ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក​នេត្រ ភក្ត្រា ស្នើឱ្យ​វិទ្យុ​មិត្ត​ភាព​កម្ពុជា​-​ចិន​ប្រចាំ​កម្ពុជា ជួយ​បង្កើន​ការផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ឱ្យបាន​ច្រើន ដើម្បី​ធ្វើឱ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ កាន់​តែ​បាន​ស្វែងយល់​ពី​វប្បធម៌ អរិយ​ធម៌​និង​សេដ្ឋកិច្ច​គ្នា​ទៅវិញទៅមក​។​


​ក្នុងជំនួប​ជាមួយ​កញ្ញា​ Yao Shiya ប្រធាន​គ្រប់គ្រង​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ (CMG) នា​ថ្ងៃទី​ ២៧ ខែកញ្ញា លោក នេត្រ​ ភក្ត្រា បាន​គាំទ្រ​ចំពោះ​ដំណើរការ​ផ្សព្វផ្សាយ​រប​ស់​វិទ្យុ​នេះ ពីព្រោះ​នេះ​ជា​ផ្នែក​មួយ​ជួយ​ប្រជាជន​កម្ពុជា​បាន​យល់ដឹង​បន្ថែមទៀត​ពី​ប្រពៃណី​វប្បធម៌​របស់​ចិន​ហើយ​ចិន​ក៏បាន​យល់​ពី​វប្បធម៌​របស់​កម្ពុជា​វិញ​ផងដែរ​។

​ក្រសួង​ព័​ត៌​មាន​ឱ្យដឹងថា​៖ «​ឯកឧត្តម បាន​ស្នើឱ្យ​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន ​ជួយ​បង្កើន​ការផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ឱ្យបាន​ច្រើន ជាពិសេស​កិច្ច​សហ​ប្រតិ​ប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន ទាក់ទង​ទៅនឹង​សក្តានុពល​ទេសចរណ៍ និង​ការ​វិនិយោគ​ធ្វើឱ្យ​ប្រជាជន​នៃ​ប្រ​ទេស​ទាំង ​២​ កាន់តែ​បាន​ស្វែងយល់​ពី​វប្បធម៌ អរិយធម៌ វិស័យសេដ្ឋកិច្ច​គ្នា​ទៅវិញទៅមក ព្រោះ​ចិន និង​កម្ពុជា គឺជា​មិត្ត​ដែកថែប​»​។


​លោក​ នេត្រ ភក្ត្រា​ បានអនុញ្ញាត និង​លើកទឹកចិត្ត​ឱ្យ​វិទ្យុ​នេះ​ពង្រីក​ការផ្សាយ​របស់ខ្លួន​តាម​រយៈ APP ក្រសួង​ព័ត៌មាន និង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ (AKP) ​បន្ថែម​លើ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ជាមួយ​អគ្គនាយកដ្ឋាន​វិទ្យុ​ជាតិ​កម្ពុជា និង​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​បច្ចុប្បន្ន ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំ​ទូ​លាយ​និង​សម្បូរបែប​ដល់​ពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ថែមទៀត​។​

​លោក​ថ្លែងថា ការផ្សព្វផ្សាយ​ជាមួយ​បណ្តាញ​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន​នេះ​ក៏​ជាការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង​​ជ្រោយ​របស់​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាពិសេស​យុទ្ធសាស្ត្រ​គំនិត​​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI)​ ដែល​ផ្តួចផ្តើមឡើង​ដោយ​ប្រទេស​ចិន ហើយ​ផ្តល់​ផលប្រយោជន៍​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​។​


​កញ្ញា Yao Shiya បាន​ថ្លែងថា វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន​ បានចាប់ផ្តើម​ផ្សាយ​សំឡេង​ជា​ផ្លូវការ​កាលពី​ឆ្នាំ​ ២០០៨​ ដែលជា​សមិទ្ធ​ផល​នៃ​កិច្ចសហ ប្រតិបត្តិការ​រ​វាង​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន ​(CMG) ​និង​អគ្គនាយក​ដ្ឋា​ន​វិទ្យុជាតិ​កម្ពុជា នៅក្រោម​ការអនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​កម្ពុជា​។

​កញ្ញា​បន្តថា អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន ដែល​ភាសា​អង់គ្លេស​ហៅថា China Media Group (CMG) គឺជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​មាន​ទ្រង់​ទ្រាយ​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក ដែល​រួមទាំង CCTV និង CGTN ​ជាដើម បាន​ទាក់ទាញ​ប្រិយមិត្ត​តាមដាន​ជាប្រចាំ​ជា​ជនជាតិ​ចិន​ជាង ​១,៤ ​ពាន់​លាន​នាក់ និងប្រិយមិត្ត​អន្តរជាតិ​តាមដាន​ជា​ប្រចាំ​រាប់ពាន់​លាន​នាក់​៕