ស្ថាប័ន​ពាក់ព័ន្ធ បន្ត​​សកម្មភាព​ផ្សព្វផ្សាយ​ពីការចំណាក​ស្រុកប្រកប​ដោយសុវត្ថិភាព​ជូនប្រជាពលរដ្ឋ​នៅក្នុងខេត្ត​បាត់ដំបង ដើម្បី​លើកកម្ពស់​ការយល់ដឹង​ដល់ពលរដ្ឋ និងចូលរួម​ទប់ស្កាត់​ការជួញដូរ​កម្លាំងមនុស្ស​ដោយខុសច្បាប់។


កាកបាទ​ក្រហម​កម្ពុជា បានឱ្យដឹង​ថា ចាប់ពីថ្ងៃ​ទី២៧ ដល់ថ្ងៃ​ទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ មន្ត្រីការិយាល័យ​អប់រំមីន និងស្តារទំនាក់ទំនង បានអម​ដំណើរ ប្រតិភូ​គណៈកម្មាធិការ​អន្ដរជាតិ​កាកបាទ​ក្រហម (អាយ.ស៊ី.អរ.ស៊ី)ប្រចាំទីក្រុងភ្នំពេញ និងប្រតិភូ​អាយ (អាយ.ស៊ី.អរ.ស៊ី) ប្រចាំទីក្រុង​ហាណូយ ចុះពិនិត្យ​ការងារផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​ពីការធ្វើ​ចំណាកស្រុកប្រកប​ដោយសុវត្ថិភាព ការទប់ស្កាត់ការ​ជួញដូរ​មនុស្ស នៅស្រុក​កំរៀង និងសេវាកម្មស្តារ​ទំនាក់ទំនង​គ្រួសារ នៅមូលដ្ឋាន​ខេត្ត​បាត់ដំបង។

ទន្ទឹមនឹងនោះដែរ ប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំទីក្រុង​ភ្នំពេញ និងទីក្រុង​ហាណូយ បានកោត​សរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​ការងារអប់រំ​ផ្សព្វផ្សាយពីចំណាក​ស្រុកប្រកប​ដោយសុវត្ថិភាព និងការងារស្តារ​ទំនាក់ទំនង​គ្រួសារ របស់​មន្ត្រីស្តារ​ទំនាក់ទំនង​គ្រួសារ ដែលធ្វើបាន​​យ៉ាងល្អ​ប្រសើរ ដោយសង្កេតឃើញថា​ប្រជាពលរដ្ឋ​មានការយល់ដឹង​ខ្ពស់ពីការធ្វើ​ចំណាកស្រុកប្រកបដោយ​សុវត្ថិភាព។


ជាមួយគ្នា​នោះដែរ ប្រតិភូ អាយ.ស៊ី.អរ.ស៊ី និងក្រុមការងារ​បានចុះ​ពិនិត្យការចែក​លិខិតដំណឹង​គ្រួសារ​របស់មន្ត្រី​ស្តារទំនាក់ទំនង​គ្រួសារ​ប្រចាំសាខាកាកបាទ​ក្រហមកម្ពុជា ខេត្ត​បាត់ដំបង នៅតាមខ្នងផ្ទះ​ដោយផ្ទាល់ និងបានវាយតម្លៃ​ខ្ពស់​ចំពោះ​ការសហការ​របស់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅក្នុងមូលដ្ឋាន​ដែលបានជួយ​សម្រួលការងារ​រហូត​ទទួលបាន​ជោគជ័យ។

ក្នុងឱកាស​នោះដែរ ប្រតិភូ អាយ.ស៊ី.អរ.ស៊ី បានពិនិត្យឃើញ​ថា លិខិតដំណឹង​គ្រួសារ​របស់​កាកបាទ​ក្រហម​កម្ពុជា ពិតជាមាន​សារៈសំខាន់​ក្នុងការជួយផ្តល់​ដំណឹង​រវាងក្រុម​គ្រួសារ និងជនជាប់ឃុំ។


ប្រភពខាងលើ​បញ្ជាក់ថា៖«ជាក់ស្តែង ក្នុងនោះមានមួយ​ករណី​ដែលគ្រួសារ​បានបាត់ដំណឹង​បងប្រុស អស់រយៈពេល ១០ ឆ្នាំ ស្មានតែ​បងប្រុស​បានទទួលមរណភាព​ទៅហើយ មិននឹកស្មានថា​បងប្រុសជាប់​នៅពន្ធនាគារ​នោះទេ ។ ពេលដែលបាន​ទទួលដំណឹង​នេះ​ក្រុមគ្រួសារ​របស់គាត់​ពិតជា​សប្បាយ​ចិត្តជាខ្លាំង និងបានថ្លែង​អំណរគុណ​ចំពោះ​កាកបាទក្រហម​កម្ពុជា ដែលបាន​ផ្តល់ដំណឹង​អំពីបងប្រុស​របស់គាត់​ដែលបាត់​ដំណឹង​អស់ជាច្រើន​ឆ្នាំ​តាមរយៈលិខិត​ដំណឹងគ្រួសារ​កាកបាទ​ក្រហមកម្ពុជា»។

គូសបញ្ជាក់បន្ថែម​ថា ការចុះពិនិត្យ​សកម្មភាព​ការងារ​របស់​មន្ត្រី​នៅតាម​សាខាគឺជា​សកម្មភាពមួយ​ដែលមានសារៈ​សំខាន់​មិនអាចខ្វះ​បាន ដើម្បី​ជួយពង្រឹង​ការអនុវត្ត​សកម្មភាព​ការងារ​ឱ្យកាន់តែ​ល្អប្រសើរ និងទទួលបាន​លទ្ធផល​តាមផែនការ​រំពឹងទុក។ លើសពីនេះទៀត ប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំទី​ក្រុង​ហាណូយ បានទទួល​នូវសារ​គន្លឹះ​សំខាន់ៗ​ពីកាកបាទ​ក្រហម​កម្ពុជា សម្រាប់យកទៅ​អនុវត្ត​សកម្មភាព​ស្តារ​ទំនាក់ទំនង​គ្រួសារនៅក្នុង​ប្រទេស​វៀតណាម ឱ្យ​សម្រេចបាន​លទ្ធផល​ដូច​កាកបាទ​ក្រហម​កម្ពុជា ធ្វើ​កន្លងមក​ផងដែរ៕