ភ្នំពេញៈ ​បន្ទាប់ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ពី​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត ២០៤​ ដុល្លារ​ក្នុង ​១​ខែ សម្រាប់​ឆ្នាំ​២០២៤ ​មក ក្រុម​សមាគម​តំណាងឱ្យ​ខាង​និយោជក បានចេញ​សេចក្តីថ្លែងការណ៍ និង​ញត្តិ​គាំទ្រ​ ប៉ុន្តែតំណាង​កម្មករនិយោជិត អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ សម្តែង​ការខកចិត្ត​។​


​សេចក្តីថ្លែងការណ៍ និង​ញត្តិ​របស់​សមាគម​ទាំងនោះ​រួមមាន សមាគម កាបូប ស្បែកជើង និង​អេ​ឡិច​ត្រូ​និ​កកម្ពុជា​, សមាគម ស្បែកជើង​កម្ពុជា​,​សមាគម​ប្រឹក្សា​ការងារ​កម្ពុជា​,​សមាគម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា​និង​សមាគម​ផលិតផល​ធ្វើដំណើរ និង​ស្បែ​កនៅ​កម្ពុជា​ជាដើម​។​

​សេចក្តីថ្លែងការណ៍​និង​ញត្តិ​គាំទ្រ របស់​សមាគម​ទាំងនេះ បានឱ្យដឹង​ទៀតថា ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត ២០៤​ដុល្លារ​នេះ​បូករួម​នឹង​អត្ថប្រយោជន៍​ជា​កាតព្វកិច្ច​ផ្សេងទៀត នោះ​មានន័យថា បងប្អូន​កម្ម​ករ​និយោជិត​ម្នាក់ៗ អាច​ទទួលបាន​ប្រាក់​ឈ្នួល​ប្រចាំខែ​ចន្លោះ ២២១ ដុល្លារ រហូតដល់ ២៣២​ដុល្លារ​។ កម្ពុជា​ត្រូវ​រក្សា​នូវ​ភាព​ប្រកួតប្រជែង​របស់​របស់​អ្នកវិនិយោគ​ដែលមាន​ស្រាប់ និង​ទាក់ទាញ​អ្នក វិនិយោគ​ថ្មី​ផង​ដើម្បី​បង្កើត​ការងារ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​កម្លាំង​ពលកម្ម​វ័យក្មេង​ដែល​ត្រូវ​ដល់ អាយុ​ត្រូវ​ចូលប្រឡូក​ក្នុង​ទីផ្សារការងារ​។​


​ក្រុម​សមាគម​តំណាង​និយោជក​បាន​បញ្ជាក់ថា​៖«​យើងខ្ញុំ​សង្កេតឃើញថា ការចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា នៅតែ​បន្ត​ធ្វើជា​រៀងរាល់ឆ្នាំ ហើយក៏​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជា​រៀងរាល់ឆ្នាំ ដែល​ធ្វើឡើង​ស្របតាម​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច និង​សង្គម និង​ទិន្នន័យ​ពី​ប្រភព​ផ្លូវការ រួមជាមួយ​នឹង​ការគិតគូរ​វែងឆ្ងាយ​ដោយ​ផ្តោត​សំខាន់​ក្នុងការ​រក្សា​នូវ​ការងារ និង​វិនិយោគ​ដែលជា​ប្រភព​ចំណូល របស់​បងប្អូន​កម្មក​រ និយោជិត ខណៈ​មិនទាន់មាន​ប្រទេស​ណា​ផ្សេង​នៅក្នុង​តំបន់ ត្រូវបាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​នៅឡើយ​ទេ​»​។​

​ទន្ទឹមនឹង​ការបង្ហាញ​ពី​ការគាំទ្រ ក្រុម​សមាគម​តំណាង​និយោជក តាមរយៈ​ញត្តិ​គាំទ្រ​នេះ បានឱ្យ​អ្នកបញ្ជា​ទិញ​អន្តរជាតិ​មេត្តា​បន្ត​បញ្ជាទិញ​ផលិត​ផលវាយ​ន​ភណ្ឌ កាត់ដេរ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប​ពី​កម្ពុជា និង​បាន​ស្នើសុំ​រាជរដ្ឋាភិបាល​ជួយ​កាត់បន្ថយ​ចំណាយ​គ្រប់​រូបភាព និង​គ្រប់​ទម្រង់របស់​និយោជក ឬ​ម្ចាស់​សហគ្រាស ដើម្បី​រក្សាបាន​នូវ​កម្លាំង​ប្រកួតប្រជែង និង​មានលទ្ធភាព​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​ជូន​បងប្អូន​កម្មករនិយោជិត​ទៅ​ថ្ងៃមុខ​បន្តទៀត​។​


​ផ្ទុយ​ពី​ក្រុម​សមាគម​តំណាង​និយោជក ខាង​សហជីព តំណាង​កម្មករនិយោជិត អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ធ្វើការ​លើ​វិស័យ សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា បាន​សម្ដែង​នូវ​ការខកចិត្ត​ជាខ្លាំង ដែល​កម្មករនិយោជិត​ពុំ​អាច​ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា ២១៣ ដុល្លារ​ក្នុង ​១ខែ នៅ​ឆ្នាំ​២០២៤ បែរ​ជា​បានត្រឹមតែ ​២០៤ ​ដុល្លារ ក្នុង​ ១ខែវិញ​។​

​ក្រុម​តំណាង​កម្មករនិយោជិត បាន​ថ្លែងថា កន្លងមក​ដំណើរ​ក្នុងការ​ចរចា​ជា​ត្រីភាគី ក្រុម​សហជីព​ដែល​ឯករាជ្យ តែងតែ​ទាញយក​ទឡ្ហីករណ៍ និង​លើកយក​អំណះអំណាង ដោយ​ផ្អែកលើ​លក្ខណវិនិច្ឆ័យ​ទាំង ៧ ចំណុច ដែល​ដាក់ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មក​ធ្វើ​បទ​បង្ហាញ ដោយ​ភាគី​ពាក់ព័ន្ធ​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ក៏បាន​ទទួលស្គាល់ថា ចំណូល​កម្មករ​ធ្លាក់ចុះ អតិផរណា​កើនឡើង ដែល​ធ្វើ​ឱ្យកម្មករ​ជួប​បញ្ហាលំបាក​កាន់តែខ្លាំង​ឡើង។​

​លោក កត្តា អ៊​ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក កាលពី​ថ្ងៃទី​៣០ ខែកញ្ញា បាន​និយាយថា ការ​ដំឡើង​អត្រា​៤​ដុល្លារ បន្ថែ​មលើ​ប្រាក់​ឈ្នួល​ចាស់​២០០​ដុល្លារ សម្រាប់​ ២០៤​ ដុល្លារ ក្នុង​ឆ្នាំ​២០២៤ ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​២៨ ថ្មីៗ​នេះ គឺ​ការឆ្លើយតប​ទៅនឹង​អនុសាសន៍​របស់​នាយក​រដ្ឋមន្ត្រី ដោយ​ត្រូវ​ព​ន្លឿ​ន​ឱ្យបាន​ចប់​មុន​ភ្ជុំបិណ្ឌ​មកដល់​។​

​លោក​បាន​បញ្ជាក់ថា​៖«​យើង​ឃើញថា បងប្អូន​កម្មករនិយោជិត​ផ្នែក​វាយភណ្ឌ​កាត់ដេរ​សព្វថ្ងៃនេះ​មាន​ជាង​៨៣​ម៉ឺន​នាក់ ការបន្ថែម ​៤ ​ដុល្លារ គឺ​និយោជក​ត្រូវ​ចំណាយ​ជាង​ ៤០​ លាន​ដុល្លារ​ក្នុង​ ១ឆ្នាំ​។ តួលេខ​នេះ​គឺជា​ការព្រមព្រៀង​គ្នា​ពី​គ្រប់ភាគី​។ យើង​មិនអាច​ទាមទារ​ប្រាក់​ដែល​យើង​​ចង់បាន​តាមចិត្ត ទាំង​ដែល​និយោជក​គ្មាន​លទ្ធភាព​នោះទេ​»​។​

​ជាមួយគ្នា​នោះដែរ​លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​យល់ឃើញថា ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ឆ្នាំ​២០២៤​ ខាងមុខ វា​មិនមាន​ចំនួន​ច្រើន​ក៏ពិតមែន ប៉ុន្តែ​ដោយ​ទៅតាម​វិបត្តិ​សកល គឺអាច​ទទួលយកបាន ខណៈដែល​កម្មករនិយោជិត​មួយចំនួន​មិនសូវ​ខ្វាយខ្វល់​ពី​ការ​ដំឡើង​នេះ​នោះទេ ដោយសារតែ​ភាគច្រើន គាត់​ខ្វា​យខ្វល់​ពី​ការ​មាន​ការងារ​ធ្វើ​។​

​លោក​ ហ្វា សាលី បានបញ្ជាក់​ថា​៖ «​យើង​ឃើញថា បើសិនជា​យើង​ទាមទារ​ហួសហេតុ​វា​ធ្វើឱ្យ​បរិយាកាស​វិនិយោគ​អាប់អួ សម្រាប់​ពេលដែល​បច្ចុប្បន្ន យើង​ពុំ​សូវ​មាន​ការងារ​ធ្វើ​។ ម្យ៉ាង​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​យើង​នេះ សម្រាប់​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​នេះ មិនមាន​ប្រទេស​ណា​មួយដំឡើង​ប្រាក់​ឈ្នួល​នោះទេ​»​។​

​សូមជម្រាបថា ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០២៤ សម្រាប់​កម្មករនិយោជិត​ក្នុង​វិស័យ​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង ផលិតផល​ធ្វើដំណើរ និង​កាបូប ដែល​ត្រូវបាន​ដំឡើង​ដល់​២០៤​ដុល្លារ​អាមេរិក​ក្នុង​១​ខែ​នេះ បូករួម​នឹង​អត្ថប្រយោជន៍​ជា​កាតព្វកិច្ច​ផ្សេង ទៀត នោះ​មានន័យថា ​បងប្អូន​កម្ម​ករ​និយោជិត​ម្នាក់ៗ អាច​ទទួលបាន​ប្រាក់​ឈ្នួល​ប្រចាំខែ​ចន្លោះ ២២១ ដុល្លារ រហូតដល់ ២៣២​ដុល្លារ​។​នេះ​បើតាម​ក្រុម​តំណាង​សមាគម​និយោជក​៕