ភ្នំពេញៈ លោក អ៊ុច បូរ​រិ​ទ្ធ ទេសរដ្ឋមន្ត្រី​បាន​ថ្លែងថា ប្រទេស​ទាំងអស់​ត្រូវខិតខំ​បន្ថែម​ទ្វេដង សំដៅ​សម្រេច​គោលបំណង​រួម គឺ​ពិភពលោក​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ដោយ​ក្នុងនោះ​កម្ពុជា​ទទូច​ឱ្យមាន​សកម្មភាព​សកល ដើម្បី​ធ្វើឱ្យ​ពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នេះ​។​


​លោក​បាន​ថ្លែង​ដូចនេះ​កាល​ពីថ្ងៃ​ទី ​២៦ ខែកញ្ញា នា​កិច្ចប្រជុំ​ជាន់ខ្ពស់​ពេញអង្គ ដើម្បី​ប្រារព្ធ​និង​លើកកម្ពស់​ទិវា​អន្តរជាតិ​សម្រាប់​ការលុបបំបាត់​ទាំងស្រុង​នូវ​អាវុធ​នុយក្លេអ៊ែរ នាទី​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​

​តាមរយៈ​សុន្ទរកថា លោក អ៊ុច បូរ​រិ​ទ្ធ បាន​ថ្លែងថា​៖ «​នៅពេលដែល​យើង​បន្ត​មើលឃើញ​ការគំរាមកំហែង​ជាប់លាប់​ដែល​បង្កឡើង​ដោយ​អាវុធ​នុយក្លេអ៊ែរ និង​ទំនើបកម្ម​របស់​វា វា​ជាការ​​ចាំបាច់​សម្រាប់​រដ្ឋ​សមាជិក​ទាំង​អស់ រួមទាំង​រដ្ឋ​អាវុធ​នុយក្លេអ៊ែរ (NWS) ចូលរួម​ក្នុង​កិច្ចសន្ទនា​ប្រកបដោយ​អត្ថន័យ និង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ពិតប្រាកដ​ចំពោះ​ការមិន​រីកសាយ​ភាយ​អាវុធ និង​សន្ធិសញ្ញា​ស្តីពី​ការមិន​រីកសាយ​​ភាយ​អាវុធ​នុយក្លេអ៊ែរ​»​។


​លោក​បន្តថា​៖«​យើង​ត្រូវតែ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ឡើងវិញ​ឆ្ពោះទៅរក​គោលដៅ​រួម​របស់​យើង​គឺ ពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរ​»​។

ក្នុងនាម​ជា​ប្រទេស​ដែល​ស្រឡាញ់​សន្តិភាព កម្ពុ​ជារួម​ជាមួយនឹង​សមាជិក​អាស៊ាន​ទាំងអស់ ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​អនុវត្ត «​សន្ធិសញ្ញា​ស្តីពី អាស៊ីអាគ្នេយ៍​ជា​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​»​និង​ផែនការ​សកម្ម​ភាព​របស់​សន្ធិសញ្ញា​នេះ​។ នេះ​បើតាម​លោក អ៊ុច បូរ​រិ​ទ្ធ​។​


​លោក​បន្តថា ដោយ​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​វិធីសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​សម្រេចបាន​នូវ​ការលុបបំបាត់​ស​ញ្វ​វុ​ធ និង​ការមិន​រីកសាយ​ភាយ​ស​ញ្វ​វុ​ធ ប្រទេស​កម្ពុជា​លើកទឹកចិត្ត​ជាខ្លាំង​ចំពោះ ក្រុម​ប្រទេស​ដែលមាន​អាវុធ​នុយក្លេអ៊ែរ ចូលរួម​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន ដោយ​ធ្វើការ​ចុះហត្ថលេខា​លើ «​ពិធីសារ​នៃ​សន្ធិសញ្ញា​ស្តីពី អាស៊ី​អាគ្នេយ៍​ជា​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​»​។

​លោក​ ថុង ម៉េង​ដា​វិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បាន​ថ្លែង​កោតសរសើរ​ពី​ជំហរ​របស់​កម្ពុជា​ក្នុងការ​ប្រឆាំង​ការ​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​នេះ​ពីព្រោះ​វា​អាច​បង្ក​គ្រោះ​មហន្ត​រាយ​ដល់​ពិភពលោក​ទាំងមូល​។​

​លោក​សង្កត់ធ្ងន់ថា​៖ «​សហ​គម​ន៍​អន្តរជាតិ​គួរ​ស្វះ​ស្វែងរក​វិធីសាស្ត្រ​បែបណា​ដើម្បី​ចម្រាញ់​សារធាតុ​នុយក្លេអ៊ែរ​ពី​ក្បាល​គ្រាប់​យកមក​ផលិត​ជា​ថាមពល​ស៊ីវិល ដើម្បី​ជា​ប្រ​យោ​ជ​ន៏​ដល់​ប្រជាជន​។ ប្រទេស​មហាអំណាច ឬ​ប្រទេស​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​ក៏​គួរ​ឈប់​យក​អាវុធ​នេះ​ធ្វើជា​កម្លាំង​នយោបាយ​ដើម្បី​ចរចា​រក​ប្រ​យោ​ជន៍​ឬ​ធ្វើ​នយោបាយ​តូបនីយកម្ម​មកលើ​ប្រទេស​ដទៃ​»​។​

​លោក​បន្ថែមថា អង្គការ​សហ​​ប្រជាជាតិ​តាមរយៈ​ភ្នាក់ងារ​ថា​ម​ពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) គួរ​សហការ​ជាមួយ​ប្រទេស​មហា​​អំណាច​ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​ការផលិត និង​បញ្ឈប់​ការ​​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ក្នុង​គោលដៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ ហើយ​ពង្រឹង​កិច្ចសហការ​ជាមួយ​ភ្នាក់ងារ​តំបន់ និង​អន្តរជាតិ​ធ្វើ​ការតាមដាន និង​គ្រប់គ្រង​ការ​​ចរាចរ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​នេះ ដើម្បី​បង្ការ​ការ​គំរាម​សន្តិសុខ​ពិភពលោក​ទាំងមូល​។​

​ចំណែក​លោក​ យង់ ពៅ អគ្គ​​លេខាធិការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា សាទរ​ចំពោះ​ការអំពាវនាវ​របស់​ក​ម្ពុ​ជា​ក្នុងការ​បំបាត់ចោល ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ខណៈពេល​បច្ចុប្បន្ន បច្ចេកវិទ្យា​អាវុធ​នុយក្លេអ៊ែរ​កំពុង​ត្រូវបាន​អភិវឌ្ឍ​បន្ថែមទៀត​។ លោក​បន្តថា ប្រទេសមួយ​ចំនួន​កំពុង​បន្ត​ផលិត​យ៉ាង​អនាធិបតេយ្យ ជាការ​គំរាមកំហែង​សន្តិសុខ​កាន់តែខ្លាំង​ឡើង​ព្រោះ​បើតាម​ការ​ស្មាន សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​ប​ច្ចុ​​ប្បន្ន​មាន​អានុភាព​ជាង​នៅ​សម័យ​សង្គ្រាមលោកលើកទី​២ និង​សម័យ​សង្គ្រាមត្រជាក់​ទៅទៀត​។​

​លោក យង់ ពៅ ប្រាប់ថា​៖ «​អាវុធ​នុយក្លេអ៊ែរ មើលទៅ​មិនបាន​កាត់បន្ថយ​ទេ មានតែ​កើន​ឡើង​បន្ថែម ពង្រីក​កាន់តែ​ច្រើនឡើង​ទៅលើ​បណ្តា​ប្រទេសមួយ​ចំនួន​ដែល​មិន​ស្ថិតក្នុង​សន្ធិ​សញ្ញា​មិន​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​ដូចជា​កូរ៉េខាងជើង អ៊ីរ៉ង់ ជាដើម ដែល​ជាការ​ព្រួយ​​បារម្ភ​របស់​សកល​»​។

​លោក​ថា ដើម្បី​បង្ការ​មិន​ឱ្យមាន​វិបត្តិ​អាវុធ​នុយក្លេអ៊ែរ​រឹតតែ​ធ្ងន់ធ្ងរ បណ្តា​ប្រទេស​ដែល​ស្ថិតនៅក្នុង​សន្ធិ​សញ្ញា​មិន​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ មិនត្រូវ​ផ្តល់ ឬ​ផ្ទេរ​បច្ចេកវិទ្យា​អាវុធ​នុយក្លេអ៊ែរ​នេះ​ដល់​បណ្តា​ប្រទេស​មិន​ស្ថិតក្នុង​សន្ធិសញ្ញា​នោះទេ ជាពិសេស​ក្នុងចំណោម​ប្រទេស​មហាអំណាច​ក្នុងស្ថានភាព​តានតឹង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ មិនត្រូវ​ផ្ទេរ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ក្នុង​រូបភាព​ណាមួយ​ជាដាច់ខាត​៕