ភ្នំពេញៈ ថ្នាក់ដឹកនាំ​ខេត្ត​កែប បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ និង​កងកម្លាំង​ទាំងអស់ ចាប់ផ្ដើម​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ រក្សា​អនាម័យ បរិស្ថាន និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នៅក្នុង​ខេត្ត​ឱ្យ​កាន់តែ​ស្អាត ​និង​ទាក់ទាញដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រដែល​នឹង​ប្រារព្ធ​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០២៣​។​


​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១ ខែតុលា​ថា ក្រោយពី​មានការ​ប្រជុំ​ជាមួយ​ក្រសួងទេសចរណ៍​នៅ​ចុងខែ​កញ្ញា​ កន្លងមកនេះ ពិធីបុណ្យ​សមុទ្រ​លើក​ទី​១០ ជុំ​ទី​៣ នឹង​រៀបចំ​នៅ​ខេត្ត​កែប ដោយបាន​កំណត់​ធ្វើ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៣ ខែធ្នូ។ ​ទីតាំង​នៃ​ការរៀបចំ​ពិធីបុណ្យ​នេះ អាជ្ញាធរខេត្ត​បានកំណត់​ទីតាំង​បឋម​រួចហើយ ប៉ុន្តែ​ត្រូវតែ​រង់ចាំ​ពី​ក្រសួង​ចុះមក​ពិនិត្យ និង​សម្រេច​ប៉ុណ្ណោះ​។​

​លោក​បាន​ឱ្យដឹងទៀតថា ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ដើម្បី​រៀបចំ​ឱ្យ​ពិធីបុណ្យ​សមុទ្រ​នេះ​អាច​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ អាជ្ញាធរ​នឹង​រៀបចំ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នៅក្នុង​ក្រុងកែប​ដូចជា ការកែលម្អ​ផ្លូវ កែលម្អ​សោភណភាព​ក្រុង​ណែនាំ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទូទាំង​ខេត្ត​ឱ្យមាន​ស្មារតី​ក្នុងការ​ចូលរួម​សម្អាត​អនាម័យ ឱ្យក្លាយ​ទៅជា​ទីក្រុង​ស្អាត​ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នាពេល​ខាងមុខនេះ​។​


​លោក សោម ពិសិដ្ឋ បញ្ជាក់ថា​៖ «​គោលដៅ​បឋម​ដែល​យើង​ប្រជុំគ្នា​កន្លងមកនេះ គឺ​យើង​បណ្ដុះ​គំនិត ស្មារតី​យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ លោកគ្រូ​-​អ្នកគ្រូ ក៏ដូចជា​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ឱ្យ​យល់​ជ្រាប​ពី​ព្រឹត្តិការណ៍​ធំ​របស់​ខេត្ត ហើយ​អ្វីដែល​យើង​ត្រូវធ្វើ​បន្តទៀត គឺមាន​កម្មវិធី​ជាច្រើន ដែល​ត្រូវការ​កិច្ចសហប្រតិបត្តិការ​គ្នា​ជាមួយ​ស្ថាប័ន​ថ្នាក់ជាតិ​»​។​

​ដោយសារ​ឆ្នាំនេះ មាន​ព្រឹត្តិការណ៍​រៀបចំ​ការបោះឆ្នោត ដូច្នេះ​ពេលវេលា​នៃ​ការរៀបចំ​បុណ្យ​សមុទ្រ​នេះ គឺមាន​រយៈពេល​ខ្លី​ជាង​ឆ្នាំមុនៗ ប៉ុន្តែ​ទោះបីជា​ពេលវេលា​នៃ​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​នេះ មាន​រយៈពេល​ខ្លី​ក៏ដោយ លោ​កថា ​ក្នុងនាម​ជា​អាជ្ញាធរខេត្ត​បាន​ណែនាំ​ប្រជាពលរដ្ឋ និង​ខិតខំ​រៀបចំ​កងកម្លាំង​សម្រាប់​ការពារ​សណ្ដាប់ធ្នាប់​សាធារណៈ​ចាប់ពីពេលនេះ​តទៅ​ហើយ​។ នៅ​ឆ្នាំនេះ ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប នឹងមាន​ការរៀបចំ​ព្រឹត្តិការណ៍​កម្សាន្ត​សប្បាយៗ​ជាច្រើន​ដូចជា ព្រឹត្តិការណ៍​រត់ប្រណាំង មហោស្រព​ម្ហូបអាហារ ការតាំងពិព័រណ៍​សមិទ្ធ​ផល​នានា និង​ការប្រគំ​តន្ត្រី​ជាដើម​។​


​លោក ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក ​(PATA) បានឱ្យដឹង​ដែរ​ថា ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នេះ ជា​កម្មវិធី​ប្រចាំឆ្នាំ​ដែល​ធ្វើឡើង​សម្រាប់​ជំរុញឱ្យមាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ប៉ុណ្ណោះ​ ដើម្បី​ឱ្យមាន​កំណើន​ភ្ញៀវទេសចរ គឺ​ទាល់តែ​មានការ​ផ្សព្វផ្សាយ​សកម្មភាព​នានា ទាំង​រដ្ឋ ​និង​ឯកជន​ពី​ផលិតផល​ទេសចរណ៍​ទៅកាន់​ពិភពលោក ទើប​វា​អាចមាន​កំណើន​ទេសចរណ៍​បាន ខណៈដែល​កន្លងមក​នៅ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នៅ​កម្ពុជា​ ច្រើនតែ​ឃើញ​មានតែ​កម្មវិធី​ពិព័រណ៍​ផលិតផល​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដែល​ពិព័រណ៍​ទាំងនេះ វា​មិនបាន​បម្រើ​ដល់​សេដ្ឋកិច្ចជាតិ​ពិតប្រាកដ​នោះទេ​។​

​លោក ធួន ស៊ីណាន ​បាន​ថ្លែងថា​៖ «​ពិព័រណ៍​បែប​ហ្នឹង មិនមែនជា​សកម្មភាព​នៃ​ការទាក់ទាញ និង​ការ​ចម្រើន​សេដ្ឋកិច្ច​នោះទេ ប៉ុន្តែ​បើ​យើង​ធ្វើឱ្យ​វា​ត្រូវ​ទៅតាម​រូបមន្ត ដោយ​ពិព័រណ៍​គួរតែ​ពិព័រណ៍​ឱ្យ​ផលិតផល​ដែល​បម្រើ​នៅក្នុង​ស្រុក មិន​ថា​គ្រឿង​សង្ហា​រិម ចំណីអាហារ ឬ​វត្ថុ​អនុស្សាវរីយ៍​ទេ ទាំងនោះ​ទើប​ជាការ​ចម្រើន​»​។​

​លោក​ ថ្លែងថា អាជ្ញាធរខេត្ត និង​ក្រសួង គួរតែមាន​ការហាមឃាត់​កុំឱ្យ​មានការ​តាំងពិព័រណ៍​នូវ​ផលិតផល​ស្រា​បៀរ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង នៅក្នុង​ព្រឹត្តិការណ៍​ពិធីបុណ្យ​សមុទ្រ ដូចប្រទេស​វៀតណាម ថៃ និង​បណ្ដា​ប្រទេស​ដទៃទៀត​ផងដែរ​។​

​កាលពីចុងឆ្នាំ២០២២​កន្លងទៅ ក្រសួងទេសចរណ៍​បានរៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ស្របទៅនឹង​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក​ពីថ្ងៃ​ទី ៩-១៤ ខែធ្នូ ឆ្នាំ​២០២២ ផងដែរ​៕