ភ្នំពេញៈ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ ២០២៤ ចំនួន ២ ដុល្លារ និងការបន្ថែមចំនួន ២ ដល្លារ ពីរាជរដ្ឋាភិបាល ធ្វើឱ្យប្រាក់ឈ្នួលដែលកម្មករនឹងទទួលបានមានចំនួន ២០៤ ដុល្លារ ក្នុង ១ ខែ ដែលនឹងត្រូវចាប់ផ្តើមអនុវត្តពីដើមខែមករា ឆ្នាំ ២០២៤ តទៅ។
ការសម្រេចនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានារសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ ដែលមានការចូលរួមពីភាគីក្រសួងការងារ តំណាងរាជរដ្ឋាភិបាល, ភាគីសហជីពតំណាងកម្មករនិយោជិត និងតំណាងភាគីនិយោជក សរុបចំនួន ៥១ រូប។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានឱ្យដឹងថា ទោះបីជាមានកិច្ចប្រជុំសរុបចំនួន ២០ លើក តែភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិត បានលើកនូវតួលេខចំនួន ២ ផ្សេងគ្នា គឺតួលេខ ២០៤ ដុល្លារអាមេរិក និង ២១៣ ដុល្លារអាមេរិក។
ចំណែកតំណាងភាគីនិយោជក បានលើកនូវតួលេខចំនួន ២០២ ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ កំណត់យកតួលេខចំនួន ២០២ ដុល្លារអាមេរិក ជាតួលេខចុងក្រោយ។ សេចក្តីប្រកាសបន្តថា៖ «ឈរលើលទ្ធផលនៃការបោះឆ្នោតនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សូមស្នើតួលេខ ២០២ ដុល្លារអាមេរិក»។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ដោយសម្រេចបន្ថែម ២ ដុល្លារក្នុង ១ ខែ ទៅលើតួលេខ ២០២ ដុល្លារដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ ២០២៤ គឺ ២០៤ ដុល្លារ ក្នុង ១ ខែ។
លោកបន្តថា យោងលើសំឡេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងកំណត់តួលេខ ២០២ ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៤។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះតាំងពីពេលចាប់ផ្តើម។ ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាននៃលទ្ធភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិយោជក ខ្ញុំបានសម្រេចបន្ថែម ២ ដុល្លារ ទៅលើតួលេខ ២០២ ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា»។
លោកបន្តថា៖ «ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ ២០២៤ គឺ ២០៤ ដុល្លារ ក្នុង ១ ខែ។ ខ្ញុំសូមឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់បងប្អូនកម្មករ និយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន»។
ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះដែរលោក ហ៊ុន ម៉ាណែត ក៏បានប្រាប់ទៅដល់កម្មករនិយោជិត និងសាធារណជនដែរថា លោកនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។
លោកថា ៖ «ទន្ទឹមនឹងនេះខ្ញុំនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកាខាងមុខដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជាសំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែមនិងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ»។
លោក គឹម ចាន់សំណាង ជាតំណាងភាគីសហជីពបានប្រាប់ឱ្យដឹងថា សហជីពពេញចិត្តចំពោះតួលេខនេះដែលជាលទ្ធផលចុងក្រោយសម្រាប់ការផ្តល់ជូនដល់កម្មករនិយោជិត ដោយសារជាធម្មតាការដំឡើងប្រាក់ឈ្នួលតែងតែមានការស្រាវជ្រាវលើទឡ្ហីករណ៍ទាំង ៧ ចំណុច ប៉ុន្តែក៏ត្រូវមើលទៅលើការប្រកួតប្រជែងប្រទេសជិតខាងផងដែរ។
លោកបានប្រាប់ថា៖ «អ៊ីចឹង បើយើងដឹងថា ស្ថានភាពមិនថាតែប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលនឹងមានការប៉ះពាល់ដូចនេះជាហេតុដែលនាំឱ្យសហជីពយើងទាំងអស់គ្នាធ្វើការពិចារណាចុងក្រោយដោយបោះឆ្នោតយកតួលេខណាមួយដែលជាតួលេខដើម្បីជួយដល់បងប្អូនកម្មករយើងបន្តការងារបានបន្តទៀត»។
លោកណាង សុធីតំណាងភាគីនិយោជក បានប្រាប់ដែរថា ការដំឡើងចំនួន ៤ ដុល្លារបន្ថែមនេះ ខាងភាគីនិយោជកអាចទទួលយកបាន។ លោកបានប្រាប់ថា ៖ «តួលេខនេះដូចមិនអីទេ ខាងនិយោជកអាចទទួលយកបាន ដែលតួលេខនេះស័កិ្តសមដែលយើងអាចទទួលយកបាន។ មានការដោះដូរជាមួយនឹងរាជរដ្ឋាភិបាលក្នុងការសម្រួលតម្លៃភ័ស្តុភារកម្មដែលកន្លងមករាជរដ្ឋាភិបាលមិនទាន់បានយកចិត្តទុកដាក់ ហើយសង្ឃឹមថា អាណត្តិទី៧ នេះ សម្តេចបវរធិបតីនឹងពិចារណាកាត់បន្ថយភ័ស្តុភារកម្មដែលជាបន្ទុកបន្ថែមលើការដឹកជញ្ជូនវាយនភណ្ឌ ដែលយើងរំពឹងថា អាចនឹងថយចុះ ៣០%»។
លោក ណាង សុធី បន្តថា ការដំឡើងនេះមិនប៉ះពាល់អីធំដុំទេ តែគ្រាន់តែអ្នកបញ្ជាទិញមិនសូវសម្បូរ ហើយសម្រាប់ជីវភាពរបស់កម្មករ ក៏មិនជាប្រសើរខ្លាំងតែក៏មិនអាក្រក់ខ្លាំងដែរ។
លោក គឹម ចាន់សំណាង បានបន្ថែមថា នៅពេលដែលការដំឡើងប្រាក់ឈ្នួលដែលអាចទទួលយកបានលោកគិតថា ការបញ្ជាទិញនឹងមានការកើនឡើងហើយចំនួនសមាជិកក្នុងគ្រួសាររបស់កម្មករនិយោជិតក៏នឹងកើនចំនួនអ្នកដែលអាចមានការងារធ្វើផងដែរ ដែលធ្វើឱ្យជីវភាពរបស់ពួកគាត់មានភាពល្អប្រសើរ។
កម្មការិនីនៅរោងចក្រ ខាលីនតុនក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម អ្នកស្រី វ៉ិច សេងវ៉ាន បានប្រាប់ឱ្យដឹងបន្ទាប់ពីដឹងព័ត៌មានពីការដំឡើងប្រាក់ឈ្នួលនេះថា អ្នកស្រីចង់បានប្រាក់ឈ្នួលបន្ថែមចន្លោះពី ១០ ដុល្លារ ទៅ ២០ ដុល្លារ ប៉ុន្តែសម្រាប់តួលេខនៃការឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ ២០២៤ បានតែ ៤ ដុល្លារវាតិចពេក ប៉ុន្តែក៏ល្អដែរ។ អ្នកស្រីបានថ្លែងថា៖ «វាតិចពេក ដោយសារឥឡូវរោងចក្រមិនសូវមានការងារធ្វើហើយស៊ីតែប្រាក់ខែមិនមានប្រាក់ថែមម៉ោងដូចមុននោះទេ ខណៈតម្លៃអីវ៉ាន់ឡើងថ្លៃស្ទើរគ្រប់មុខ»។
ប៉ុន្តែទោះជាយ៉ាងណាការដំឡើងចំនួន ៤ ដុល្លារបន្ថែមនេះ ក៏អ្នកស្រីទទួលយកបានដែរ ព្រោះរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ដល់កម្មករនិយោជិតដែលធ្វើការនៅតាមរោងចក្រសហគ្រាស៕