ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ប្រចាំ​កម្ពុជា (AFD) បានប្តេជ្ញាចិត្ត​ក្នុងការជួយ​អភិវឌ្ឍន៍​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា តាមរយៈ​ការបន្ត​ផ្តល់​ហិរញ្ញប្បទាន និងជំនួយ​បច្ចេកទេស​សំដៅពង្រឹង​និងពង្រីក​លទ្ធភាព​ក្នុងការផ្តល់​សេវាហិរញ្ញវត្ថុ​ឱ្យ​បានកាន់តែ​ទូលំទូលាយ។

ការប្តេជ្ញាចិត្ត​របស់ AFD នេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោកស្រី ជា សិរី ទេសាភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា និងលោក Jacques Pellet ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ដែលអមដំណើរ​ដោយលោកស្រី Sandrine Boucher នាយិកា​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ប្រចាំ​កម្ពុជា (AFD)។ កិច្ចពិភាក្សា​ក្នុងជំនួប​នេះ​បានគ្រប​ដណ្តប់​លើប្រធាន​បទ​ជាច្រើនស្តីពី​សកម្មភាព​កិច្ចសហប្រតិបត្តិការ​របស់ AFD នៅកម្ពុជា​នាពេលកន្លងមក។ នេះបើតាម​ធនាគារ​ជាតិនៃ​កម្ពុជា។


នាឱកាសនោះ លោកស្រី Sandrine Boucher បានលើកឡើង​ពីសកម្មភាព​ការងារ​របស់ AFD នៅ​កម្ពុជា​ដែលរួមមាន​ដូចជាការ​ផ្តល់​ហិរញ្ញប្បទាន​ដល់គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និងការផ្តល់​ជំនួយ​បច្ចេកទេស​ដល់ស្ថាប័ន​ហិរញ្ញវត្ថុនានា​រួមទាំង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA) សំដៅគាំទ្រ​ដល់ការពង្រឹងសមត្ថភាព​ស្ថាប័ន​និងរួមចំណែក​លើកកម្ពស់​គោលកាណ៍​ការពារអតិថិជន។


បើតាមប្រភព​ខាងលើ លោកស្រី Sandrine បានបញ្ជាក់​ថា AFD ប្តេជ្ញា​បន្តកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍវិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បន្ថែមទៀត និងរីករាយ​បន្តកិច្ច​សន្ទនា​ដោយបើកចំហ​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា និងស្ថាប័នពាក់ព័ន្ធ​ដើម្បី​លើកកម្ពស់​ការផ្តល់​កម្ចី​ប្រកបដោយ​ការទទួល​ខុសត្រូវ ធ្វើ​ឱ្យប្រសើរឡើង​នូវការគ្រប់គ្រង​ហានិភ័យ និងលើកកម្ពស់​ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ»។


បន្ថែមលើ​នេះ លោកស្រី​ក៏បានលើកឡើង​ពីកិច្ចសហ​ប្រតិបត្តិការ​របស់ AFD លើផ្នែក​ផ្សេងទៀត​ដូចជា ហិរញ្ញប្បទាន​បៃតង ថាមពល ទឹកស្អាត និងអគ្គិសនី ជាដើម។

ស្របពេល​ជាមួយគ្នា​នោះលោកស្រី ជា សិរី បានកោត​សសើរដល់ AFD ដែលបានចូលរួម​​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នាពេល​កន្លងមក។ លោកស្រីបញ្ជាក់​ថា ៖«យើងសូម​អរគុណ​ចំពោះ​ការប្តេជ្ញាចិត្ត​ដ៏មោះមុត​របស់ AFD ក្នុងការបន្ត​សហប្រតិបត្តិការ​អភិវឌ្ឍ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បន្ថែមទៀត ដែលនឹង​រួមចំណែក​យ៉ាងសំខាន់​ដល់ការធ្វើ​ឱ្យ​ប្រសើរឡើង​នៃ​ជីវភាពប្រជាពលរដ្ឋ និងជំរុញ​កំណើន​សេដ្ឋកិច្ច»។

ក្នុងឱកាស​នោះដែរ លោកស្រី​ទេសាភិបាល ក៏បានស្នើ​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​ការគាំទ្រ​ដល់ការបណ្តុះបណ្តាល​ជាពិសេស​សម្រាប់មជ្ឈមណ្ឌល​សិក្សាបច្ចេកទេស​ធនាគារ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុងការពង្រីក​វិសាលភាព និងគុណភាព​សិក្សា រួមទាំងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កម្មវិធីសិក្សា និងមុខវិជ្ជា​សិក្សា។ បន្ថែមពីនេះ​លោកស្រី បានស្នើ​ឱ្យ AFD ជួយ​ពង្រឹងសមត្ថភាព​មន្រ្តីបុគ្គលិក​លើផ្នែក​គ្រប់គ្រង​សារមន្ទីរ​និងជំនាញ​ទាក់ទង​ធនាគារកណ្តាល​តាមរយៈ​ការផ្តល់​អាហារូបករណ៍ ឬការចែករំលែក​ជំនាញ​ពីជំនាញការប្រទេស​បារាំង៕