ភ្នំពេញៈ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១ ខែតុលា​ថា ជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្តបាត់ដំបង​បាន​ស្រក​ទៅវិញ​បន្តិច​ហើយ និង​មិនមាន​អ្វីដែល​គួរឱ្យ​បារម្ភ​នោះទេ ខណៈ​ផ្ទៃមេឃ​ក៏​ស្រឡះ​ល្អ និង​មាន​ថ្ងៃ​រះ​ច្បាស់ ខណៈ​ស្ថានភាព​ទឹកស្ទឹង​ពោធិ៍សាត់​ក៏បាន​ស្រក​ជាង ២ តឹក​ផងដែរ​នៅ​ថ្ងៃ​ដដែល​នេះ​។


​លោក​បាន​ឱ្យដឹងទៀតថា​ ទឹកជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្តបាត់ដំបង មាន​រយៈពេល​ខ្លី តែ​វា​ក៏បាន​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ប្រជា​ជនច្រើន​គ្រួសារ​ផងដែរ​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​នោះទេ ព្រោះ​ទឺ​ក​ឆាប់​ស្រក​ទៅវិញ​លឿន ជាមួយនឹង​ការត្រៀមខ្លួន និង​ការយកចិត្តទុកដាក់រ​បស់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​ផងដែរ​។​

​លោក​សុខ លូ បញ្ជាក់ថា​៖ «​នៅពេល​ចាប់ផ្តើម​មាន​ជំនន់​ទឹកភ្លៀង យើង​បាន​ត្រៀម និង​ប្រកាស​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង​ប្រ​យ័​តុ្ន ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​ត្រៀម​ជម្លៀស​ពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ទៅកាន់​ទីទួល​សុវត្ថិភាព​ផងដែរ ជាពិសេស បងប្អូន​ដែល​រស់​នៅតាម​ដងស្ទឹង​សង្កែ​យើង​ហ្នឹង​តែម្តង​។ និយាយ​រួម ទឹក​ឥឡូវ​ស្រក​អស់ហើយ អត់​មាន​បញ្ហា​អី​ទៀត​ទេ​»​។​


​ចំណែក លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្តពោធិ៍សាត់ បាន​ស្រក​ខ្លះ​ទៅវិញ​ហើយ​ខណៈ​ទឹក​ក្នុង​ស្ទឹង​ពោធិ៍សាត់​ក៏បាន​ស្រក​ជាង​២តឹក​ផងដែរ។ ទោះជា​យ៉ាងណា បើតាម​ការព្យាកររ​បស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹងមាន​ភ្លៀង​ធ្លាក់​មកទៀត​នៅ​សប្តាហ៍​ទី១នៅក្នុង​ខែតុលា​នេះ ដោយសារ​កម្ពុជា​ទទួល​រង​នូវ​សម្ពាធទាប ប៉ុន្តែ​មិនទាន់​ដឹងថា ​តើ​កម្រិត​ទឹក​យ៉ាងណា​នៅឡើយ​ទេ​?។​

​លោក គន់ គីម អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​,​ លោក ឌិ​ត ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃទី​១ ខែតុលា ​ក៏បាន​ជួបពិភាក្សា​គ្នា ដើម្បី​រក​ដំណោះស្រាយ​ជួយ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក៏ដូចជា​ការផ្តល់​ស្បៀង និង​ស្រូវពូជ​ជាដើម ជាពិសេស​ពិនិត្យ​លើ​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ ឱ្យបាន​លឿន​បំផុត​ក្រោយ​ទឺ​ក​ស្រក​អស់​។​


​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាមរយៈ​កិច្ចប្រជុំ​នេះ ក្រុមការងារ​អន្ដរក្រសួង និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នឹង​បន្ត​ធ្វើការ​រួមគ្នា​ទៀត ដើម្បី​ពិនិត្យ តាមដាន និង​ឈានទៅ​ដោះស្រាយ​បញ្ហា​នានា​ដែល​ប្រជាជន​ជួបប្រទះ នៅពេល​វាយតម្លៃ​ពី​ផលប៉ះពាល់​រួចរាល់​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី​៣០ ខែកញ្ញា បានចេញ​សារ​តាមប្រព័ន្ធតេឡេក្រាម ដោយបាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​, កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​សហការគ្នា​យ៉ាង​សស្រាក់សស្រាំ ក្នុងការ​អន្តរាគមន៍​សង្គ្រោះ និង​នាំ​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព ព្រមទាំង​បាន​ជួយ​ដោះស្រាយ​ការលំបាក​ចំពោះមុខ​ផ្សេងៗ​ក្នុងស្ថានភាព​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង​នេះ​។

​លោក​ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ចូលរួម​សហការ និង​ចាក​ចេញពី​ទីកន្លែង​ជន់​លិចទៅ​កាន់​ទីទួល​សុវត្ថិភាព ហើយក៏​សូម​មើលថែទាំ​សមាជិកគ្រួសារ ជាពិសេស​កូនចៅ​តូចៗ​ឱ្យនៅ​ឆ្ងាយ​ពី​ទឹក ឬ​ទីកន្លែង​ហានិភ័យ​នានា​។​

​យោងតាម​ការព្យាកររបស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២៣ ឱ្យដឹងថា នៅក្នុង​ថ្ងៃ​បន្តបន្ទាប់​នេះ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) នៅលើ​អាង​មេគង្គ ថៃ ឡាវ នឹង​រំកិល​ចុះមក​ក្រោម អូសបន្លាយ​លើ​កម្ពុជា​ជាមួយនឹង​ខ្យល់មូសុង​និរតី​ខ្សោយ​។

​គិត​ត្រឹម​ថ្ងៃទី​២៩ ខែកញ្ញា ស្ថានភាព​គ្រោះមហន្តរាយ​ទឹកជំនន់​បានធ្វើឱ្យ​ប៉ះពាល់​ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​ខេត្តកំពង់ធំ រង​នូវ​ផលប៉ះពាល់​ដល់​លំនៅឋាន ស្រូវ និង​ដំណាំ​ផ្សេងៗ យ៉ាងធ្ងន់ធ្ងរ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​ ខេត្តពោធិ៍សាត់ ប៉ះពាល់​៤ ក្រុង-​ស្រុក ស្មើនឹង ២១ ឃុំ​-សង្កាត់​ ប៉ះពាល់ប្រជាពលរដ្ឋ ៣៤១០​គ្រួសារ​,​ផ្ទះ​២ ៧៨៥​ខ្នង​ស្រូវ ៥៤៤​ហិកតា និង​ជម្លៀសពលរដ្ឋ ១៤១​គ្រួសារ​។

​ប្រភព​ដដែល​ថា​ សម្រាប់​ខេត្តបាត់ដំបង​វិញ ទឹក​ហូរ​កាត់​ផ្លូវ មួយចំនួន​ក្នុង​ក្រុង និង​នៅ​ស្រុក​សំឡូត ស្រុក​ថ្មគោល និង​ស្រុក​ឯក​ភ្នំ មាន​ផលប៉ះពាល់​ស្រូវ ប្រមាណ ៥ ០០​ហិកតា និង​ប៉ះពាល់​ផ្លូវ​មួយចំនួនទៀត​។ ដោយឡែក ទឹកជំនន់​នៅ​ខេត្ត​ប៉ៃលិន​ប៉ះពាល់​ផ្ទះ​ប្រជាជន​ប្រមាណ ២១​ខ្នង រីឯ​ខេត្តកំពង់ធំ បានធ្វើឱ្យ​ប៉ះពាល់ ៧​ក្រុង​-​ស្រុក ២៩​ឃុំ​-​សង្កាត់ ប៉ះពាល់​ប្រជាជន ៦ ២៤៧​គ្រួសារ​, ប៉ះពាល់​ផ្ទះ ២ ៧២៥​ខ្នង​, ប៉ះពាល់​ស្រូវ ៣ ៥៦២​ហិកតា និង​ប្រជាជន​ជម្លៀស ២១៣​គ្រួសារ​។

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បញ្ជាក់ដែរថា ខេត្ត​នៅជាប់​មាត់សមុទ្រ និង​តាម​ដង​ទន្លេមេគង្គ មិនមាន​ផលប៉ះពាល់​នោះទេ​៕