អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ប្រចាំ​កម្ពុជា​នៃអង្គការ​សហប្រជាជាតិ បានសន្យា​ជួយគាំទ្រ​លើការងារ​អាទិភាព​នានា​របស់​ក្រសួង​បរិស្ថាន ​ដែលរួមមាន​ការគ្រប់គ្រង​កាកសំណល់ ការស្តារ និងដាំ​ដើមឈើ​ឡើងវិញ ដើម្បី​ឈានឆ្ពោះទៅរក​ការបង្កើន​គម្រប​ព្រៃឈើ ៦០% និងការលើក​ស្ទួយជីវភាព​ប្រជាសហគមន៍ ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។


ការថ្លែង​គាំទ្រ​របស់​លោកស្រី Kristin PARCO ប្រធាន​បេសកកម្ម អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ប្រចាំ​កម្ពុជា បានធ្វើ​ឡើងនៅក្នុង​ជំនួប​ជាមួយ​លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៣។ នេះបើតាម​ក្រសួង​បរិស្ថាន។

ក្នុងឱកាស​នោះដែរ មន្រ្តីគម្រោង​ជំនាញ​នៃ IOM បានរាយការណ៍​លម្អិត​អំពីគម្រោង​ការងារ​សិក្សាស្រាវជ្រាវ​ស្តីពី បរិស្ថាន និងការប្រែប្រួល​អាកាសធាតុ ដែលត្រូវការ​កិច្ចសហការ​និងការចូលរួម​គាំទ្រ​ផ្នែក​បច្ចេកទេស ពីអ្នកជំនាញនៃ​ក្រសួង​បរិស្ថាន។


ជាការឆ្លើយតប​លោក អ៊ាង សុផល្លែត បានថ្លែង​អំណរគុណ​ចំពោះ​ការគាំទ្រ​លើការងារ​អាទិភាព​របស់​ក្រសួង​បរិស្ថាន ដោយលោកបាន​ផ្តល់​អនុសាសន៍ទៅកាន់ IOM ត្រូវធ្វើ​យ៉ាងណា ជួយបង្ខើច​ពេលវេលា​នៃការសិក្សា​ស្រាវជ្រាវ​ឱ្យខ្លី​ជាងមុន​ដើម្បី​ឆាប់បានឆ្លើយតប​លើការសិក្សា​ស្រាវជ្រាវ​នេះ​ឱ្យ​បានលឿន និងរហ័ស​ទាន់​សភាពការណ៍។ លោកថា​៖«បន្ថែមពីនេះ IOM គួរតែ​គិតគូរ​ផងដែរ លើ​សុវត្ថិភាព​នៃការបំលាស់ទី​របស់​ធនធាន​មច្ឆាជាតិ​នៅក្នុង​បឹងទន្លេសាប ពីព្រោះ​ថា​កន្លងមក IOM បានផ្តោត​តែលើ​ការចំណាក​ស្រុក​ដោយសុវត្ថិភាព​របស់​មនុស្ស​ប៉ុណ្ណោះ»។

លើសពីនេះ លោកក៏​បានផ្តោត​លើ​យុទ្ធសាស្រ្ត ក្នុងការគ្រប់គ្រង​សំណល់​ប្លាស្ទិក ដែលក្រសួង​បានដាក់ចេញ​នេះ នឹងបានស្នើ​ឱ្យ​ឈប់ប្រើ​ថង់ប្លាស្ទិក​តែ១ថ្ងៃ​ប៉ុណ្ណោះ​ក្នុង ១ សប្តាហ៍ ក្នុងជំហាន​ដំបូង។


លោកថា៖«ការស្នើ​បែបនេះ ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​ផ្លាស់ប្តូរទម្លាប់​ប្រើប្រាស់​ថង់ប្លាស្ទិក ហើយបន្ទាប់ពី​ពួកគាត់​ទម្លាប់​ឈប់ប្រើ​ថង់ប្លាស្ទិក បាន ១ ថ្ងៃ​ហើយ នឹងឈានទៅ​បញ្ចប់ការ​ប្រើប្រាស់​ទាំងស្រុង នាពេលអនាគត»។

ជុំវិញរឿង​នេះលោកស្រី Kristin PARCO បានយល់​ស្រប​​ចំពោះ​ការលើកឡើង​របស់លោក​រដ្ឋមន្រ្តី ហើយជឿជាក់​លើការងារ​អាទិភាព​របស់​ក្រសួង​នឹងសម្រេចបាន​លឿន ឆាប់រហ័ស តាមរយៈ​យុទ្ធសាស្រ្ត វៃឆ្លាត។

គួរជម្រាប​ថា ការងារ​អាទិភាព​របស់​ក្រសួង​បរិស្ថាន កំពុង​អនុវត្ត គឺស្រប​ទៅនឹង​យុទ្ធសាស្រ្ត​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងដំណាក់កាល​ទី១ នៃ​មុំទី២ ទី៤ និង៥ គឺធានា​ចីរភាព​នៃការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និងកសាងភាពធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ជាមួយ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ​ចំណងការទូត​នានា៕