អ្នកនាំពាក្យរង​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹង​ថា ប្រជាពលរដ្ឋ​អាចដាក់​ពាក្យស្នើ​សុំកែ និងមោឃភាព​ទិន្នន័យ​នៃបញ្ជី​អត្រានុកូលដ្ឋាន នៅតាមរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នៃរាជធានី-ខេត្ត ដែលខ្លួន​កំពុង​រស់នៅ ដោយមិនចាំបាច់​ដាក់ពាក្យ​ស្នើមកកាន់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៅភ្នំពេញនោះទេ។


យោងតាមសារ​សំឡេង​របស់​លោក ទូច សុខៈ ដែលត្រូវបាន​ផ្សព្វផ្សាយ​នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៣ បញ្ជាក់​ថា ជាគោលការណ៍ ការស្នើ​សុំកែ និងមោឃភាព​ទិន្នន័យ​អត្រានុកូលដ្ឋាននេះ ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​តាំងពីឆ្នាំ ២០១៧ មកម៉្លេះ ដោយមិនគិត​ថវិកា​នោះទេ។ ចំពោះ​ការស្នើ​សុំកែ និងមោឃភាព​ទិន្នន័យ​នេះ ប្រជាពលរដ្ឋ​ត្រូវភ្ជាប់​មកជាមួយ​នូវឯកសារ​ដែលប្រើប្រាស់​ផ្លូវការ និងអចិន្ត្រៃយ៍ ។

លោកថ្លែង​ថា៖ «គោលការណ៍​នេះ គឺបានចាប់​ផ្តើម​សាកល្បង​តាំងពីឆ្នាំ ២០១៧ មក ពោលគឺតាំង​ពីរាជកាល ដែល សម្តេច​ក្រឡាហោម ស ខេង នៅជាឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ គឺសាកល្បង ២ ឆ្នាំ រហូតដល់​ឆ្នាំ ២០១៩ បានក្រសួង​មហាផ្ទៃ​ចេញសេចក្តី​សម្រេច បន្ត​អនុវត្តគោលការណ៍​ផ្តល់សមត្ថកិច្ច​ឱ្យរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ អាចកែប្រែ​ទិន្នន័យ និងមោឃភាព​នៃបញ្ជី​អត្រានុកូលដ្ឋាន រហូតមក​ទល់​បច្ចុប្បន្ន»។


បើតាមលោក ទូច សុខៈ ក្នុងរយៈពេល​នៃការចេញ​សេចក្តីសម្រេច​កែប្រែ និងមោឃភាព​ទិន្នន័យ នៃបញ្ជី​អត្រានុកូលដ្ឋាន​នេះ គឺមានរយៈពេល ៣០ថ្ងៃ ក្នុងថ្ងៃ​ធ្វើការ។

ដើម្បីឆ្លើយតប​ទៅនឹងការ​ផ្តល់សេវាមួយ​នេះឱ្យ​បានកាន់តែ​ប្រសើរ និងរហ័ស ​ព្រមទាំង​កាន់តែ​ជិតប្រជាពលរដ្ឋ​រស់នៅ, តាមរយៈ​ការសិក្សា​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម នឹងប្រគល់​ទាំងស្រុង​ទៅថ្នាក់​រដ្ឋបាល រាជធានី​ខេត្ត ក្រុងស្រុក ខណ្ឌ ក្នុងការកែ និងមោឃភាព​ជូន​ប្រជាពលរដ្ឋ។


សេចក្ដីណែនាំ​ស្តីពីការបន្ត​ដំណើរការ​កែតម្រូវ និងការធ្វើ​មោឃភាព​ទិន្នន័យនបញ្ជី​អត្រានុកូលដ្ឋាន ចុះហត្ថលេខា​ដោយអតីត​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃលោក ស ខេង កាលពីខែធ្នូ ឆ្នាំ ២០១៩ បានបញ្ជាក់ថា នេះគឺជាកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​មហាផ្ទៃ​ដើម្បី​ជួយសម្រួល​ដល់ប្រជាពលរដ្ឋ​ឱ្យ​ទទួលបានសេវា កែតម្រូវ និងធ្វើ​មោឃភាព​ទិន្នន័យ​នៃបញ្ជី​អត្រានុកូលដ្ឋាន កាន់តែងាយស្រួល និងទូលំ​ទូលាយ។ សេចក្តីណែនាំ​បន្តថា ៖«បច្ចុប្បន្ន ប្រជាពលរដ្ឋកាន់តែ​ច្រើនបាន​ទទួលព័ត៌មាន​អំពី​ដំណើរការ និងនីតិវិធី​នៃការកែ​តម្រូវ និងការធ្វើ​មោឃភាព​ទិន្នន័យ នៃបញ្ជី​អត្រានុកូលដ្ឋាន​នៅក្រសួង​មហាផ្ទៃ​នេះ ហើយ​បន្ត​គាំទ្រ និងមកស្នើ​សុំកែ​តម្រូវ និងធ្វើ​មោឃភាព​ទិន្នន័យ នៃបញ្ជី​អត្រានុកូលដ្ឋាន តាមរយៈ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និងនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គ​នាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួង​មហាផ្ទៃ»។

បើតាម​សេចក្តីណែនាំ ទិន្នន័យ​នៃបញ្ជី​អត្រានុកូលដ្ឋាន អាចកែ​តម្រូវ​បាន គឺជាទិន្នន័យ​​ដែលបាន​សរសេរ​ខុស ឬភាន់​ច្រឡំ​ព័ត៌មាន ដោយមន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ សង្កាត់ដូចជា ការខុសឆ្គង​អក្ខរាវិរុទ្ធ​លើ នាមត្រកូល និង/ឬនាមខ្លួន "ជាអក្សរ​ខ្មែរ" និង "អក្សរឡាតាំង” របស់​សាមីខ្លួន ឬ របស់​ឪពុក ឬ​របស់ម្តាយ (មានន័យ​ថា​សូរសំឡេង​ដូចគ្នា ឬប្រហាក់ប្រហែលគ្នា​ប៉ុន្តែការសរសេរ​ខុសគ្នា)។

ការសរសេរ​ខុស "ភេទ" នៅពេល​ចុះបញ្ជី​ដូចជា ភេទ “ប្រុស” តែសរសេរ​ដាក់ថា​ភេទ “ស្រី” ឬ ភេទ “ស្រី” តែសរសេរ​ដាក់ថាភេទ "ប្រុស”។ ការចុះបញ្ជី​ដោយភាន់​ច្រឡំ​លើថ្ងៃ​ខែឆ្នាំ​កំណើត​របស់​សាមីខ្លួន ឬរបស់​ឪពុក ឬរបស់​ម្ដាយ ជាដើម៕