លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ចេញសារ​បន្ទាន់មួយ ដោយបាន​បញ្ជាទៅកាន់​ស្ថាប័នថ្នាក់​ជាតិ និងអភិបាល​រាជធានី ខេត្ត ត្រូវក្តាប់​ឱ្យជាប់​នូវស្ថានភាព​ទឹកជំនន់ និងត្រៀម​មធ្យោបាយ សម្ភារ ដើម្បី​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែលរងគ្រោះ​ដោយទឹក​ជំនន់ ឱ្យទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព។


ការណែនាំនេះ ស្របពេល​ដែលបញ្ហា​ទឹកជំនន់ បាននិងកំពុង​កើតមានឡើង​នៅតាម​បណ្តា​រាជធានី ខេត្ត មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ខេត្ត​ខ្លះ​បានប្រកាស​ពីកម្រិត​អាសន្ន​នៃទឹកជំនន់​ផងដែរ។

តាមរយៈ​សារសំឡេង​របស់​លោក ហ៊ុន ម៉ាណែត នៅថ្ងៃ​ទី២៩ ខែកញ្ញា បានណែនាំ​ដល់​ស្ថាប័ន​ថ្នាក់ជាតិ និង​អភិបាល​រាជធានី ខេត្ត ទាំងអស់ និងបណ្តា​កងកម្លាំង​ប្រដាប់​អាវុធ ត្រូវក្តាប់​ឱ្យ​ជាប់ តាមដាន​ឱ្យជាប់ ដោះស្រាយ​ឱ្យ​ទាន់​ពេលវេលា នៅក្នុង​ករណី​ដែលមាន​បញ្ហា​ទឹកជំនន់ ប៉ះពាល់​នៅក្នុង​តំបន់​ទទួលខុសត្រូវ​របស់​ខ្លួន ជាពិសេស​យកចិត្ត​ទុកដាក់​ទៅលើ​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ និងទ្រព្យ​សម្បត្តិ​ដែលរង​ផលប៉ះពាល់។


លោកបញ្ជាក់​ថា៖«នៅក្នុង​ដំណាក់កាល​នេះ គឺត្រូវត្រៀម​រៀបចំ​កម្លាំង មធ្យោបាយ សម្ភារ​ដើម្បី​ធ្វើយ៉ាងណា​ការសង្គ្រោះ​ទៅដល់​ប្រជាពលរដ្ឋ ក្នុងករណី​ដែលមាន​ទឹកជំនន់ ប៉ះពាល់​ក្នុងតំបន់​តាម​បណ្តា​រាជធានី ខេត្ត។

ជាមួយគ្នានេះ លោក​ប្រាប់ឱ្យ​ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បន្តតាមដាន​ឱ្យ​ជាប់ និងសហការ​ជាមួយ​គណៈអភិបាល​រាជធានី​ខេត្ត នៅក្នុង​ការត្រៀម​មធ្យោបាយ អន្តរាគមន៍​សង្គ្រោះ​បន្ថែម ក្នុងករណី​ដែល​រាជធានី-ខេត្ត ត្រូវការ។


ចំណែកអគ្គមេ​បញ្ជាការ អគ្គស្នងការ មេ​បញ្ជាការ​កងរាជ​អាវុធហត្ថ ផ្ទៃ​ប្រទេស មេបញ្ជាការ​កងទ័ព​ជើងគោក ជើងទឹក ជើងអាកាស ត្រូវត្រៀម​លក្ខណៈ ​មធ្យោបាយ កម្លាំង និង​សម្ភារ​ចាំបាច់​នៅក្នុងការ​ត្រៀម​អន្តរាគមន៍​សង្គ្រោះ ទៅដល់​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​ដែលអាច​រងគ្រោះ​ដោយសារ​ទឹកជំនន់។

ជាមួយគ្នានេះ​ដែរ លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ ត្រៀម​នូវ​ស្បៀង សម្ភារ បរិក្ខារ​ចាំបាច់ ក្នុងករណី​មានការស្នើ​សុំពី រាជធានី ខេត្ត ដើម្បី​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ។

លោកបន្ត​ថា៖«ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត គឺត្រូវ​ត្រៀម​នូវ ស្រូវ​ពូជ និងសម្ភារ​ផ្សេងៗ ក្នុងករណី​ដែលមាន​ផលប៉ះពាល់​ធំ ហើយអាចឈាន​ទៅដល់​ការស្តារ​ឡើងវិញ។ ដូចដែល​យើង​ធ្លាប់​មានហេតុការណ៍​ពីមុន​មក អ៊ីចឹង!សូមគិតគូរ​ពីការត្រៀម នៅក្នុង​ផែនការ​ស្រោចស្រង់​ឡើងវិញ​ជាការចាំបាច់​ក្នុងករណី​ដែលមាន​ការខូចខាត​ដំណាំ»។

ពាក់ព័ន្ធ​បញ្ហានេះ មន្ទីរ​ធនធានទឹក និងឧតុនិយម ខេត្ត​ពោធិ៍សាត់ នៅថ្ងៃទី ២៩ ខែកញ្ញា​នេះ បានចេញ​សេចក្តី​ជូនដំណឹង​ស្ដីពីស្ថានភាព​ទឹកស្ទឹង​ពោធិ៍សាត់ កើនឡើង​ក្នុងកម្រិត​ប្រកាស​អាសន្ន។

ជាមួយគ្នានេះ មន្ទីរ​ខេត្ត ក៏បានណែនាំ​ដល់​អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់​គ្រប់លំដាប់​ថ្នាក់ និងប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ពោធិ៍សាត់ ពិសេស​ប្រជាពលរដ្ឋ រស់នៅ​តាមដងស្ទឹង​ពោធិ៍សាត់ និងស្ទឹង​ពាក់ព័ន្ធ បង្កើន​ការយកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវគ្រោះថ្នាក់​ផ្សេងៗ ដែលអាច​កើតមាន​ឡើងដោយ​យថាហេតុ និងត្រៀម​រក​ទីទួល​សុវត្ថិភាព សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ​ដែលងាយ​រងគ្រោះ។

គួរជម្រាប​ថា ក្រៅពីខេត្ត​ពោធិ៍សាត់ ខេត្ត​ចំនួន ៤ ទៀត កំពុង​ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង ដែល​បណ្តាល​ឱ្យ​ជន់លិច​ផ្ទះ​ប្រជាពលរដ្ឋ​រួមមាន ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​ក្រចេះ និងខេត្ត​ត្បូងឃ្មុំ ជាដើម៕

Hudson-Odoi (ឆ្វេង) របស់ Chelsea ប្រជែង​ជាមួយ Aït-Nouri របស់ Wolves អំឡុង​ការ​ប្រកួត នៅ Premier League កាល​ពី​ថ្ងៃ​ពុធ​។

នាយក​ក្រុមហ៊ុនដែល​ជន​សង្ស័យស៊ី​ដាច់លុយចិន។ រូបថត សហការី