្ឋ​ក៏ដូចជា​និស្សិត​កម្ពុជា​ដែល​បាន​សិក្សា​នៅ​វិទ្យាស្ថាន​របស់​អង់គ្លេស​ទាំង​ក្នុង ​ឬ​ក្រៅប្រទេស​ដែល​តែង​ផ្សារ​​ភ្ជាប់​ជាមួយ​អង់គ្លេស ហើយ​ទំនាក់ទំនង​នេះ​ក៏​នៅជាប់​ជា​​មួយ​ពួកគេ​ពេញ ​១ ជីវិត​ដែរ​។​

​នាឱកាស​នោះដែរ លោក​ឧបនាយករដ្ឋមន្ដ្រី​ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចាត់ទុកថា នេះ​គឺជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា សម្រាប់​ឱ្យ​យុវជន​អាច​ទទួល​បានការ​​អប់រំ​ប្រកបដោយ​គុណភាព​តាម​ស្ដង់ដា​របស់​ចក្រភព​អង់គ្លេស ដោយ​សិក្សា​រៀនសូត្រ​នៅ​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្ដង​។

​ជាមួយគ្នានេះ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​ខិត​​ខំប្រឹងប្រែង​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​និង​អនុវត្ត​គម្រោង​អប់រំ​របស់​ចក្រភព​អង់គ្លេស​នៅ​កម្ពុជា​នាពេល​កន្លងមក និង​ក្នុងពេល​បច្ចុប្បន្ន​ផងដែរ​។​

​សូមបញ្ជាក់ថា សាកល​វិទ្យា​ល័យ ឌឹ ម៉ុ​ន​ហ្វ​ត កម្ពុជា ត្រូវបាន​បង្កើតឡើង​តាម​អនុក្រឹត្យ​លេខ ២០៣ អនក្រ​.​បក ចុះ​ថ្ងៃទី​ ២០ ខែកក្កដា ឆ្នាំ ​២០២៣ របស់​រាជរដ្ឋាភិបាល​។ នេះ​ជា​សាកលវិទ្យាល័យ​អង់គ្លេស​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែលមាន​មហាវិទ្យាល័យ​ចំនួន​ ៦ រួមមាន​៖ មហាវិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ និង​នីតិសាស្ដ្រ ,​មហាវិទ្យាល័យ​​វិទ្យាសាស្ត្រ​កុំព្យូទ័រ​,​មហាវិទ្យាល័យ​រចនា មហាវិទ្យាល័យ​ភាសា​អង់គ្លេស​,​មហាវិទ្យាល័យ​អប់រំ​និង​មហាវិទ្យាល័យ​វិស្វកម្ម​។​

​ជុំវិញ​វត្តមាន​សាកលវិទ្យាល័យ​ដ៏​ធំ​របស់​អង់គ្លេស​នៅ​កម្ពុជា​នេះ លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៧ ខែកញ្ញាថា វា​ជា​រឿង​ល្អ នៅពេល​មាន​លំហូរ​អប់រំ​ថ្មី​ពី​បណ្តា​ប្រទេស​អភិ​វឌ្ឍន៍ ហើយ​លោក​ក៏បាន​ជំរុញ​ឱ្យ​សាកលវិទ្យាល័យ​ក្នុងស្រុក​អាច​រៀនសូត្រ​បន្ថែម​ពីសា​កល​​វិទ្យាល័យ​ទាំងនោះ​ផងដែរ ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែមទៀត​។

​ជាមួយគ្នានេះ លោក​បាន​បន្ត​ជំរុញ​សិស្ស​និស្សិត​កម្ពុជា​ថា​៖ «​សូមឱ្យ​ប្អូនៗ​សិស្ស​និស្សិត​ត្រូវ​ត្រៀមខ្លួន​ពង្រឹងសមត្ថភាព​ជំនាញ​ភាសា​អង់គ្លេស ចំណេះដឹង​ទូទៅ គណិតវិទ្យា និង​វិទ្យាសាស្ត្រ​ ដើម្បី​ត្រៀមខ្លួន​ចាប់យក​ឱកាស​បន្ត​សិក្សា​នៅ​ប្រទេស​អង់គ្លេស និង​បណ្តា​ប្រទេស​ដទៃទៀត​»៕