​ភ្នំពេញៈ ប្រធាន​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក សុខ ទូច បាន​ស្នើឱ្យ​អាជ្ញាធរ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា បញ្ឈប់​ការ​បង្ហោះ​រូបភាព​នៃ​ជនល្មើស​តាម​បណ្តាញ​សង្គម ដែល​សមត្ថកិច្ច​បង្ក្រាប​បាន ព្រោះ​វា ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​ខ្លួនឯង​។​


​លោក សុខ ទូច បាន​សរ​សេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃទី ​១ ខែតុលា ឆ្នាំ​ ២០២៣ ថា ជនរួមជាតិ​ជាទី​រាប់អាន​ក៏ដូចជា​ស្ថាប័ន​ពាក់​ព័ន្ធ គួរ​ឈប់​បង្ហោះ​បង្ហាញ​តាម​ប្រព័ន្ធ​សង្គម​នូវ​រូបភាព​បែបនេះ​ទៅ ព្រោះ​បរទេស​និង​អ្នកមាន​ផលប្រយោជន៍​ពី​វិស័យ​ទេសចរណ៍ គេ​យកទៅ​បំពុល​ពិភពលោក​ធ្វើ​ឱ្យគេ​លែង​ហ៊ាន​មក​ទស្សនា​កម្ពុជា​ទៀត ការ​បង្ហោះ​នោះ ប្រៀប​ដូច​យើង​ជា​អ្នក​បំបែក​វិស័យ​ទេសចរណ៍​កម្ពុជា​ដោយ​ខ្លួនឯង​។​

​លោកឱ្យដឹងថា​៖ «​ប្រទេស​គេ​ក៏មាន​ហេតុការណ៍​បែបនេះ​ច្រើនជាង​យើង​ទៀត​តែ​គេ​បិទបាំង​ហើយ​ចាត់វិធានការ​ដែលមាន​ប្រសិទ្ធភាព​»​។​


​លោក ជួប រតនា ប្រធាន​នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ នៃ​ក្រសួង​ទេស​​ចរណ៍ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា លោក​គាំទ្រ​ចំពោះ​ការលើក​ឡើង​របស់លោក សុខ ទូច ព្រោះ​នៅពេលដែល​នាំគ្នា​ចែក​ចាយ​ឬ​ផ្សព្វផ្សាយ ជាពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន មានការ​ផ្សព្វផ្សាយ​នូវ​រឿងរ៉ាវ​មិនល្អ​របស់​ប្រទេស​នៅលើ​បណ្តាញ​សង្គម ទាក់ទង​នឹង​ការកាប់ចាក់ និង​ឧក្រិដ្ឋកម្ម​ច្រើន នោះ​វា​មិនមាន​ផលប្រយោជន៍​ច្រើន​សម្រាប់​សង្គម​កម្ពុជា និង​ធ្វើ​ឱ្យគេ​មើល​មក​រូបភាព​កម្ពុជា​ក្នុងន័យ​អាក្រក់​ផងដែរ​។

​លោក​បញ្ជាក់ទៀតថា បើសិនជា​រូបភាព​ទាំងអស់នោះ ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម ហើយ​ត្រូវបាន​ប្រទេស​ខ្លះ យកទៅ​ផ្សព្វផ្សាយ​បន្ត​ក្នុងន័យ​ជាន់ពន្លិច​ថែមទៀត​នោះ នឹង​ធ្វើឱ្យ​កម្ពុជា​កាន់តែ​អាប់ឱន​ថែម​មួយកម្រិត​ទៀត ព្រោះ​ប្រទេស​ខ្លះ​មិន​ចង់ឱ្យ​កម្ពុជា​រីកចម្រើន​នោះទេ​។​


​លោក ​ជួប រតនា បាន​ថ្លែងថា​៖ «​ខាង​ព័ត៌មាន​ធ្វើ​ម៉េច កុំ​ធ្វើការ​ផ្សព្វផ្សាយ​រឿង​ហ្នឹង​ខ្លាំងពេក យើង​មិន​មែនបិទ​ព័ត៌មាន​ទេ នៅពេល​គេ​រឹតបន្តឹង​ការ​អនុ​វត្ត​ច្បាប់​ជាដើម គឺ​ផ្សាយ​ទៅបាន​។ យើង​ផ្សាយ​តែ​រឿង​ល្អៗ​ច្រើន​ទៅ វា​នឹង​លុបបំបាត់​រឿង​មិនល្អ​ហើយ​។ ពោលគឺ​កុំ​បង្កើន​ចំណុចខ្សោយ​ច្រើន អ្នកជិតខាង​យើង​គេ​យក​អាហ្នឹង​ទៅ​វាយប្រហារ​នឹងធ្វើ​ឱ្យ​ភ្ញៀវ​​ទេសចរ​លែង​ហ៊ាន​មកលេង​ប្រទេស​យើង​»​។

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA)​ បាន​ប្រាប់​នៅ​ថ្ងៃទី​ ១ ខែតុលា ថា ពាក់​ព័ន្ធ​នឹង​រឿង​គ្មាន​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា វា​មិនមែន​មានរឿង​ដូច​អ្វីដែល​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បានលើកឡើង​តែមួយ​នេះ​ទេ តែមាន​រឿងរ៉ាវ​ជាច្រើន​ផ្សេងទៀត​ដែល​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ ដូច​ការពិនិត្យ​មើល​លើ​សេវាកម្ម តម្លៃ និង​ការ​ផ្សព្វ​ផ្សាយ​ជាដើម​។​

​លោក​បាន​ថ្លែងថា​៖«​យើង​ត្រូវ​មើល​ភ្នំ​ទាំងមូល យើង​ពិនិត្យមើល​លើ​សេវាកម្ម​សាធារណៈ របស់​យើង ហើយ​ក្រៅពីនេះ ទៀត មានការ​ផ្សព្វផ្សាយ​សេវាកម្ម​ទូទៅ និង​ការផ្សព្វផ្សាយ​ផ្សេងៗ​ទៀត រួមចំណែក​ខ្លាំង​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​។​អ៊ីចឹង កុំ​មើល​តែមួយ​ផ្នែក​តូច​នៃ​ភ្នំ តែ​ត្រូវ​មើល​ភ្នំ​ទាំងមូល​»​។

​យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​នៅ​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា សម្រាប់​រយៈពេល ៨​ ខែ ដើមឆ្នាំ ​២០២៣ ​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៣,៥ លាន​នាក់ កើនឡើង ២៥០,៨% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​ កន្លងទៅ​។ ដោយ​ឡែក ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ គ្រា​មុន​វិបត្តិ​កូ​វីដ​ ១៩ ចំនួន​នេះ​នៅមាន​ការថយចុះ ១៩,៧% នៅឡើយ ពោលគឺ​កម្ពុជា​ទើបតែ​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ ៨០% នៃ​កម្រិត​មុន​វិបត្តិ​សម្រាប់​រយៈ​ពេល​ ៨ ​ខែ ឆ្នាំ ២០២៣​ នេះ​។

តាម​ការរំពឹងទុក កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​ក្នុង​រង្វង់​ប្រមាណ​ ៤,៥ លាន ទៅ ៥ លាន​នាក់​សម្រាប់​ពេញ​មួយឆ្នាំ​ ២០២៣ ​នេះ​។ ទេស​​ចរ​អន្តរ​ជាតិប្រមាណ ៣,៥ លាន​នាក់​នេះ ទេសចរ​ដែល​ចូល​តាមផ្លូវ​អាកា​សមាន​ចំនួន​ប្រមាណ​ ១,២​ លាន​នាក់ ដោយ​កើនឡើង ២០៦,១%​។​

ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ ២០២២ ប៉ុន្តែ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ (​មុន​វិបត្តិ​កូ​វីដ​ ១៩) តួលេខ​នេះ នៅមាន​ការថយចុះ​ប្រមាណ ៦០,៩% នៅឡើយ​។ ដូចគ្នានេះដែរ ចំនួន​ទេសចរ​អន្តរជាតិ ដែល​ចូល​តាម​ផ្លូវគោក និង​ផ្លូវ​ទឹក​សម្រាប់​រយៈពេល ​៨ ​ខែ ឆ្នាំ ​២០២៣​ នេះ មាន​ចំនួន​ប្រមាណ ២,២៨ លាន​នាក់​។

​ក្រសួង​កត់សម្គាល់ឃើញ​ថា ទេសចរ​អន្តរជាតិ​ភាគច្រើន មក​តាមផ្លូវ​គោក​ពី​ប្រទេស​ជិត​ខាង ដែលជា​ទីផ្សារ​អាទិភាព​ដ៏​សំខាន់​មួយ​៕