ស្ទឹងត្រែងៈ ខេត្តស្ទឹងត្រែង និង​ខេត្ត​​អត្ត​ពឺ​នៃ​ប្រទេស​ឡាវ បាន​ចុះ​ហត្ថ​​លេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិ​កិច្ច​សហប្រតិបត្តិ​ការការពា​រ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ និង​ទប់​ស្កាត់​បទល្មើស​គ្រឿងញៀន​តាម​បណ្តោយ​ព្រំដែន​នៃ​ខេត្ត​ទាំង ​២​។


​ការចុះហត្ថលេខា​នេះ​ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៦ រវាង​រដ្ឋបាលខេត្ត​ស្ទឹង​ត្រែង និង​ខេត្ត​អត្ត​ពឺ នា​ថ្ងៃទី​ ២៦ ខែកញ្ញា នៅឯ​ខេត្ត​អត្ត​ពឺ ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​បន្ត​ជំរុញ ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ទាំង ​២​ ស្ទឹងត្រែង​​អត្ត​ពឺ​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ស្ទឹងត្រែង បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ចូលរួម​ប្រជុំ​ជាមួយ​ភាគី​ឡាវ ដឹកនាំ​ដោយ​លោក ឡេ​ត សៃ​យ៉ា​ផន អភិបាលខេត្ត​អត្ត​ពឺ​។​


​គេហទំព័រ​មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង​បញ្ជា​ក់នា​ថ្ងៃទី​ ២៧ ខែកញ្ញាថា​៖ «​ភាគី​ទាំង ​២​ បាន​ចុះហត្ថលេខា​ព្រមព្រៀង​ប្រតិបត្តិ​លើ​កិច្ចសហប្រតិបត្តិការ​ការពា​រ សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​តាម​បណ្តោយ​ព្រំដែន ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​»​។​

​ភាគី​ទាំង​ ២​ បាន​ព្រមព្រៀង​យកចិត្ត​ទុកដាក់​ចំពោះ​ប្រជាជន​នៅតាម​ព្រំដែន ធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិ​​ភាព ការចេញចូល​សួរសុខទុក្ខ​ជា​ប្រពៃណី​ជា​បងប្អូន ការដោះដូរ​ទំនិញ ជា​លក្ខណៈ​គ្រួសារ និង​ការព្យាបាល​ជំងឺ ដើម្បី​ទំនាក់ទំនង សាមគ្គីភាព មិត្តភាព អ្នកជិតខាង​ល្អ​។ ភាគី​ទាំង​ ២​បាន​ព្រម​ព្រៀង​រក្សា និង​ទប់ស្កាត់​ធនធាន​ធម្ម​ជាតិ ផ្លាស់ប្តូរ​ព័ត៌មាន​ពី​ឧតុនិយម និង​ជលសា​ស្ត្រ​រួមគ្នា​ជាប្រចាំ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាជន ចូលរួម​វិ​និ​យោគ​ក្នុង​វិស័យ​ដឹកជញ្ជូន និង​សម្រប​សម្រួលការ​ដឹកជញ្ជូន​ផលិតផល​។


​ភាគី​ទាំង​ ២​ បាន​ព្រមព្រៀង​លើកកម្ពស់​ការផ្លាស់ប្តូរ​ផលិតផល​តាម​តម្រូវការ​ទីផ្សារ រក្សា​ទំនៀមទម្លាប់ ប្រពៃណី និង​វប្បធម៌​ប្រវត្តិសាស្ត្រ​ល្អ​របស់​ប្រជាជាតិ​ទាំង​ ២ និង​ខេត្ត​ទាំង​ ២ ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។ ខេត្ត​ទាំង​ ២​ ក៏បាន​ឯក​​ភាព​គ្នា​បន្ត​អនុវត្ត​ផែនការមេ​នៃ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀត​ណា​ម និង​ការផ្សព្វផ្សាយ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍​ដល់​ឆ្នាំ​ ២០៣០ ព្រមទាំង​គាំទ្រ និង​ពង្រឹង​លើ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ប្រសើរឡើង​ឱ្យមាន​កិច្ច​សហប្រតិបត្តិ​ការ​ក្នុងការ​ផ្លាស់ប្តូ​ដកស្រង់​បទពិសោធន៍​លើ​វិស័យ​អប់រំ យុវជន និង​កីឡា​។

​គេហទំព័រ​ដដែល​បន្ត​ថា​៖«[​ភាគី​ទាំង​២]​ ឯកភាព​បន្ត​តាមដាន និង​មាន​វិធាន​ការបង្ការ គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង ផ្លាស់ប្តូរ​ទិន្នន័យ​ស្តីពី​ការព្យាបាល បញ្ជូន​អ្នកជំងឺ និង​អ្នក​បាត់បង់​ជីវិត ផ្លាស់ប្តូ​សេវា​សុខភាព ស្ត្រី​វ័យ​បន្ត​ពូជ និង​មនុស្ស​ចាស់ គ្រប់គ្រង​លើ​វិស័យ​ព័ត៌មាន​សុខភាព​សាធារណៈ ចាប់ពី​ថ្នាក់​ខេត្ត រហូតដល់​មណ្ឌល​សុខភាព​»​។​

​លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ២៧ ខែកញ្ញា ថា ខេត្ត​ទាំង​ ២ ​ដែល​ជាប់​ព្រំដែន​គ្នា​នេះ​ជា​តំបន់​ព្រំដែន​ដែល​ស្ងាត់ជ្រងំ​ដែលមាន​ព្រៃ​ជ្រៅ​រហោឋាន ហើយ​ងាយ​នឹង​ការឆ្លង​កាត់​ឬ​ចរាចរ​គ្រឿងញៀន​។ ជាក់ស្ដែង​គឺមាន​ការឆ្លងកាត់​គ្រឿងញៀន​ច្រើន​បាន​រហូតដល់​កម្រិត​តោន​បើតាម​សេចក្តីរាយការណ៍​ព័ត៌មាន​កន្លងទៅ​។

​លោក​ថ្លែងថា​៖ «​ការ​ឆ្លងដែន​គ្រឿងញៀន​ហ្នឹង​គឺ​វា​ញាំញី​សេដ្ឋកិច្ច វា​ញាំញី​មុខមាត់​នៃ​ប្រទេស​យើង​ខ្លាំងណាស់​រវាង​ប្រទេស​ទាំង ​២ ​ហ្នឹង​។ អ៊ីចឹង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​ ហ្នឹង​គឺជា​រឿង​សំខាន់ ប៉ុន្តែ​កុំឱ្យ​តែមាន​កិច្ចសហប្រតិបត្តិការ​ហើយ​អត់​មាន​សកម្មភាព​ជាក់ស្ដែង​។ សុំ​ឱ្យមាន​សកម្ម​ភាពជា​ក់​ស្ដែង ទប់ស្កាត់​ជាក់ស្ដែង​ឱ្យបាន​ដើម្បី​ជា​ប្រយោជន៍​នៃ​សេដ្ឋកិច្ចសង្គម សន្តិសុខ​សណ្តាប់ធ្នាប់​រវាង​ ២​ ប្រទេស​ហ្នឹង​។ អ៊ីចឹង ខ្ញុំ​សាទរ​ប្រសិនបើ​យើង​មាន​កិច្ចសហប្រតិបត្តិការ​ហើយ​យើង​ធ្វើបាន បង្ក្រាប​បទល្មើស​បានជា​ក់​ស្ដែង​ប្រាកដ​មែន​»៕