នៅក្នុង​ជំនួប​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​កម្ពុជា លោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានសន្យា​នឹងបន្ត​គាំទ្រ​វិស័យ​ទឹកស្អាត និងពង្រីក​កិច្ចសហការ​លើវិស័យ​វិទ្យាសាស្ត្រ


បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ​កម្ពុជា ដោយលោក​ចាត់ទុក​ថា វិស័យ​ទឹកស្អាត មានសារៈ​សំខាន់​ណាស់ ដើម្បី​ជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។

លោកបានលើក​ឡើងបែប​នេះ​នៅក្នុង​ជំនួប​ជាមួយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃ​ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយភាគី​ទាំងពីរ បានពិភាក្សា​ការងារ ជុំវិញ​ការបន្ត​ការគាំទ្រ​ដល់​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា និងកិច្ចសហការ​ទ្វេភាគី។ នេះបើតាម​ក្រសួង​ឧស្សាហកម្ម បានបង្ហោះ​នៅលើ​បណ្តាញ​សង្គមហ្វេសប៊ុក។


នាឱកាស​នោះ លោក UENO Atsushi បានបង្ហាញ​សេចក្តី​រីករាយ​ចំពោះការ​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-ជប៉ុន ទៅជា «ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ» ខណៈ​ដែល​ឆ្នាំ២០២៣ នេះជា​ខួបលើក​ទី៧០ នៃទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ។

ទន្ទឹមគ្នា​នេះ ឯកអគ្គរាជ​ទូត​ជប៉ុន ក៏បានប្តេជ្ញា​ថា នឹងបន្ត​ពង្រឹង​កិច្ចសហប្រតិបតិ្តការ​ដើម្បី​គាំទ្រ​នូវរាល់​កិច្ចការ​សំខាន់ៗ​របស់​ក្រសួង​ដែលបាន​ដាក់ចេញ​នាអាណត្តិ​ទី៧នេះ។


លោកបញ្ជាក់​ថា៖«ជប៉ុន នឹងបន្ត​ពង្រឹង​កិច្ចសហប្រតិបតិ្តការ លើ​សេវាគាំទ្រ​ដូចជា ការចុះ​បញ្ជី​ផលិតផល តក្កកម្ម មន្ទីរ​ពិសោធន៍ និងស្តង់ដា ដែលសុទ្ធតែ​ជាសេវា​ដែលមាន​សារៈសំខាន់​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​ឱ្យ​វិនិយោគ​ក្នុងប្រទេស​កម្ពុជា»។

បើតាមឯក​អគ្គរាជទូត ជាអាទិភាព​បន្ថែមថ្មី​របស់​រដ្ឋាភិបាល​ជប៉ុន គឺបាន​ត្រៀម​ចែករំលែក​បទ​ពិសោធន៍​របស់​ខ្លួន ក្នុងការប្រើប្រាស់​បច្ចេកវិទ្យា រួមទាំង​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​គាំទ្រ​ដល់សហគ្រាស​ធុនតូច និងមធ្យម​នៅ​កម្ពុជា​ផងដែរ។

ក្នុងឱកាស​នោះដែរ លោក ហែម វណ្ណឌី បានថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន​ដែលតែងតែ​ផ្តល់ការ​គាំទ្រ​ដ៏រឹងមាំ​សម្រាប់​វិស័យ​ទឹកស្អាត​របស់​កម្ពុជា ទាំង​ក្នុងរាជធានី​ភ្នំពេញ និងតាម​បណ្តាខេត្ត​ជាច្រើន​នៅទូទាំង​ប្រទេស​ទាំងពេល​កន្លងមក និងរហូត​មកដល់​បច្ចុប្បន្ន។

លោករដ្ឋមន្ត្រី​បន្ត​ថា៖«វិស័យ​ទឹកស្អាត ដែលមិនត្រឹមតែ​សម្រាប់​ការប្រើប្រាស់​ក្នុងគ្រួសារ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏សំខាន់​សម្រាប់​វិស័យ​ឧស្សាហកម្ម និងសុខភាព​សាធារណៈ​ផងដែរ ហេតុនេះ​ក្រសួង​សូម​ស្នើ​ឱ្យ

រដ្ឋាភិបាល​ជប៉ុន​ពង្រីក​ការគាំទ្រ និងកិច្ចសហប្រតិបត្តិការ​លើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ហើយ​ក្រសួង​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​សហការ​ឱ្យបាន​ជិតស្និទ្ធ​ផងដែរ»។

ជុំវិញ​រឿងនេះ លោក ផុន សុគន្ធ សមាជិក​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា បានថ្លែង​គាំទ្រ ចំពោះ​ការបន្ត​ពង្រឹង​កិច្ចសហការ​រវាង​ក្រសួង និងដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​នានា ដោយចាត់ទុក​ថា តាម

រយៈ​កិច្ចសហការ​នេះ នឹងលើកកម្ពស់​ដល់​វិស័យ​ទឹកស្អាត​កម្ពុជា កាន់តែ​ប្រសើរ​ឡើង ពិសេស​ជួយពង្រឹង​សមត្ថភាព​មន្រ្តី​ជំនាញ​លើវិស័យ​នេះ​បន្ថែមទៀត។

លោកបានបន្ត​ថា៖«យើងដឹងហើយ​ថា ជប៉ុន គឺជាប្រទេស​ដែលមាន​បទពិសោធន៍​លើវិស័យ​ទឹកស្អាត និងការប្រើប្រាស់​បច្ចេកវិទ្យា រួមទាំង​បច្ចេកវិទ្យា​ឌីជីថល​ផងដែរ។ ខ្ញុំ​រំពឹង​ថា តាមរយៈ​ការជួយ​នេះ នឹងជួយ​អ្នករកស៊ី​ក្នុងវិស័យ​ទឹកស្អាត​នៅកម្ពុជា​ឱ្យមាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងការគ្រប់គ្រង​ទឹក​ប្រើប្រាស់ ដើម្បី​ឆ្លើយតប​តម្រូវការ​ប្រជាពលរដ្ឋ​កាន់តែមាន​គុណភាព​ខ្ពស់»។

បន្ថែមពីនេះ តាមរយៈ​ជំនួប​ខាងលើ ភាគី​ទាំងពីរ ក៏បាន​បង្ហាញការ​ប្តេជ្ញាចិត្ត​ក្នុងការស្វែង​រក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត ដើម្បីពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម បង្កើនភាព​ប្រកួតប្រជែង​របស់​ឧស្សាហកម្ម​ក្នុងស្រុក និងជំរុញ​កំណើន​សេដ្ឋកិច្ច​នៃប្រទេស​ទាំងពីរ​ផងដែរ។

គួរបញ្ជាក់ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ទឹកស្អាត ប្រជាពលរដ្ឋ​នៅទីប្រជុំ​ជន ១០០ ភាគរយ ទទួលបាន​សេវា​ទឹកស្អាត​ប្រើប្រាស់​នៅឆ្នាំ ២០២៥ ខណៈត្រឹមឆ្នាំ ២០៣០ សម្រេចនូវ​ការទទួល​បានសកលកម្ម និងសមធម៌​ទឹក​បរិភោគ​សម្រាប់​ប្រជាជន​ទូទាំង​ប្រទេស៕​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍