កម្ពុជា និងធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បានបង្ហាញ​ជំហរ​ពីការប្តេជ្ញា​រួមគ្នា ធ្វើ​ការងារ​លុបបំបាត់​អំពើ​ហិង្សាលើ​យេនឌ័រ​ទាំងស្រុង​ក្នុង​ឆ្នាំ២០៣០ តាមរយៈ​ពង្រឹង​ប្រព័ន្ធ​ថ្នាក់​ជាតិ​ក្នុងការ​ទប់ស្កាត់ ផ្តល់​សេវា​បន្ទាន់ និងដោះស្រាយ​អំពើ​ហិង្សា​លើ​យេនឌ័រ ដែលនៅតែ​ជាបញ្ហា​ប្រឈម។


ការបង្ហាញ​ជំហរ​នេះ ធ្វើឡើង​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​រវាង​លោកស្រី អុង សុភាវី រដ្ឋលេខាធិការ ​ប្រធាន​ក្រុមការងារ​យេនឌ័រ​ក្រសួង​មហាផ្ទៃ និងលោកស្រី Veronica Mendizabal Joffre អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​អភិវឌ្ឍ​យេនឌ័រ និងសង្គម (CCGE) នៃធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កាលពី​ថ្ងៃទី២៧​ខែកញ្ញា ឆ្នាំ ២០២៣។ នេះបើតាម​ក្រសួង​មហាផ្ទៃ។

នាឱកាស​នោះ លោកស្រី Veronica Mendizabal Joffre បានលើកឡើង​ថា បច្ចុប្បន្ន ADB កំពុង​ផ្ដល់​ឥណទាន​ឥតសំណង ការអនុវត្ត​គម្រោង​ទាក់ទង​ទៅនឹង​ការប្រឆាំង​អំពើ​ហិង្សា​លើ​យេនឌ័រ ហើយ​គម្រោង​នេះ ទាក់ទង​ទៅនឹង​ការពង្រឹង​ប្រព័ន្ធ​ថ្នាក់ជាតិ ស្ដីពី​ការទប់ស្កាត់ និងដោះស្រាយ​អំពើ​ហិង្សា​លើ​យេនឌ័រ នៅ​កម្ពុជា។ លោកស្រី​បានសង្កេតឃើញ​ថា នាពេល​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ក្រសួង​មហាផ្ទៃ បានអនុវត្ត​សកម្មភាព​ការងារ​ជាច្រើន ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​យេនឌ័រ។


លោកស្រីបញ្ជាក់​ថា៖«ការប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​សម្រេច​បាននូវ​ការលុបបំបាត់​អំពើ​ហិង្សា​លើ​យេនឌ័រ​ទាំងស្រុង​ក្នុង​ឆ្នាំ២០៣០ ដូច្នេះ ADB សង្ឃឹម​ថា ក៏ជា​ចំណែកមួយ ក្នុងការ​ចូលរួម​លុបបំបាត់​អំពើ​ហិង្សា​នេះ ទាំងស្រុង​ផងដែរ»។

លោកស្រី បន្ថែម​ថា ADB ក៏មាន​គម្រោង​ពង្រឹង​ប្រព័ន្ធ​ថ្នាក់ជាតិ ដើម្បី​ទប់ស្កាត់ និងដោះស្រាយ​អំពើ​ហិង្សា​លើ​យេនឌ័រ ហើយ ADB សង្ឃឹម​ថា គម្រោង​នេះ នឹងអនុម័ត​ចេញ​ជារូបរាង ចុង​ឆ្នាំ២០២៤ ខាងមុខ ហើយគោលដៅ​អនុវត្ត​គម្រោង​នេះ​មាន​ចំនួន ៣ រួមមាន ពង្រឹង​គោលនយោបាយ, ផ្ដល់​សេវា​បន្ទាន់ ពង្រឹង​ការយល់ដឹង ក៏ដូចជា​ការចូលរួម​របស់​សហគមន៍។


ក្នុងឱកាស​នោះលោកស្រី អុង សុភាវី មានប្រសាសន៍​ថា ការងារ​យេនឌ័រ​នៅមាន​បញ្ហាជាច្រើន​ដែលត្រូវ​ជជែកគ្នា ពាក់ព័ន្ធ​បញ្ហា​ប្រឈម និងតម្រូវការ​នានា ក្នុងការអភិវឌ្ឍ​សកម្មភាព​ជាតិ ទាក់ទង​ទៅនឹងការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​យេនឌ័រ។ លោកស្រី បានថ្លែង​អំណរគុណ​ចំពោះ លោកស្រី Veronica Mendizabal Joffre ដែលបាន​ដាក់ចេញ​នូវគោលដៅ​ចំនួន ៣ ខាងលើ​នេះ ក្នុងការជួយ​ប្រទេស​កម្ពុជា ជាពិសេស​ជួយ​ទៅ​លើ​ស្ដ្រី។ លោកស្រី ក៏បានបង្ហាញ​មោទនភាព​ចំពោះស្ដ្រី​នៅ​កម្ពុជា ដែលមាន​ការយកចិត្ត​ទុកដាក់​ពីអង្គការ​ដៃគូ​នានា ពិសេស គម្រោង​អភិវឌ្ឍ​អាស៊ី។

លោកជម្រាបជូន​ថា៖«សម្រាប់​អាណត្តិ​ទី៧​នេះ រាជរដ្ឋាភិបាល នឹងធ្វើ​ផែនការ​សកម្មភាព​ជាតិ​មួយ ដើម្បី​ទប់ស្ដាត់​អំពើ​ហិង្សាលើ​យេនឌ័រ សម្រាប់​ឆ្នាំ២០២៤ និង២០២៨ ដោយមាន​ការចូលរួម​ពីដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គមស៊ីវិល និងរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ»។

លោកស្រី​គូសបញ្ជាក់​ថា នាពេល​កន្លងមក ការប្ដេជ្ញា​ចិត្តខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទាក់ទង​ទៅនឹង​ការទប់ស្កាត់​អំពើ​ហិង្សា​លើ​យេនឌ័រ គឺជាអាទិភាព​ចម្បង ដែលត្រូវ​យកចិត្តទុក​ដាក់បំផុត។

ជាថ្មីម្ដង​ទៀត តាងនាម​ឱ្យ​ក្រុមការងារ​យេនឌ័រ​របស់​ក្រសួង​មហាផ្ទៃ​លោកស្រី អុង សុភាវី បានថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែលមាន​ការចាប់​អារម្មណ៍​មកលើ​ក្រសួង​មហាផ្ទៃ ព្រមទាំង​ចូលរួម​គាំទ្រ ទាំង​ធនធាន និងបច្ចេកទេស៕