កំ​ពតៈអង្គ​ការ​ជីវិត​ធម្ម​ជាតិ​នៅ​កម្ពុជា​ បានដំ​ឡើង​លូ​ដាក់​សម្បក​ថ្នាំ​គីមីក​សិកម្ម​ចំនួន ​២​៩ ទី​តាំង​ នៅ​តាម​វាល​ស្រែ​មិត្ត​ក្រៀល​ ជុំវិញ​តំបន់​ការពា​រទេស​ភាព​អន្លង់​ព្រីង ​ក្នុង​ស្រុក​កំពង់​ត្រាច ​ខេត្ត​កំពត ​ដើម្បី​លើក​កម្ពស់​កា​រ​គ្រប់​គ្រង​សម្បក​ថ្នាំពុ​ល​គីមី​និង​ឱ្យ​ប្រជា​ជន​ចូលរួម​ទុក​ដាក់​បាន​ត្រឹម​ត្រូវ​ ដើម្បី​កាត់​បន្ថយ​សា​រធាតុ​ពុ​ល ។​


​យោង​តាមអ​ង្គការ​ជីវិត​ធម្ម​ជាតិ​នៅ​កម្ពុជា បាន​ឱ្យដឹង​ថា ​ការប្រ​មូល​សម្បក​ថ្នាំ​ពុល​គីមី​ក​សិកម្ម​នេះ ​គឺធ្វើ​ឡើង ២​ដង​ក្នុង​១​ឆ្នាំ នៅ​ភូមិ​ចំនួន​៤​ មាន​ដូចជា​ ភូមិ​កោះ​ចម្ការ ​កោះ​ត្នោត ​ព្រះ​ទ្រហឹង និ​ង​ជ្រេស​ ក្នុង​ឃុំ​​បឹង​សាលា​ខាង​ត្បូង និង​ឃុំ​ព្រែ​កក្រឹស ស្រុក​កំព​ង់ត្រាច ខេត្ត​កំពត​។ ​

​អង្គ​ការ​បាន​បញ្ជាក់​ថា គិ​ត​ត្រឹម​ថ្ងៃទី​១៧​ ខែ​សីហា ​ឆ្នាំ​២០២៣ ស​ម្បក​ថ្នាំ​ពុល​គីមី​ក​សិកម្ម​ដែលត្រូ​វបាន​ប្រមូល​សរុប​មាន​ចំនួន​១ ៤៧៩ កំប៉ុង ​និង​១ ៤២៦ ​កញ្ចប់​ ដោយ​ក្រុម​ការងារ​ទីវាល​របស់​អង្គកា​រ​ជីវិត​ធម្មជាតិ​ក្នុង​សហ​គមន៍​និង​មន្ត្រី​គ្រប់​គ្រង​តំបន់កា​រពារ​ទេសភា​ព​អន្លង់​ព្រីង​បាន​ចុះ​ប្រមូល​ពីតាម​លូ​នីមួយៗ​នៅ​ជុំវិញ​តំបន់​ការពារ​នោះ​។​


​ទន្ទឹម​នឹង​នេះ​ អង្គការ​ជីវិត​ធម្ម​ជាតិ​ក៏បាន​ស្នើសុំ​កិច្ច​សហ​ការ​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​កែបឱ្យ​ជួយ​សម្រប​សម្រួល​ដំណើរ​ការ​ឡ​ដុត​សម្បក​ថ្នាំ​ពុល​គីមី​កសិ​កម្ម​ដែល​មាន​ទីតាំង​នៅក្នុង​ក្រុង​កែប​ ខេត្ត​កែប​ផង​ដែរ​។​

​លោក ​ប៊ូ វរ​សក្ស ​នាយក​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បាន​ថ្លែង​កាល​ពី​ថ្ងៃទី​២៧ ​ខែកញ្ញា​ថា​ គម្រោង​នេះ​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​កា​រ​ចូល​រួម​ពីសហ​គម​ន៍​ក្នុង​ការគ្រប់​គ្រង​ការបោះ​ចោល​សម្បក​ថ្នាំ​គីមី​កសិកម្ម​ដែល​មាន​ជាតិពុល​ខ្លាំង​ទៅ​ក្នុង​ធម្មជាតិ ​។ គម្រោង​នេះ​អនុវត្ត​បាន​៤ឆ្នាំ​មក​ហើយ ​ដោយ​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​៤ ដែល​គម្រោង​ធ្វើ​នៅ​ក្នុង​តំបន់​អន្លង់​ព្រីង ក្នុង​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត​។


​លោក​បាន​បញ្ជាក់​ថា​៖«​នៅក្នុង​ខែ​សីហា​[​កន្លង​មកនេះ​]គឺជា​លើក​ទី​៣ ដែល​អង្គ​ការ​ជីវិត​ធម្ម​ជាតិ​នៅ​កម្ពុជា បានធ្វើ​ការ​ប្រមូល​សម្បកថ្នាំ​គីមីក​សិកម្ម​ជាង​ ៨៥០ កំ​ប៉ុង (​នេះ​បើ​យោង​តាម​ប្រភព​ទិន្ន​ន័យ​ ដែល​ផុស​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ច​របស់លោក​ផ្ទាល់​) រួមមាន​សម្បក​ថ្នាំ កំប៉ុង​ថ្នាំ និង​ថង់​ប្លាស្ទិ​ក ដែល​ប្រជា​ជន​បាន​ដាក់​នៅ​ក្នុង​ប្រព័ន្ធ​របស់​អង្គ​ការ​ ដោយ​អង្គការ​បាន​ដាក់​ធុង​ធ្វើ​អំពី​ស៊ី​ម៉ងត៍ ​“Concrete” យក​មក​ឱ្យ​ប្រជា​ជន​បាន​ដាក់​ រួច​ទើប​ប្រមូល​រាប់​យក​ទៅ​ដុត​ក្នុង​ឡ​ដែល​ផ្តល់​ដោយ​ក្រសួង​បរិ​ស្ថាន​នៅខេត្ត​កែប​»​។​

​ជា​មួយ​គ្នានេះលោ​ក​បាន​សង្កត់ធ្ង​ន់ថា​៖«​និយាយ​​រួមពួកគា​ត់​មានកា​រ​ចូលរួម​ច្រើន​ហើយ​គាត់​យល់​ដឹង​ពី​ផ​លប៉ះ​ពា​ល់​ប្រសិន​បើ​គាត់​មិន​មាន​ការគ្រ​ប់​គ្រ​ងដែល​ប៉ះពាល់​ទាំង​ទិដ្ឋភាព​​រស់នៅ​របស់​ពួកគា​ត់ក៏ដូ​ចជា​អេកូឡូស៊ី​ ជា​ពិសេស​គឺ​សត្វ​ក្រៀល​ដែល​ស្ថិត​នៅ​ក្នុង​ទីតាំង​នោះ​»​។​

​ក្រៅ​ពីនេះ​ លោក ​ប៊ូ វរ​សក្ស បាន​លើកឡើ​ង​ពី​ផល​ប្រយោ​ជន៍​នៃការ​ដំឡើង​លូ​ដាក់ស​ម្បក​ថ្នាំពុល​គីមីនេះ​ ដោ​យ​​លោ​កអះ​អាង​ថា​ ទី​១ គឺ​ផ្តល់​ផលប្រយោ​ជន៍​ដល់​សុខ​ភាព​ ដោយ​ពួក​គាត់​មិន​ចោល​កាកសំ​ណល់​ពាស​វាល​ពាស​កាល​ទៅក្នុ​ង​ប្រភព​ទឹក​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​។ ទី​២ គឺ​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រព័ន្ធ​អេកូឡូ​ស៊ី តំប​ន់ដីសើម ដូចជា​ សត្វ​ក្រៀល ​មិន​មាន​ឃើញ​ស្លាប់​ដូច​លើក​មុន​ទេ​។​

​លោ​ក​បាន​បញ្ជាក់​ថា​៖«​កាលពី​ឆ្នាំ​២០១៨ ​មាន​សត្វ​ក្រៀលដែ​លជា​ប្រភេទ​សត្វ​កម្រ ត្រូ​វបាន​ងាប់​ ដែល​រងគ្រោះ អាច​ឈាន​ទៅដ​ល់​ការ​ផុត​ពូជ​»​។ ​យ៉ាងណា​មិញ ​តាមរយៈ​ការគ្រ​ប់គ្រង​ចំនួន២​ឆ្នាំចុង​ក្រោយ​នេះ ​លោក​មិន​មាន ឃើញ​ការ​ពុល​ស្លាប់​ទៅលើ​សត្វ​ក្រៀល​ដូច​មុន​ទេ​។

​ចំពោះ​គម្រោង​ឆ្នាំ​ទី​៤នេះ​ លោក​ប៊ូ វរ​សក្ស ថា ​លោក​មាន​បំណង​ពង្រឹង​កា​រចូ​លរួម​ដល់​ក្រុម​ប្រឹក្សា​ឃុំនិ​ង​អាច​ពង្រី​ក​ការងារ​គ្រប់​គ្រងនេះ​ទៅ​​ក្រៅ​ភូមិ​ឬ​ឃុំ​ផ្សេង​ទៀត​ដើម្បីជា​ផលប្រយោ​ជ​ន៍​សម្រាប់​សុខ​ភាព​របស់​ប្រជា​ជន ក៏​ដូច​ជា​អេកូ​ឡូស៊ី​​របស់​តំបន់​ដី​សើម និង​នៅ​ក្នុង​តំបន់​ទេស​ភាព​នេះ​ទាំង​មូល​។​

​លោក​បានប​ញ្ជាក់​ថា​៖«​នៅ​ថ្ងៃមុខលោ​ក​នឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​​ក្រុមប្រឹក្សា​ឃុំ​ឱ្យ​ទទួល​យក​ដឹកនាំ​ការ​ងារ​នេះ ស្ថិត​នៅក្រោ​ម​ការដឹ​កនាំ​​ដោយ​​ឃុំ​ផ្ទាល់ហើ​យ​​ប្រើ​ថវិកា​របស់​ឃុំដោ​យ​នេះ​អាច​រក្សា​បាន​និរន្តរ​ភា​ពដែល​ជា​គោលដៅ​​មួយ​របស់​លោក ​ក្រោយពី​​ការ​សាក​ល្បង ​៤ ​ឆ្នាំ ​ហើយ​»៕

កុសល សិរី​កន្យា​