ភ្នំពេញៈ អូស្ត្រាលី និង​កម្ពុជា បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់ អំពី​ផែនការ​យុទ្ធ​សា​ស្ត្រ​បញ្ជ្រាប​យេនឌ័រ របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង​នវានុវត្តន៍ ដើម្បី​រួមគ្នា​ជំរុញ​សមភាព​យេនឌ័រ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម​។


​សិក្ខាសាលា​នេះ​ធ្វើឡើង នៅ​សណ្ឋាគា​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​ ២៨ ខែកញ្ញា គាំទ្រ​ដោយ​កម្មវិធី​ភាពជា​ដៃគូ កម្ពុជា អូស្ត្រាលី​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់ ដោយមាន​ការចូលរួម​ពី​ម្ចាស់​សហគ្រាស​ធុន​​តូច និង​មធ្យម សមាគម ធុរកិច្ច អង្គការ​មិនមែន​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​ក្រសួង​ពាក់ព័ន្ធ​នានា​។

​លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ថ្លែងថា ក្រសួង​បាន​ប្តេជ្ញា​លើកកម្ពស់​ស្ត្រី កុមារ និង​ជន​មាន​ពិការភាព ក្នុង​ការធ្វើ​កិច្ចការងារ​តាម​ស្ថាប័ន​ផ្សេងៗ​សំដៅ​សម្រេចបាន​សម​ភាព​យេនឌ័រ ឱ្យ​ពួកគេ​ទទួលបាន​ប្រយោជន៍​ពិតប្រាកដ​ប្រកប​​ដោយ​សមធម៌​។


លោក​ថ្លែងថា​៖ «​ក្រសួង​ប្តេជ្ញា​ក្នុងការ​ជំរុញ​សម​ភាព​យេនឌ័រ ពិការភាព និង​បរិ​យា​ប័ន្ន​សង្គម​នៅក្នុង​ការងារ​របស់​យើង​។ ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេន​​ឌ័​រ​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅរក​ការសម្រេច​គោលដៅ​នេះ​»​។

​លោក ហែម វណ្ណឌី បន្ថែមថា តាមរយៈ​ការប្រកាន់យក​គោល​ការណ៍​បរិ​យា​ប័ន្ន ក្រសួង​ឧស្សា​ហក​ម្ម នឹង​ចាប់យក​សក្តានុពល ដែល​មិនទាន់បាន​ប្រើប្រាស់​នៅក្នុង​សហគមន៍ និង​រួមចំណែក​កាន់តែ​ប្រសើរ​ឡើងដល់​យុទ្ធ​សាស្ត្រ​បញ្ច​កោណ ដែល​ផ្តោតលើ​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​និរន្តរភាព​។


​លោក ចា​ស្ទី​ន វ៉ា​យ​អេ​ត ឯក​អគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​សម្តែង​ក្តី​រីករាយ​ដែលមាន​កិច្ចសហការ​នៃ​ភាពជា​ដៃគូ​ជាមួយ​ក្រសួង​ឧស្សាហកម្ម​លើ​គំនិត​ផ្តួច​​ផ្តើម​ក្នុងការ​បញ្ជ្រាប​សមភាព​យេនឌ័រ ដើម្បី​ជំរុញ​ការងារ​ស្ត្រី​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​។

លោក​ថា​៖ «​យើង​ពិត​ជាមាន​មោទនភាព​ណាស់​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ​ក្រសួង​លើ​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​នេះ​។ យើង​ជឿជាក់ថា ផែនការ​យុទ្ធសាស្ត្រ​នេះ​នឹង​ជួយ​ដល់​ស្ត្រី​ឱ្យទទួល​បាន​អត្ថប្រយោជន៍​ប្រកបដោយ​សមធម៌​ពីស​កម្ម​ភាព​សេដ្ឋកិច្ចកម្ពុជា​។ អូស្ត្រាលី​ប្តេជ្ញា​ជួយ​ដល់​កម្ពុជា ក្នុងការ​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់ បរិ​យា​ប័ន្ន​និង​និរន្តរភាព​»​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​ឧស្សាហកម្ម និង​ស្ថានទូត​អូស្ត្រាលី​ឱ្យដឹងថា ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​របស់​ក្រសួង​ឧស្សាហកម្ម គឺជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ក្រសួង​ក្នុងការ​ដាក់បញ្ចូល​ការ​​បញ្ជ្រាប​យេនឌ័រ​ទៅកាន់​កិច្ចការ​ងារ​នានា និង​ធ្វើការ​ឆ្ពោះទៅ​សម្រេចបាន​សមភាព​យេនឌ័រ​នៅក្នុង​ការងារ​របស់​ក្រសួង​។ ការ​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​យុទ្ធ​សា​​ស្ត្រ​បញ្ជ្រាប​យេនឌ័រ នេះ​មាន​សារៈសំខាន់​ក្នុងការ​ឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្តូរ​បរិបទ​ស​ង្គ​ម​ចំណុច​អាទិភាព​។

​លោក​ លាង ឡេង ម្ចាស់​សហ​គ្រាស​ទឹកត្រី​ លាង ឡេង បានឱ្យដឹងថា​ការបញ្ជ្រាប​សមភាព​យេន​ឌ័​រ តាមរយៈ​ការរៀបចំ​ឱ្យមាន​សិក្ខាសាលា​បែបនេះ​ជាការ​ចូល​រួម​ជួយ​ដល់​សង្គម​កម្ពុជា ដែល​អាច​ផ្តល់​ឱ្យនូវ​ព័ត៌មាន​ច្បាស់​​លាស់​ល្អ​ពាក់ព័ន្ធ​ជាមួយនឹង​ពលកម្ម​កុមារ ស្ត្រី និង​ជន​មាន​ពិការភាព​ផងដែរ ព្រោះ​ម្ចាស់​សហគ្រាស​ដែល​ប្រក​បរបរ​បែប​លក្ខណៈ​គ្រួសារ​ខ្លះ​មិនសូវ​បាន​យល់​ពី​សិទ្ធិ​កុមារ ដែល​ពេលខ្លះ​បាន​យក​កុមារ​តូចៗ​ទៅធ្វើ​ការ​ងារ​ផ្នែក​ម៉ាស៊ីន​មួយចំនួន ធ្វើការ​ងារ​លើស​កម្លាំង និង​លើស​សមត្ថ​ភាព​ផងដែរ​។ «​សិក្ខាសាលា​នេះ​អាច​នឹង​បញ្ជ្រាប​ចំណេះដឹង​ដល់ SME ក៏ដូចជា​ប្រភព​អ្នក​ប្រកប​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​ការប្រើ​ពល​​កម្ម​ហ្នឹង​។ ខ្ញុំ​គិតថា វា​ល្អ​ហើយ​អាច​កុមារ​ក្តី ជនពិការ​ក្តី ឬក៏​ស្ត្រី​ក្តី​គាត់​មាន​សិទ្ធិ​ទទួលយក​ការងារ​សមរម្យ​មួយ​ដែល​ត្រូវ​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​»៕