ភ្នំពេញៈ មជ្ឈមណ្ឌលធនធាន របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី ២៧ ខែ កញ្ញា ដែលនេះជាចំណុចស្នូលនៃកេរដំណែលរបស់ អ.វ.ត.ក. និងជាមជ្ឈមណ្ឌលសម្រាប់សាធារណជនក្នុងការសិក្សាស្រាវជ្រាវ និងស្វែងរកព័ត៌មាន បន្ទាប់ពីការបញ្ចប់ដំណើរការ នីតិវិធីតុលាការ។
ពិធីសម្ពោធនេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមន្ត្រីស្ថានទូតប្រចាំកម្ពុជា និងសហប្រធាននៃក្រុមមិត្ត អ.វ.ត.ក. រួមមាន លោកអ៊ូ អ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនលោក ហ្សាក់ ប៉ឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំង, លោក Joseph SCHEUER អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េខាងត្បូង និងសមាជិកដៃគូអនុវត្តន៏ដទៃទៀតផងដែរ។
មជ្ឈមណ្ឌលធនធាននេះ មានសមាសភាពសំខាន់ៗ ចំនួន ៦ ដែលរួមមានបណ្ណាល័យ និងកន្លែងស្រាវជ្រាវ, គេហទំព័រថ្មីដែលកំពុងកែលម្អ និងធ្វើបច្ចុប្បន្នភាពប្រកបដោយភាពច្នៃប្រឌិត, និហិតដ្ឋានបណ្ណសារ, បន្ទប់ប្រើប្រាស់ពហុបំណងសម្រាប់រៀបចំសិក្ខាសាលានិងតុលាការនិម្មិត, បន្ទប់ពិគ្រោះយោបល់ និងតាំងពិព័រណ៍ និងឧទ្យានសម្រាប់ការចងចាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អ.វ.ត.ក.។
លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. ថ្លែងថា អ.វ.ត.ក. មានមោទនភាពក្នុងការសម្ពោធមជ្ឈមណ្ឌលធនធាន និងប្រកាសផ្សព្វផ្សាយវីដេអូខ្លីអប់រំ ជាស៊េរី។ លោកមានប្រសាសន៍ថា៖ «ការបង្កើតមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. គឺឆ្លើយតបទៅនឹងតម្រូវការក្នុងការអនុវត្តការងារផ្សព្វផ្សាយ និងអប់រំពាក់ព័ន្ធនឹងដំណើរការជំនុំជម្រះក្តី និងការងារគ្រប់គ្រងបណ្ណសារឱ្យបានទូលំទូលាយដល់សាធារណជន និងតាមដានការអនុវត្តគម្រោងនានា ដែលបានសម្រេចផ្តល់ឱ្យដល់ដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះនៃរបបខ្មែរក្រហម»។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក. ដែលជាអធិបតីក្នុងពិធីសម្ពោធនេះបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល អ.វ.ត.ក. សម្រេចបានទាំងផ្នែកយុត្តាធិការ និងមិនមែនយុត្តាធិការ។
លោកក៏បានអរគុណដល់ភាគីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលបានផ្ដល់ការគាំទ្រដល់ដំណើរការកាត់សេចក្ដីទៅដោយរលូន ទាន់ពេលវេលា និងទទួលបានជោគជ័យ។
យោងតាមការប្រកាសរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក វង្សី វិស្សុត បានថ្លែងថា៖ «ខ្ញុំគិតថា នេះជាជោគជ័យរួមរបស់រាជរដ្ឋាភិបាល,អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិ ដែលបានធ្វើឱ្យសាលាក្តីកូនកាត់នេះ ក្លាយជាតុលាការគំរូមួយ សម្រាប់ឱ្យប្រទេសនានាក្នុងតំបន់ និងសកលលោកសិក្សា និងយកធ្វើជាគំរូក្នុងការបង្កើតតុលាការវិនិច្ឆ័យទោស ចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរនាពេលអនាគត ក្នុងបុព្វហេតុស្វែងរកសន្តិភាពក្រោយសង្គ្រាម ឬជម្លោះរ៉ាំរ៉ៃផ្ទៃក្នុង»។
ទោះបីជាដំណើរការជម្រះក្ដីរបស់ អ.វ.ត.ក. ត្រូវបានបិទបញ្ចប់ជាស្ថាពរក្ដី តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ បានបន្តផ្ដល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ដោយអនុលោមតាម «កិច្ចព្រមព្រៀងបន្ថែមស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» ដែលបានឯកភាពគ្នាកាលពីឆ្នាំ ២០២១។
លោក វង្សី វិស្សុត បន្តថា ការបង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់កេរដំណែល ពាក់ព័ន្ធនឹងបណ្ណសារនៃអង្គជំនុំជម្រះរបស់សាលាក្ដីខ្មែរក្រហម ដើម្បីអនុញ្ញាតឱ្យសាធារណជនអាចចូលមើល និងសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
នាឱកាសនោះដែរ លោក ហ្សាក់ ប៉ឺឡេ ដែលជាសហប្រធាន «ក្រុមមិត្ត អ.វ.ត.ក» ជាមួយឯកអគ្គរាជទូតជប៉ុន បានរំឭកពីការប្រកាន់ខ្ជាប់របស់ប្រទេសបារាំងប្រឆាំងនិទណ្ឌភាព និងការគាំទ្រ អ.វ.ត.ក ចាប់តាំងពីពេលដែលស្ថាប័ននេះត្រូវបានបង្កើតឡើង។ កេរមរតករបស់អ.វ.ត.ក ត្រូវតែទទួលបានការថែរក្សាដើម្បីចូលរួមចំណែកធ្វើឱ្យការចងចាំអំពីជនរងគ្រោះ មិនត្រូវបានគេបំភ្លេច និងដើម្បីចៀសវាងកុំឱ្យភាពសាហាវព្រៃផ្សៃ វិលត្រឡប់មកសាជាថ្មី។
យោងតាម អ.វ.ត.ក.នាពិធីនោះក៏មានការប្រកាសដាក់ឱ្យដំណើរការផ្សព្វផ្សាយកម្មវិធីវីដេអូខ្លីអប់រំ ជាស៊េរី ដែលខ្លឹមសារនៃវីដេអូអប់រំនេះ គឺដកស្រង់ចេញពីឯកសារ កំណត់ត្រា និងបណ្ណសារ ដែលរំលេចនូវប្រធានបទជាច្រើនទាក់ទងនឹងការជំនុំជម្រះក្តី និងការស៊ើបអង្កេតក្តីក្នុងរយៈពេល ១៦ ឆ្នាំ៕