​ត្រី​បបែល​យក្ស​ទឹកសាប​ទម្ងន់ ៣០០ ​គីឡូក្រាម ដែល​ត្រូវបាន​រកឃើញ​នៅក្នុង ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង កាលពី​ឆ្នាំមុន បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ Guinness World Records ថា ​ជា​ត្រី​ទឹកសាប​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​។


​យោងតាម​ក្រុមការងារ​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ​(Wonders of the Mekong) ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី ​២៨ ខែកញ្ញា ឆ្នាំ ២០២៣ បានឱ្យដឹងថា​៖ «​ត្រី​បបែល​យក្ស​ទឹកសាប​ទម្ងន់ ៦៦១ ផោន (៣០០​ គីឡូក្រាម​) ដែល​ក្រុមការងារ​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​របស់​យើង​បាន​កិប​ស្លាក និង​ដោះលែង​ទៅក្នុង​ទន្លេមេគង្គ​វិញ​កាលពី​ឆ្នាំមុន ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ Guinness World Records ថា​ ជា​ត្រី​ទឹកសាប​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​»​។

​ក្រុមការងារ​អច្ឆរិយ​ភាព​នៃ​ទន្លេ​មេ​ង្គ​បន្តថា​៖ «ចាប់តាំងពី​ធ្វើការ​ដោះលែង​វា​មក យើង​បាន​ប្រមូល​ព័ត៌មាន​ដែល​មិនអាច​កាត់ថ្លៃ​បាន​ពី​ត្រី​បបែល​ដ៏​អស្ចារ្យ​នេះ តាមរយៈ​ប្រព័ន្ធ​ទ​ទូល​សញ្ញា acoustic របស់​យើង ហើយ​វា​នឹង​ជួយ​យើង​ការពារ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នេះ​»​។


​គួរ​ស​ជម្រាប​ថា មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តស្ទឹងត្រែង និង​ក្រុមការងារ​គម្រោង​អច្ឆរិយ​មេគង្គ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប (IFREDI) នៃ​ទន្លេមេគង្គ​កម្ពុជា បាន​វាស់​ថ្លឹង និង​កិប​ស្លាក​លេខ ព្រមទាំង​យក​សំណាក​ធ្វើ DNA ហើយ​បាន​លែង​បបែល​យក្ស ចូលក្នុង​ទន្លេមេគង្គ កាលពី​ថ្ងៃទី​ ១៤ ខែ ​មិថុនា ឆ្នាំ ២០២២​។ បបែល​យក្ស​នេះ​មាន​ទម្ងន់ ៣០០ គីឡូក្រាម និង​ទំហំ​ចាប់ពី​ក្បាល​ដល់​ចុងកន្ទុយ​ប្រវែង ៣៩៨ សង់ទីម៉ែត្រ និង​ទទឹង​ដងខ្លួន​ប្រវែង ២២០ សង់ទីម៉ែត្រ​។

​លោក សុខ វិជ្ជា អ្នកស្រាវជ្រាវ​ជីវចម្រុះ​នៅ​កម្ពុជា ធ្លាប់​ថ្លែងថា បបែល​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា រាប់ទាំង​នៅក្នុង​ទឹកសាប និង​ទឹកប្រៃ​មាន ១៥ ប្រភេទ ប៉ុន្តែ​ចំពោះ​ប្រភេទ​បបែល​យក្ស​ទឹកសាប​ខាងលើ ជា​ប្រភេទ​មួយ​កំពុង​រងគ្រោះ​ទៅរក​ការ​ជិត​ផុត​ពូជ ព្រោះ​សត្វ​បបែល​ប្រភេទ​នេះ​មិន​សម្បូរ​ទេ នៅតាម​ទន្លេមេគង្គ​។


​លោក​ថា បបែល​នេះ​ជាប់​ជា​ប្រភេទ​បបែល​ដែល​ធំជាងគេ​បង្អស់​នៅលើ​ពិភពលោក​ដែល​អាច​និយាយបានថា ជា​ពូជ​ត្រី​ពិសេស​មួយ​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ពពួក​ត្រី​រាជ និង​ត្រី​គល់រាំង​។​

​លោក​ថ្លែងថា​៖ «​ត្រី​បបែល​យក្ស​ហ្នឹង​មានតែ​នៅ​ខាង​ប្រទេស​ឡាវ ថៃ និង​ខ្មែរ មានតែ ៣ ប្រទេស​ហ្នឹង​ទេ ហើយ​វា​នៅតែ​តាម​បណ្តោយ​ខ្សែទឹក​ទន្លេមេគង្គ​»៕​